តាមរយៈការចុះផ្សាយលើកមុន យើងដឹងហើយថា ទារកកើតមិនគ្រប់ខែប្រឈមបញ្ហាសុខភាពធ្ងន់ធ្ងរច្រើនមុខ តម្រូវឲ្យក្រុមគ្រូពេទ្យ និងម៉ាក់ប៉ាយកចិត្តទុកដាក់ក្នុងការថែបំប៉នបំផុត នោះទើបអាចលូតលាស់ មានសុខភាពល្អ ដូចទារកកើតគ្រប់ខែ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
តាមរយៈការចុះផ្សាយលើកមុន យើងដឹងហើយថា ទារកកើតមិនគ្រប់ខែប្រឈមបញ្ហាសុខភាពធ្ងន់ធ្ងរច្រើនមុខ តម្រូវឲ្យក្រុមគ្រូពេទ្យ និងម៉ាក់ប៉ាយកចិត្តទុកដាក់ក្នុងការថែបំប៉នបំផុត នោះទើបអាចលូតលាស់ មានសុខភាពល្អ ដូចទារកកើតគ្រប់ខែ។
លោកស្រីវេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសសម្ភព និងរោគស្ត្រី សញ្ញាបត្រមកពីប្រទេសបារាំង ដែលបម្រើការនៅមន្ទីរសម្រាកព្យាបាល និងសម្ភព មាតា នឹងប្រាប់ពីវិធីថែទាំ និងសារធាតុចិញ្ចឹមចាំបាច់សម្រាប់ទារកកើតមិនគ្រប់ខែ។
១- ការថែទាំទារកកើតមិនគ្រប់ខែ
សម័យមុន ទារកកើតមិនគ្រប់ខែ មានឱកាសតិចតួចអាចរស់រានមានជីវិត ប៉ុន្តែដោយសារវិស័យវេជ្ជសាស្ត្របច្ចុប្បន្នកាន់តែទំនើប ទារកអាចមានជីវិតប្រកបដោយសុខភាពល្អ ក្រោមការថែទាំពិសេស អាចមានរយៈពេលច្រើនសប្តាហ៍ ឬដល់ខែក៏មាន។
– ឧបករណ៍ជំនួយដង្ហើម៖ មានវិធីសាស្ដ្រច្រើនជួយការដកដង្ហើមខុសៗគ្នារបស់ទារកកើតមិនគ្រប់ខែ ដើម្បីជួយឲ្យទារកដកដង្ហើមបានត្រឹមត្រូវ។ វិធីសាស្ត្រទាំងនោះអាចមាន បំពង់ទុយោស៊កតាមមាត់ចូលក្នុងបំពង់ខ្យល់ ម៉ាស៊ីនសប់ដង្ហើម (C-PAP) ឬម៉ាសគ្របសម្រាប់ផ្តល់អុកស៊ីសែនជាដើម។
– វិធីសាស្ត្រផ្ដល់អាហារ៖ បរិក្ខារនេះដើម្បីផ្ដល់ឲ្យទារកកើតមិនគ្រប់ខែទទួលបានអាហារូបត្ថម្ភ មានខ្សែបំពង់បញ្ចូលទៅក្នុងសរសៃវ៉ែន បំពង់ស៊កបញ្ចូលក្នុងរន្ធផ្ចិត ខ្សែបំពង់សម្រាប់ផ្ដល់អាហារស៊កតាមមាត់ តាមច្រមុះ និងខ្សែបំពង់បញ្ចូលតាមសរសៃវ៉ែនធំកណ្តាល។
– ដាក់ក្នុងកែវ៖ ដើម្បីរក្សាសីតុណ្ហភាពសមស្រប បង្ការមេរោគ សំឡេងរំខាន ក៏ដូចជាអំពូលបញ្ចាំងភ្លើងប៊ីលី (Bili) ដើម្បីជួយបង្ការបញ្ហាស្បែកលឿង និងភ្នែកលឿង។
អត្ថបទពាក់ព័ន្ធ៖
២- សារធាតុចិញ្ចឹមចាំបាច់សម្រាប់ទារកកើតមិនគ្រប់ខែ
