backup og meta

ពពោះ បើមានជំងឺនេះ ប្រញាប់ព្យាបាលភ្លាម ព្រោះគ្រោះថ្នាក់ដល់ភគ៌ក្នុងផ្ទៃ!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Aug 30, 2019

    ពពោះ បើមានជំងឺនេះ ប្រញាប់ព្យាបាលភ្លាម ព្រោះគ្រោះថ្នាក់ដល់ភគ៌ក្នុងផ្ទៃ!

    អំឡុងពេលពពោះ ស្រីៗងាយ​នឹង​មាន​បញ្ហា​សុខភាព​ណាស់ ហេតុនេះ​ត្រូវ​ប្រយ័ត្ន​ប្រយែង​ឲ្យ​បានច្រើន ខណៈ​ជំងឺ​មួយ​ចំនួន ពិសេស​ការ​បង្ក​រោគ​ដោយ​ពពួក​ប៉ារ៉ាស៊ីត ដូចជាជំងឺ Toxoplasmosis ត្រូវ​ប្រញ៉ាប់​ទៅ​ពេទ្យ​ភ្លាម ព្រោះ​អាច​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​គភ៌​ក្នុង​ផ្ទៃ ដោយ​មូល​ហេតុ​ឆ្លង​ចម្បង គឺ​ពី​លាមក​ឆ្មា។ អត្ថបទនេះ “Hello គ្រូពេទ្យ’ នឹង​ប្រាប់​គ្នា​យើង​ឲ្យ​បាន​ស្គាល់​ជំងឺ​មួយ​ប្រភេទ​នេះ។

    ១- អ្វីជា Toxoplasmosis?

    Toxoplasmosis គឺ​ជា​ប្រភេទជំងឺ បង្ក​រោគ​ដោយ​ពពួក​ប៉ារ៉ាស៊ីត​ម្យ៉ាង ហើយ​​យើង​មិន​អាច​មើល​ឃើញ​នឹង​ភ្នែក​ទទេ​ ជា​ភាសា​បច្ចេកទេស​មាន​ឈ្មោះ​ថា ប៉ារ៉ាស៊ីត Toxoplasma Gondii ។ ជំងឺនេះ មិន​មាន​ភាព​ធ្ងន់​ធ្ង​រចំពោះ​សុខ​ភាព​គ្នា​យើង​ទូទៅ​ទេ ប៉ុន្តែ​អាច​មាន​គ្រោះ​ថ្នាក់ធ្ងន់ធ្ងរ​លើ​ស្រីមាន​ផ្ទៃ​ពោះ​ ​ដោយ​សារ​តែ​ពពួក​ប៉ារ៉ាស៊ីតនេះ ​អាច​ឆ្លងពី​ម៉ាក់ៗ ​ទៅ​គភ៌​ក្នុង​ផ្ទៃ​បាន ​តាម​រយៈ​សុក។ ការ​បង្ករោគ​ អាច​មាន​លក្ខណៈ​ស្រាល ឬ​ធ្ងន់​ធ្ងរ ហើយ​ផល​វិបាក​វិញ​ អាចបណ្តាល​ឲ្យ​កូន​ស្លាប់​ក្នុង​ផ្ទៃ ​លូត​លាស់​សរីររាង្គ​​យឺត និង​ប៉ះពាល់​ដល់​សរសៃ​ប្រសាទ​រហូតមាន​ការ​ខូច​ខាត​ធ្ងន់​ធ្ងរទៀតផង។ ហេតុ​នេះ ​យល់​ដឹង​ពី​វិធី​ការពារ​ជំងឺ Toxoplasmosis គឺ​ចាំ​បាច់​បំផុត ដើម្បី​ការពារភគ៌​ក្នុង​ផ្ទៃ​​ឲ្យមាន​សុខ​ភាព​ល្អ។

    ២- រោគសញ្ញាជំងឺ Toxoplasmosis

    ជា​ទូទៅ​រោគ​សញ្ញា​ជំងឺ Toxoplasmosis មិន​ត្រូវ​បាន​គេ​ដឹង​ច្បាស់នៅ​ឡើយ​​ទេ។ យើង​​អាច​មិនដឹង​ថា​ បាន​ឆ្លង​មេរោគ​ដូច​គ្នា លុះ​ត្រា​តែ​​បាន​ធ្វើ​តេស្ត ទើប​អាច​ដឹង។ ស្រីៗ​គ្នា​យើងមាន​ប្រព័ន្ធ​ភាព​ស៊ាំ​រឹង​មាំ ​ភាគ​ច្រើន​មិន​បាន​បង្ហាញ​​រោគ​សញ្ញា​​ឆ្លង​នោះ​ទេ។ ក្នុង​ករណី​ខ្លះ ​អាច​នឹង​មាន​រោគ​សញ្ញា​ទូទៅ​មួយ​ចំនួន​ ដូច​ជា ​ហើម​កូន​កណ្តុរប៉ុន្តែ​មិន​មាន​​ការ​ឈឺចាប់ ឬ​រោគ​សញ្ញា​ដទៃ​ទៀត ​ដូច​ជា​ ឈឺ​សាច់​ដុំ អស់​កម្លាំង ឈឺ​ក្បាល ក្តៅ​ខ្លួន និង​អាច​ឈឺ​បំពង់​ក ឬ​ឡើង​កន្ទួល។

