ការសម្រាលនៅមុន ៣៧ សប្ដាហ៍នៃការពពោះ ជាការសម្រាលកូនមុនខែ ដែលករណីនេះជួបផលវិបាកច្រើន ទាំងម្ដាយទាំងកូន ហើយអ្នកដែលប្រឈមគ្រោះថ្នាក់ខ្លាំងជាងគេគឺទារកទើបនឹងកើតនេះឯង។
ក្នុងបទសម្ភាសជាមួយ “Hello គ្រូពេទ្យ’ លោកស្រីវេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសសម្ភព និងរោគស្ត្រី នៃមន្ទីរសម្រាកព្យាបាល និងសម្ភពមាតា បានពន្យល់លម្អិតអំពីផលវិបាកផ្សេងៗនៃការសម្រាលកូនមុនខែ។
១- ផលប៉ះពាល់ចំពោះទារកកើតមិនគ្រប់ខែ
– មានបញ្ហាដង្ហើម៖ ទារកកើតមុន ៣៤ សប្ដាហ៍ មានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ ព្រោះសរីរាង្គប្រព័ន្ធដកដង្ហើម (សួត) មិនទាន់លូតលាស់ពេញលេញ មិនអាចធ្វើសកម្មភាពខ្លួនឯងបាន ដែលគ្រូពេទ្យនឹងជួយតាមវិធីដាក់សប់បំពង់ខ្យល់ដើម្បីជួយសួតទារក។
– វិបត្តិប្រព័ន្ធរំលាយអាហារ៖ ទារកកើតមិនគ្រប់ខែ មិនទាន់ចេះបឺតជញ្ជក់យកសារធាតុចិញ្ចឹមដោយខ្លួនឯងនោះទេ ឯក្រពះពោះវៀនមិនទាន់លូតលាស់ល្អ មិនអាចដំណើរការមុខងារស្រូបយកសារជាតិផ្សេងៗបាន។
– មិនគ្រប់គីឡូ កង្វះអាហារូបត្ថម្ភ៖ ស្ទើរតែ ១០០ នាក់ ទាំង ១០០ នាក់ទៅហើយ ទារកកើតមិនគ្រប់ខែ គីឡូក៏មិនគ្រប់ដូចគ្នា។ ម្យ៉ាងវិញទៀត ខណៈក្រពះពោះវៀនទារកកើតមិនគ្រប់ខែមិនទាន់អាចដំណើរដោយខ្លួនឯងបាន ពិតណាស់ទារកនឹងខ្វះអាហារូបត្ថម្ភ ដែលករណីនេះគ្រូពេទ្យអាចផ្ដល់សារធាតុចិញ្ចឹមទារកតាមសរសៃ ឬដាក់ទុយយោតាមច្រមុះទៅបំពង់អាហារ ហើយត្រូវបំប៉នសារធាតុចិញ្ចឹមចាំបាច់បន្តរាប់ខែ ទម្រាំគេអាចលូតលាស់បានដូចក្មេងធម្មតា។ ពេលទារកចេះបឺតជញ្ជក់ដោយខ្លួនឯង ទឹកដោះម្ដាយជាជម្រើសល្អបំផុត។ ករណីម្ដាយមានបញ្ហាសុខភាព ឬមិនមានទឹកដោះ ម្ដាយអាចជ្រើសរើសម្សៅទឹកដោះគោរូបមន្តពិសេសសម្រាប់ទារកកើតមិនគ្រប់ខែ។
– ខ្សោយ ខ្វះកម្ដៅ៖ រាងកាយទារកកើតមិនគ្រប់ខែ មិនទាន់លូតលាស់អស់ ឯសរីរាង្គខាងក្នុងក៏មិនទាន់ពេញលេញនៅឡើយ ជាហេតុធ្វើឲ្យមានសុខភាពខ្សោយ មិនអាចធន់ទ្រាំនឹងអាកាសធាតុ ឬបរិយាកាសខាងក្រៅបានទេ ចាំបាច់គ្រូពេទ្យត្រូវដាក់នៅទូកម្ដៅ។