ទារកកើតមិនគ្រប់ខែ និងទារកកើតគ្រប់ខែមិនដូចគ្នានោះទេ ខណៈកូនកើតគ្រប់ខែទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ពីម្ដាយ មុននឹងត្រៀមលក្ខណៈចេញមកក្រៅ ឯទារកកើតមិនគ្រប់ខែវិញ មិនទាន់ទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់នៅឡើយ ទាំងប្រភេទប្រូតេអ៊ីន វីតាមីន សារធាតុរ៉ែ និងសារធាតុចិញ្ចឹមផ្សេងៗ បែបនេះទើបចាំបាច់បំប៉ននូវសារធាតុចិញ្ចឹមទាំងនោះដល់ពួកគេ។
ដោយហេតុថា ទារកកើតមិនគ្រប់ខែត្រូវការសារធាតុចិញ្ចឹមលើសពីទារកកើតគ្រប់ខែ ម៉ាក់ៗដែលសម្រាលកូនមិនគ្រប់ខែ ចាំបាច់ត្រូវការធ្វើតាមការណែនាំខាងក្រោមនេះ៖
-ការបំបៅដោះកូន៖ មិនថាទារកកើតគ្រប់ខែ ឬមិនគ្រប់ខែនោះ ទឹកដោះម្តាយជាអាហារបំប៉នល្អបំផុត ព្រោះទឹកម្តាយសម្បូរវីតាមីន ប្រូតេអ៊ីន និងអង់ទីករការពារទារកពីជំងឺផ្សេងៗ។ ចំពោះម៉ាក់ដែលបំបៅដោះកូន ចាំបាច់ត្រូវញ៉ាំអាហារឲ្យបានគ្រប់មុខ មានទាំងត្រី សាច់ ស៊ុត បន្លែគ្រប់មុខ គ្រាប់ធញ្ញជាតិ ផ្លែឈើ ដែលចម្អិតឲ្យឆ្អិនល្អ និងមានអនាម័យ។
-ការបំបៅកូនដោយម្សៅទឹកដោះ៖ ម៉ាក់ៗដែលមានបញ្ហាសុខភាព ទឹកដោះចេញតិច ឬគ្មានទឹកដោះសោះ អាចឲ្យកូនម៉ឹមទឹកដោះគោ។ តែទោះយ៉ាងណា ត្រូវជ្រើសរើសប្រភេទម្សៅទឹកដោះណាដែលមានសារធាតុចិញ្ចឹមសំខាន់ៗ និងមានថាមពលខ្ពស់ដែលចាំបាច់ចំពោះទារកកើតមិនគ្រប់ខែ ដូចជា ពពួក Protein DHA និង Omega (ជួយខួរក្បាល និងភ្នែក) ជាតិកាកសរសៃដែលជួយទ្រទ្រង់ប្រព័ន្ធរំលាយអាហារឲ្យដំណើរការល្អ កាល់ស្យូម (ជួយធ្មេញ និងឆ្អឹង) ជាតិដែកជួយបង្កើនគ្រាប់ឈាមក្រហម បំបាត់ភាពស្លេកស្លាំង និងវីតាមីនគ្រប់ប្រភេទ។
៣- ការតាមដានជាមួយគ្រូពេទ្យ
គ្រូពេទ្យនឹងណាត់ម៉ាក់ប៉ាឲ្យយកកូនមកពិនិត្យសុខភាពឡើងវិញ ដើម្បីបានដឹងពីការវិវត្តនៃសរីរាង្គផ្សេងៗ និងវាយតម្លៃការទទួលបានអាហារូបត្ថម្ភ ថាតើគ្រប់គ្រាន់ដែរឬទេ? ក្នុងនោះពេទ្យនឹងថ្លឹងទម្ងន់ ពិនិត្យមើលសួត ក្រពះ ពោះវៀន មើលអេកូបេះដូង អេកូខួរក្បាល ជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