    ៣- ការចម្លងរោគ និងរោគវិនិច្ឆ័យ

    ស្រី​មាន​ផ្ទៃ​ពោះ​ បាន​ឆ្លង​ជំងឺ Toxoplasmosis ត្រូវ​គេ​ជឿ​ថា អាច​ចម្លង​ទៅភគ៌​ក្នុង​ផ្ទៃ​បាន​តាម​រយៈសុក​ ពិសេស​នៅ​អំឡុង​ពេល​ត្រី​មាស​ទី ១ នៃ​ការពពោះ​តែ​ម្តង ​ថែម​ទាំង​អាច​បណ្តាល​ឲ្យ​មាន​រោគ​សញ្ញា​ធ្ងន់​ធ្ងរ​ដល់គភ៌ផង​ដែរ។ ភាគ​ច្រើន​ការ​ឆ្លង​មេរោគទៅ​គភ៌​អំឡុង​ពេល​ពពោះ​ មិន​លេច​ចេញ​នូវ​រោគ​សញ្ញាទេ​ ប៉ុន្តែ​បន្ទាប់​ពី​យើង​កើតជំងឺ​រួច ទារក​​អាច​វិវត្ត​ទៅ​ជា​ពិការបញ្ហា ស្មារតីក្នុង​ការ​រៀន​សូត្រ បញ្ហា​គំហើញ និង​ស្តាប់ជាដើម។

    ពេល​ខ្លះ ជំងឺ Toxoplasmosis ពេទ្យរកឃើញ​លើ​ស្រីៗ​មាន​ផ្ទៃ​ពោះ​ដោយ​ចៃដន្យ​ តាម​រយៈ​ឆ្លុះអេកូ។ ទោះ​យ៉ាង​ណា គភ៌​ដែល​ឆ្លង​មេរោគ ក៏​គ្មាន​បង្ហាញ​សញ្ញា​មិន​ប្រក្រតី​ណាមួយ​ដូច​គ្នា។

    បើ​ស្រីៗ​បាន​ឆ្លង​មេរោគ Toxoplasmosis ​អំឡុង​ពេល​ពពោះ​ ​មាន​វិធី​ជាច្រើន​ដើម្បី​ពិនិត្យ​មើល​ ថា​តើ​កូន​​បាន​ឆ្លង​ជំងឺនេះ​ដែរ​ ឬ​អត់? ដំបូង គ្រូពេទ្យ​នឹង​ធ្វើ​តេស្ត​ទៅ​លើ​ទឹក​ភ្លោះ ឬ​ឈាម​របស់​គភ៌ ​នៅ​ពេល​​មានការ​ឆ្លង​មេរោគ​ដំបូង។ នៅ​ដំណាក់​កាល​បន្ទាប់ គ្រូពេទ្យ​នឹង​ធ្វើ​អេកូ​ ដើម្បី​មើល​ពី​ការ​លូតលាស់​រចនាសម្ពន្ធ​។ លើស​ពី​នេះ​ទៀត គេ​អាច​បូម​ឈាមទារក​​​មក​ពិនិត្យម្តង​ទៀត ក្រោយ​សម្រាល​រួច។

    អត្ថបទ​ពាក់ព័ន្ធ៖

    • ជំងឺទី ៥ អំឡុងពេលពពោះ ជាជំងឺអ្វី? គ្រោះថ្នាក់ដែរអត់?
    • វិធីបង្ការជំងឺបម្រុងក្រឡាភ្លើង-ក្រឡាភ្លើង ពេលពពោះ
    • ស្រលាញ់ក៏ស្រលាញ់ទៅ តែប្រយ័ត្នឆ្លងរោគកាចៗសាហាវពីសត្វចិញ្ចឹម

