ពេលពពោះពេទ្យណែនាំឲ្យម៉ាក់ៗញ៉ាំអាហារសម្បូរជីវជាតិឲ្យបានច្រើន ដើម្បីកូនលូតលាស់បានល្អ តែក្នុងនោះក៏មានហាមនូវចំណីអាហារមួយចំនួន ដែលអាចប៉ះពាល់ដល់កូន។
ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត នឹងបង្ហាញពីចំណីអាហារមួយចំនួន ដែលស្រីៗពពោះត្រូវតមឲ្យបាន។
១- ត្រីសមុទ្រធំៗ៖ ត្រីឆ្លាម ត្រីធូណា ត្រីដាវ ត្រីស្បែកា ជាពពួកត្រីសមុទ្រដែលសម្បូរជាតិបារ៉តខ្ពស់ ញ៉ាំទៅអាចប៉ះពាល់ការលូតលាស់ប្រព័ន្ធប្រសាទកូនក្នុងផ្ទៃ ធ្វើឲ្យកូនកើតមកមានភាពមិនប្រក្រតី ធ្វើឲ្យខូចខួរក្បាល ការលូតលាស់កូនមិនល្អ។
អត្ថបទពាក់ព័ន្ធ៖ ពេទ្យហាមស្រីៗពពោះមិនឲ្យញ៉ាំត្រីសមុទ្រទាំងនេះទេ មានជាតិបារ៉តខ្ពស់ ប៉ះពាល់កូន
២- ជាតិកាហ្វេអ៊ីន៖ កាហ្វេ សូកូឡា តែ សូដា ភេសជ្ជៈប៉ូវកម្លាំងផ្សេងៗ ផ្ទុកដោយសារធាតុកាហ្វេអ៊ីន ញ៉ាំច្រើនអាចប៉ះពាល់ទាំងសុខភាពម្តាយ និងកូនក្នុងផ្ទៃ។ ពេលយើងផឹកកាហ្វេមួយពែង ជាតិកាហ្វេអ៊ីន អាចឆ្លងតាមសរសៃឈាមតាមរយៈទងផ្ចិតកូន ហើយចូលទៅក្នុងប្រព័ន្ធចរន្តឈាមទារក។ ដូចនេះ ដោយសារជាតិកាហ្វេអ៊ីន ធ្វើឲ្យកើនចង្វាក់បេះដូង និងបង្កើនការធ្វើមេតាបូលីស នាំឲ្យយើងមានអារម្មណ៍ភ្ញាក់ អាចធ្វើឲ្យកូនក្នុងផ្ទៃរងឥទ្ធិពលនេះដូចគ្នា។
អត្ថបទពាក់ព័ន្ធ៖ ស្រីៗញៀនកាហ្វេអំឡុងពេលពពោះ ប៉ះពាល់កូនក្នុងផ្ទៃអត់?
៣- ជាតិអាល់កុល៖ គ្រូពេទ្យតែងហាមស្ត្រីមានផ្ទៃមិនឲ្យផឹកគ្រឿងស្រវឹងឡើយ ព្រោះជាតិអាល់កុលដែលមាននៅក្នុងគ្រឿងស្រវឹង អាចធ្វើឲ្យគភ៌លូតលាស់ខុសប្រក្រតី កូនមានពិការភាពពីកំណើត។
៤- អាហារមិនបានសម្លាប់មេរោគ ឬឆៅ៖ មាន ទឹកដោះគោដែលមិនបានសម្លាប់មេរោគ ឈីស ស៊ុត សាច់ឆៅ ឬចម្អិនមិនបានឆ្អិនល្អ។ សាច់មិនល្អ ឬសាច់ឆៅ មានផ្ទុកនូវពពួកប៉ារ៉ាស៊ីត និងបាក់តេរីមួយចំនួន អាចប៉ះពាល់ដល់សុខភាពយើង និងទារកក្នុងផ្ទៃ ដូចជា ពុលអាហារ គ្រុនពោះវៀនជាដើម ហើយជំងឺទាំងនេះអាចបង្កឲ្យទារក និងម្ដាយមានបញ្ហាដូចជា ទម្ងន់ទារកមិនគ្រប់ សម្រាលមុនខែ រលូត និងអាចបណ្ដាលឲ្យទារកបាត់បង់ជីវិតក្នុងពោះទៀតក៏មាន។
៥- ថ្នាំខ្មែរ ឬថ្នាំចិនសែ៖ តាមក្បួនពេទ្យហាមផ្តាច់ចំពោះការប្រើថ្នាំបុរាណពេលពពោះ ព្រោះអាចធ្វើឲ្យ សុកក្រិន ទឹកភ្លោះល្អក់ មាត់ស្បួនមិនបើក កូនពិបាកកើត ធ្លាក់ឈាមខ្លាំង កូនខ្សោយ ឬស្លាប់ក្នុងពោះ។
អត្ថបទពាក់ព័ន្ធ៖ ផឹកថ្នាំខ្មែរផ្តេសផ្តាសពេលពពោះ ទាំងម៉ាក់ទាំងកូនជួបរឿងគ្រោះថ្នាក់ទាំងនេះ
៦- បារី៖ ជាតិនីកូទីន និងសារធាតុគីមីពុលរាប់ពាន់ប្រភេទផ្សេងទៀតដែលមានក្នុងបារី និងផ្សែងបារីមិនត្រឹមតែធ្វើឲ្យម៉ាក់ៗកើតជំងឺច្រើនមុខទេ អាចធ្វើកូនក្នុងពោះប្រឈមនឹងបញ្ហាសុខភាពទាំងនៅពេលពោះ និងក្រោយពេលសម្រាល ដោយការបឺតស្រូបផ្សែងបារីតាមរយៈទងសុក ដូចជាដំណើរការមុខងាររបស់សុកមិនបានល្អ អាចធ្វើឲ្យកូនរលូត កើតមុនកំណត់ កូនលូតលាស់មិនល្អ មិនគ្រប់គីឡូ-មិនគ្រប់លក្ខណៈ មានបញ្ហាផ្លូវដង្ហើម សួត ឬកើតមកស្លាប់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]