គ្រាន់តែដឹងមានកូន រំភើបស្ទើរហោះទៅហើយ កុំថាឡើយដល់ថ្ងៃសម្រាល ទោះពិបាកប៉ុនណា ឈឺចាប់ប៉ុនណា ក៏ម៉ាក់ៗគ្រប់គ្នានៅតែសប្បាយចិត្ត។ ប៉ុន្តែគ្នាយើងប្រហែលជាមិនសូវចាប់អារម្មណ៍ ឬអាចភ្លេចគិតដល់អារម្មណ៍ពិសេសមួយនៅចន្លោះពីការចាប់ផ្តើមពពោះ រហូតដល់ថ្ងៃសម្រាល នោះគឺពេលដែលបេប៊ីក្នុងពោះចាប់ផ្តើមកម្រើក ក៏ជាពេលក្តីស្រលាញ់របស់ម៉ាក់ៗ កើនឡើងទ្វេរផងដែរ។ ចុះដឹងអត់ បេប៊ីចាប់ផ្តើមកម្រើកពេលណាឲ្យប្រាកដ? កម្រើកប៉ុន្មានដងក្នុងមួយថ្ងៃ? ហេតុអ្វីកម្រើកបែបនេះ? ចង់ដឹងច្បាស់ អត្ថបទនេះអាចបកស្រាយបាន។
១- ពេលដំបូងកូនក្នុងផ្ទៃចាប់ផ្តើមកម្រើក
ជាធម្មតា ស្រីៗពពោះ នឹងមានអារម្មណ៍ដឹងថា កូនកំពុងធាក់ពោះយើង ដែលអារម្មណ៍នេះកើតមាននៅចន្លោះសប្តាហ៍ទី ១៨-២០ នៃការពពោះ។ សម្រាប់គ្នាយើងទើបមានផ្ទៃពោះលើកដំបូង ត្រូវចំណាយពេលបន្តិច ដើម្បីឲ្យដឹងពីចលនាកូន វាអាចនឹងមានភាពស្រាលៗ អាចធ្វើឲ្យយើងមានអារម្មណ៍មិនប្រាកដ ដោយលើពេលវេលាកម្រើកលឿន និងខ្លីៗ។ តែចំពោះគ្នាយើងធ្លាប់មានកូនពីមុន ងាយសម្គាល់ដឹងពីសញ្ញា និងចលនាដំបូងរបស់កូន នៅពេលពពោះបាន ១៦ សប្តាហ៍។
បើយើងមានផ្ទៃពោះ ២៤សប្តាហ៍ ហើយកូនក្នុងពោះ នៅមិនទាន់មានចលនាទៀតនោះ គួរប្រញ៉ាប់ទាក់ទងទៅគ្រូពេទ្យ ដើម្បីពិនិត្យមើលពីចង្វាក់បេះដូងគភ៏ ថតឆ្លុះអេកូ និងពិនិត្យពីការលូតលាស់របស់កូន ដើម្បីប្រាកដថា កូនក្នុងផ្ទៃមិនមានបញ្ហាណាមួយ និងមានសុខភាពល្អ។
២- ពេលវេលាទារកចាប់ផ្តើមមានចលនា៖
បើយើងនៅតែមិនប្រាកដថា កូនចាប់ផ្តើមមានចលនា ឬនៅ នោះខាងក្រោមនេះ គឺជាការណែនាំមួយចំនួន ជួយគ្នាយើងងាយស្រួលសម្គាល់ចលនា និងការកម្រើករបស់កូន៖
– សប្តាហ៍ទី ១២៖ ជាពេលវេលាដំបូងសម្រាប់គភ៌ក្នុងផ្ទៃ ចាប់ផ្តើមចលនា តែម៉ាក់ៗភាគច្រើន ប្រហែលមិនមានអារម្មណ៍ដឹងទេ ដោយសារតែគភ៌នៅតូចពេក។
– សប្តាហ៍ទី ១៦៖ ម៉ាក់ៗជាច្រើន នឹងចាប់ផ្តើមមានអារម្មណ៍ មានអ្វីម្យ៉ាងកំពុងកម្រើកក្នុងពោះយើង វាមានអារម្មណ៍ដូចពេល យើងភ័យបុកពោះអ៊ីចឹងដែរ។ ពេលខ្លះយើងនឹងគិតខុស ថាវាជាការចាល់អាស៊ីដក្រពះ ប៉ុន្តែតាមពិតទៅ គឺមកពីកូនក្នុងពោះយើងមានចលនា។