    ៤- វិធីព្យាបាលជំងឺ Toxoplasmosis

    បើ​យើង និង​កូនយើង ​មាន​ជម្ងឺ Toxoplasmosis គ្រូពេទ្យ ​នឹង​ឲ្យ​​ប្រើ​ថ្នាំ​ផ្សះ​ដើម្បី​ព្យាបាល។ ​សំខាន់បំផុត​ ត្រូវ​ចងចាំ​ថា ​ឆាប់​ដឹង និង​ទទួល​​ការ​ព្យាបាល​ ជួយ​​ឲ្យ​ឱកាស​​ការពារករណី​​ឆ្លង​ទៅ​កូន បាន​កាន់​តែ​ខ្ពស់ ហើយ​បើ​គភ៌​បាន​ឆ្លង​មេរោគ​នេះ​រួច ​នោះ​ការ​ព្យាបាលផ្សេង​ទៀត​ នឹង​ត្រូវ​ធ្វើ ដើម្បី​ជួយ​ការពារ​ផល​វិបាក​ធ្ងន់​ធ្ងរ​។

    ៥- វិធីបង្ការជំងឺ Toxoplasmosis

    ជា​ថ្មី​ម្តង​ទៀត ​ជំងឺ Toxoplasmosis មិន​​ធ្ងន់​ធ្ងរចំពោះស្រីៗ​ពពោះ​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​រឹង​មាំទេ ប៉ុន្តែ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​កូន​ក្នុង​ផ្ទៃ​​បាន ដូច្នេះ​ ​ចាំបាច់​ណាស់​សម្រាប់គ្នា​យើង​កំពុង​ព​ពោះ ត្រូវ​ដឹង​ពី​វិធី​បង្ការ​ជំងឺ​ជា​មុន។ ខាង​ក្រោម​នេះ​ ជា​វិធីបង្ការ​ជំងឺ Toxoplasmosis កុំ​ឲ្យ​កើត​មាន​ទាំង​មើល​ខ្លួន​យើង​ផ្ទាល់ និង​កូន។

    – ចម្អិន​ម្ហូប​ក្នុង​​សីតុណ្ហភាព​សម​ស្រប និង​ត្រូវ​ប្រើ​ឧបករណ៍​វាស់​កម្តៅ​ ដើម្បី​ធានា​ថា ​សាច់គឺ​ឆ្អិន​ល្អ។ លើស​ពី​នេះ​ទៀត​សាច់​ចម្អិន​ មិន​ត្រូវ​មាន​ឈាម និង​ឆៅ​ឡើយ ឯ​ទឹក​ផ្លែ​ឈើ​វិញ​ ត្រូវ​តែ​ថ្លា​ល្អ។

    – ត្រូវ​បក​សំបក ឬ​លាង​បន្លែ និង​ផ្លែឈើ​ ឲ្យ​បាន​ស្អាត​ មុន​ពេល​ញ៉ាំ ដើម្បី​កុំ​ឲ្យ​មាន​ពពួក​មេរោគ​ប៉ារ៉ាស៊ីតឆ្លង​ចូល​ក្នុង​ខ្លួន​យើង​បាន។

    – ត្រូវ​លាង​ ជ្រុញ ចាន ប្រដាប់​ប្រដា​ប្រើ​ប្រាស់ និង​ដៃយើង​ជាមួយ​ទឹក​ក្តៅ ទឹក​សាប៊ូ​ បន្ទាប់​ពី​បាន​ប៉ះពាល់​ជាមួយ​​អាហារ​ឆៅ។

    – ត្រូវ​ពាក់​ស្រោម​ដៃ ​នៅ​ពេល​ធ្វើ​ចំការ និង​នៅ​ពេល​​ប៉ះពាល់​ជាមួយ​​ដី ឬ​ខ្សាច់​ ព្រោះអាច​មាន​លាមក​ឆ្មា​នៅក្នុង​នោះ ​ដែល​ជា​ប្រពន្ធ​ចម្ល្ងង​មេរោគចម្បង។

    – ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​ឆ្មា ​បើ​គ្មាន​ជម្រើស ​ត្រូវ​ពាក់​ស្រោម​ដៃ​នៅ​ពេល​ប៉ះពាល់​ឆ្មា ហើយ​ត្រូវលាង​ដៃ​ឲ្យស្អាត​បន្ទាប់ពី​ប៉ះ​រួច។ ​ត្រូវ​ទុក​ឆ្មា​នៅ​ខាង​ក្នុង​ផ្ទះ មិន​ត្រូវ​ទុក​វា​នៅ​ក្រៅ ឬ​បោះបង់​ចោល​ទេ ហើយ​ក៏​មិន​ត្រូវឲ្យ​ចំណី​សាច់​ឆៅ ឬ​សាច់​ចម្អិន​មិន​បាន​ល្អ​ឲ្យ​ឆ្មាយើង​​ស៊ី​ដែរ ព្រោះ​ពពួក​ប៉ារ៉ាស៊ីត អាច​ឆ្លង​ទៅ​ក្នុង​ខ្លួន​ឆ្មា ហើយ​ចម្លង​បន្ត​មក​ក្នុង​ខ្លួន​យើង។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Aug 30, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម