ចម្ងល់ដែលម៉ាក់ៗថ្មីថ្មោងចង់ដឹងនោះ តើពពោះប៉ុន្មានសប្តាហ៍ទើបគេហៅ គ្រប់ខែ ចុះកូនកើតអំឡុងប៉ុន្មានសប្តាហ៍ ហៅថាកើតមិនគ្រប់ខែ ចំណែកកូនចាស់ខែវិញប៉ុន្មានសប្តាហ៍?
Hello គ្រូពេទ្យ នឹងលម្អិតអំពីករណីកូនកើតមុនខែ កូនគ្រប់ខែ និងកូនចាស់ខែ ជាមួយអ្នកគ្រូពេទ្យឆ្មប ដែលជានាយសាលនៅផ្នែកបន្ទប់សម្រាល នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក លោកស្រី អ៊ួង លីដា។
១- កូនគ្រប់ខែ
ក្បូនពេទ្យរាប់ពីថ្ងៃទី១ នៃរដូវដែលមកខែចុងក្រោយគេ ជាថ្ងៃមានគភ៌ ដោយកំណត់រយៈពេល ៤០ សប្តាហ៍ ជាថ្ងៃគ្រប់ខែសម្រាលកូន ដែលត្រូវជា ៩ខែ១០ថ្ងៃ។ តែទោះជាកំណត់បែបនេះក្តី បើកូនសម្រាលក្រោយ ៣៧ សប្តាហ៍ទៅ ក៏ពេទ្យចាត់ទុកថា គ្រប់ខែដែរ។
ថ្ងៃទី ១ នៃរដូវចុងក្រោយៈ
អត្ថបទពាក់ព័ន្ធ៖ សញ្ញាសំខាន់ៗពេលពពោះ និងសម្រាលកូន ម៉ាក់ៗថ្មីថ្មោងត្រូវដឹង
២- កូនកើតមុនខែ
កូនកើតមុនខែ ឬការសម្រាលកូនមុនកំណត់ សំដៅទៅលើការសម្រាលកូននៅមុនរយៈពេល ៣៧ សប្តាហ៍នៃការពពោះ។ ម៉ាក់ៗដែលសម្រាលកូនមុនខែ អាចគ្រោះថ្នាក់ទាំងម្តាយទាំងកូន ដោយកូនអាចស្លាប់ ឬកូនកើតមកខ្សោយ មានបញ្ហាប្រព័ន្ធដង្ហើម ប្រព័ន្ធរំលាយ អាហារ ងាយឆ្លងមេរោគ ស្លេកស្លាំង ខាន់លឿង ខួរក្បាលមិនសូវលូតលាស់ ឯម្តាយវិញអាចប្រឈមនឹងការសម្រាលកូនមិនគ្រប់ខែពេលពពោះលើកក្រោយៗទៀត និងមានបញ្ហាផ្លូវចិត្ត។
អត្ថបទពាក់ព័ន្ធ៖ ស្រីៗគ្នាយើងកំពុងពពោះប្រយ័ត្នមែនទែន រឿងកូនកើតមិនគ្រប់ខែ
៣- កូនចាស់ខែ
ការពពោះ ឬសម្រាលកូនលើសពីរយៈពេល ៤០ សប្តាហ៍ទៅ នោះគេហៅថា កូនចាស់ខែហើយ។ គ្រូពេទ្យតម្រូវឲ្យម៉ាក់ៗទុកកូនក្នុងពោះយ៉ាងយូរបំផុតត្រឹម ៤១សប្តាហ៍៣ថ្ងៃប៉ុណ្ណោះ ទោះជាមិនឈឺពោះ ឬបែកទឹកភ្លោះក៏ដោយ។ ចំពោះមូលហេតុដែលគ្រូពេទ្យណែនាំឲ្យពពោះយ៉ាងយូរត្រឹម ៤១សប្តាហ៍៣ថ្ងៃនោះ ដោយសារ កូនចាស់ខែកាន់តែធំ ឯទឹកភ្លោះក៏រីង ធ្វើឲ្យកូនពិបាកធ្វើចលនា និងដកដង្ហើម ចំណែកការបញ្ជូនអុកស៊ីសែនពីម្តាយទៅកូនកាន់តែតិច កូនខ្សោយ ក្នុងករណីម៉ាក់ៗបណ្តែតបណ្តោយទុកយូរទៀត អាចមានគ្រោះថ្នាក់កូនស្លាប់ក្នុងពោះ។
អត្ថបទពាក់ព័ន្ធ៖ កូនចាស់ខែ ម៉ាក់ៗអាចទុកកូនក្នុងពោះ យ៉ាងយូរបំផុតប៉ុន្មាន?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]