– សប្តាហ៍ទី ២០៖ ជាមួយនឹងការលូតលាស់របស់គភ៌ ចលនាគភ៌មានមួយចំនួន ត្រូវយើងចាំណាំហៅថា “កូនធាក់” ដោយយើងអាចមានអារម្មណ៍ដឹងបាន។
– សប្តាហ៍ទី ២៤៖ ចលនាគភ៌ នឹងចាប់ផ្តើមបង្ហាញកាន់តែច្បាស់។ ស្រីៗគ្នាយើង នឹងចាប់ផ្តើមដឹង នៅពេលដែលកូនត្អើក ធ្វើឲ្យមានការរមួលបន្តិចបន្តួច។
– សប្តាហ៍ទី ២៨៖ គភ៌ក្នុងផ្ទៃ នឹងចាប់ផ្តើមកម្រើកខ្លាំង ហើយផ្លាស់ទីញឹកញាប់ ដូច្នេះការទាត់ និងកន្ត្រាក់ អាចធ្វើឲ្យយើងមានការឈឺចាប់ និងពិបាកដកដង្ហើម។
– សប្តាហ៍ទី ៣៦៖ នៅពេលយើងពពោះចូលដល់សប្តាហ៍ទី ៣៦ កូនក្នុងពោះ នឹងកាន់តែធំជាងមុន ហើយក៏ត្រូវការលំហរខ្លះ ដើម្បីធ្វើចលនា។ បើកូនក្នុងពោះមានសកម្មភាពខុសធម្មតា ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។ ទោះជាកូនយើងមានសកម្មភាពតិចតួចក៏ដោយ ក៏យ់ើងចាំបាច់ ត្រូវដឹងថា កូនមានចលនាដែរ។
អត្ថបទពាក់ព័ន្ធ៖
- សុខៗកូនក្នុងផ្ទៃឈប់កម្រើក បារម្ភអត់ ហើយគួរធ្វើម៉េច?
- គ្រប់ខែហើយ តែកូនមិនទាន់បង្វិលក្បាលចុះក្រោម ត្រូវធ្វើម៉េច?
៣- ចំនួនកូនកម្រើកក្នុងមួយថ្ងៃ
រឿងនេះ គឺមិនមានកំណត់ត្រាច្បាស់លាស់ ពីចំនួនចលនាកូនកម្រើកក្នុងមួយថ្ងៃនោះទេ ហើយយើងក៏មិនចាំបាច់កំណត់ ឬធ្វើតារាងពីចលនាកូនបានកម្រើកដែរ។ អ្វីដែលសំខាន់ គឺកូនក្នុងពោះកម្រើកខ្លាំង ល្អជាងការយកក្រដាសមកសរសេរដើម្បីកំណត់ចំនួនកម្រើក។
ត្រូវព្យាយាមស្វែងយល់ពីទំនាក់ទំនងមួយចំនួន រវាងការធ្វើចលនារបស់កូន និងម៉ោងកូនក្នុងពោះភ្ញាក់ ដោយសារតែវា អាចធ្វើឲ្យយើងមានភាពងាយស្រួល ដឹងពីការរីកចម្រើននៅពេលពពោះ។ គភ៌ម្នាក់ គឺមានការគេងខុសៗពីគ្នា ហើយគួរតែធ្វើតាមទម្លាប់កូន ដើម្បីដឹងពីភាពមិនប្រក្រតីរបស់កូន។ នៅពេលយើងសម្គាល់ឃើញថា មានភាពខុសប្រក្រតីអ្វីនោះ ត្រូវទាក់ទងទៅគ្រូពេទ្យភ្លាម ដើម្បីធ្វើការត្រួតពិនិត្យ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]