ស្រីៗយើងប្រហែលជាធ្លាប់ឮជំងឺពកឆ្អឹងខ្នងលើទារក តែប្រហែលជាមិនបានដឹងពីមូលហេតុច្បាស់លាស់ ដែលធ្វើឲ្យទារកប្រឈមនឹងជំងឺនេះឡើយ។ ដើម្បីជាចំណេះដឹង និងបង្ការទារកមិនឲ្យកើតជំងឺពកឆ្អឹងកងខ្នង ក្រុមការងារ Hello គ្រូពេទ្យ បានធ្វើបទសម្ភាសលម្អិតជាមួយលោកស្រីវេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ជំនាញផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរសម្រាកព្យាបាល និងសម្ភព មាតា។
១- អ្វីទៅជាជំងឺពកឆ្អឹងខ្នងលើទារក
សំដៅទៅលើភាពខុសប្រក្រតីនៃឆ្អឹងកងខ្នងរបស់ទារកផ្នែកខាងក្រោយ អាចរបើកឆ្អឹងខ្នង ឬពកឆ្អឹងខ្នងមួយចំហៀង ឬបាត់ឆ្អឹងកងខ្នងទាំងអស់ ធ្វើឲ្យលៀនខួរឆ្អឹងខ្នងចេញមកក្រៅ ធ្វើឲ្យឆ្អឹងខ្នងមិនពេញលក្ខណៈ បណ្ដាលឲ្យទារកពិការភាព ខូចអវយវៈពីកំណើត។ ជំងឺនេះកើតឡើងនៅក្នុងត្រីមាសដំបូងនៃការពពោះ ព្រោះជាពេលដែលមានការបង្កើតខួរក្បាល និងខួរឆ្អឹងខ្នង។
២- មូលហេតុធ្វើឲ្យទារកមានជំងឺពកឆ្អឹងខ្នង
មិនមានមូលហេតុច្បាស់លាស់នោះដែលទារកកើតមកមានជំងឺពកឆ្អឹងខ្នង តែក្នុងនោះបណ្តាលមកពីប្រវត្តិគ្រួសារ ឬកង្វះជាតិអាស៊ីដហ្វូលិកមុនពេលពពោះ និងពេលពពោះ។ ម្យ៉ាងវិញទៀត ការគ្រប់គ្រងជំងឺទឹកនោមផ្អែមមិនបានល្អពេលពពោះ ក៏ជាបញ្ហាប្រឈមធ្វើឲ្យកូនកើតមកមានជំងឺពកឆ្អឹងខ្នងដែរ។
អត្ថបទពាក់ព័ន្ធ៖ អាស៊ីដហ្វូលិក ជាអ្វី? សំខាន់ខ្លាំងប៉ុនណាសម្រាប់ស្ត្រី មុន និងកំពុងពពោះ?
៣- ធ្វើម៉េចទើបដឹងថាទារកមានជំងឺពកឆ្អឹងខ្នង
ទារកមានជំងឺពកឆ្អឹងកងខ្នង ឬមិនមាន អាចដឹងតាមរយៈការពិនិត្យអេកូនៅសប្តាហ៍ទី១២ នៃការពពោះដោយគ្រូពេទ្យជំនាញ ដែលក្នុងករណីធ្ងន់ធ្ងរគ្រូពេទ្យនឹងឲ្យបញ្ឈប់គភ៌តែម្តង។ លោកស្រីវេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ និយាយថា នៅប្រទេសជឿនលឿន គេអាចព្យាបាលទារកដែលមានជំងឺពកឆ្អឹងខ្នងតាំងពីនៅក្នុងពោះម្តាយ ដោយមិនចាំបាច់រង់ចាំឲ្យកូនកើតមកទើបវះកាត់ឆ្អឹងខ្នងបិទឲ្យជិតវិញនោះទេ។
៤- វិធីបង្ការមិនឲ្យទារកមានជំងឺពកឆ្អឹងកងខ្នង
ពេលដឹងមូលហេតុនោះ យើងអាចបង្ការបាន ដោយស្រីៗគ្នាយើងដែលមានគម្រោងយកកូន ត្រូវញ៉ាំអាស៊ីដហ្វូលិករៀងរាល់ថ្ងៃ រយៈពេល ៣ ខែមុនពេលមានកូន និងពេលពពោះនៅ ៣ ខែដំបូង ប្រសិនបើដឹងថាការទទួលរបបអាហារមិនគ្រប់គ្រាន់។ កាលណាស្ត្រីពពោះញ៉ាំអាស៊ីដហ្វូលិកមិនគ្រប់គ្រាន់ទេ គភ៌អាចប្រឈមនឹងជំងឺពកឆ្អឹង អាចលៀនខួរឆ្អឹងខ្នងចេញមកតាមឆ្អឹងខ្នង ធ្វើឲ្យខួរក្បាលលូតលាស់មិនពេញលេញ ទៅជាតូចខុសប្រក្រតី ឬទឹកដក់ក្នុងខួរក្បាល និងបញ្ហាប្រឈមជាច្រើនទៀតទាំងម្តាយទាំងកូន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]