– ប្រឈមការឆ្លងរោគ៖ សរីរាង្គទារកកើតមិនគ្រប់ខែនៅខ្ចីខ្លាំងណាស់ ឯប្រព័ន្ធការពារអភិវឌ្ឍមិនបានពេញលេញល្អ មិនអាចការពារបាក់តេរី ឬមេរោគដទៃទៀតនោះឡើយ អាចប្រឈមនឹងឆ្លងរោគផ្សេងៗ។
– ខាន់លឿង មានបញ្ហាភ្នែក៖ ខាន់លឿង ក៏ជារោគសញ្ញាកើតមានលើទារកកើតមិនគ្រប់ខែ ដោយសារតែថ្លើមទារកនៅក្មេងខ្ចី មិនទាន់វិវត្តពេញរូបរាង ដូច្នេះមិនអាចបោសសម្អាតជាតិប៊ីលីរូប៊ីន (ផលិតផលកាកសំណល់) ចេញពីឈាមបាន។ ទារកកើតមិនគ្រប់ខែខ្លះមានបញ្ហាភ្នែកធ្ងន់ធ្ងរដោយសារតែភ្នែកមិនទាន់អាចដំណើរការបាន សរសៃឈាមទៅចិញ្ចឹមភ្នែកមិនបានល្អ អាចពិការភ្នែក។
– ហូរឈាម៖ សរសៃឈាមទារកកើតមិនគ្រប់ខែនៅខ្ចីពេក កាលណាចរន្តឈាមបុកចុះបុកឡើង មិនទ្រាំទ្របាន ងាយនឹងបែកសរសៃឈាម ទៅជាហូរឈាមក្នុងក្រពះពោះវៀន ហើយអ្វីដែលគួរឲ្យបារម្ភនោះ គឺការហូរឈាមក្នុងខួរក្បាល បើជួយមិនទាន់ពេលទេ ទារកអាចនឹងមានបញ្ហាផ្នែកសតិបញ្ញា។
– មានជំងឺស្លេកស្លាំង៖ ទារកកើតមិនគ្រប់ខែ អាចនឹងខ្វះជាតិដែក នាំឲ្យមានជំងឺស្លេកស្លាំង មានការលំបាកក្នុងការញ៉ាំអាហារ និងលូតលាស់។ កាន់តែធ្ងន់ធ្ងរខ្លាំងឡើង អាចមានបញ្ហាបេះដូង ឬការដកដង្ហើម។ ទារកស្លេកស្លាំងត្រូវព្យាបាលដោយអាហារបំប៉នមានជាតិដែក ថ្នាំប្រើដើម្បីបង្កើនការផលិតកោសិកាឈាមក្រហម ឬករណីធ្ងន់ធ្ងរ ត្រូវបញ្ចូលឈាម។
អត្ថបទពាក់ព័ន្ធ៖
- មកដឹងលម្អិតពីករណីទារកកើតមិនគ្រប់ខែ និងមូលហេតុនៅពីក្រោយ
- មិនចង់ឲ្យប្រពន្ធបាក់ទឹកចិត្តក្រោយសម្រាលកូន ប្តីល្អមិនគួរធ្វើរឿងទាំងនេះឡើយ
២- ផលប៉ះពាល់ចំពោះស្ដ្រីសម្រាលកូនមិនគ្រប់ខែ
– អាចសម្រាលកូនមិនគ្រប់ខែពេលពពោះក្រោយៗ៖ ចំពោះស្រីៗដែលមានស្បូនមិនប្រក្រតី ឬមាត់ស្បូនខ្សោយ នោះអាចនឹងជួបករណីសម្រាលកូនមិនគ្រប់ខែ នៅពេលពពោះលើកក្រោយទៀត។
– មានបញ្ហាផ្លូវចិត្ត៖ ពេលពពោះ ស្រីៗស៊ូទ្រាំនឹងការលំបាកសព្វបែបយ៉ាង ប្រាថ្នាចង់ឃើញ និងបានថ្នាក់ថ្នមកូនឆាប់ៗ តែបែរជាមកជួបរឿងអកុសលកូនកើតមិនគ្រប់ខែ ពេលកើតភ្លាមគ្មានឱកាសនៅក្បែរកូន កូនត្រូវដាក់ចិញ្ចឹមនៅក្នុងកែវដាច់ដោយឡែកពីម្ដាយ បែបនេះងាយនឹងមានបញ្ហាផ្លូវចិត្ត។
[embed-health-tool-pregnancy-weight-gain]