backup og meta

អាការៈមួយចំនួននេះ ស្រ្តីពពោះនឹងជួបប្រទះ

អាការៈមួយចំនួននេះ ស្រ្តីពពោះនឹងជួបប្រទះ

ស្រីៗ​ពពោះ​ដូចគ្នា​ទើប​ដឹង​ពី​អាការៈ​មិន​ស្រួល​មួយ​ចំនួន ហើយ​អ្នក​ខ្លះ​ជួប​ញឹកញាប់​ទៀត​ផង។ ក្នុង​នោះ​ករណី​ខ្លះ​ទាល់តែ​ជួប​ជាមួយ​គ្រូពេទ្យ​ទើប​ធូរ​ស្បើយ ឬ​ស្ថានភាព​ខ្លះ​អាច​បាត់​ទៅ​វិញ​ដោយខ្លួន​ឯង គ្រាន់តែ​យើង​អនុវត្ត​វិធី​មួយ​ចំនួន នេះបើតាមការលើកឡើងរបស់វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ។

១- រមួល​ក្រពើ

ចាប់ពី​ត្រី​មាស​ទី ២ ទៅ​អ្នក​មាន​ផ្ទៃ​ពោះ​ជួប​បញ្ហា​នេះ​ញឹកញាប់​ណាស់ ហើយ​មូល​ហេតុ​អាច​បណ្ដាល​មក​ពី​ការ​ឡើង​ទម្ងន់​ធ្វើ​ឲ្យ​សាច់ដុំ​ជើង​ទ្រ​ទ្រង់​ធ្ងន់​ជាង​មុន ផ្លាស់ប្តូរប្រព័ន្ធចរន្តឈាម ឬ​សាច់ដុំ​មិន​សូវ​ដំណើរការ។ វិធី​ដោះ​ស្រាយ​ ពេល​រមួលក្រពើ ត្រូវ​សណ្តូក​ជើង​ភ្លាមៗ ដោយ​បត់​កែង​ជើង និង​បត់​ម្រាម​ជើង​បន្តិច​ម្តងៗ​ទៅ​រក​ស្មង​ជើង ឬ​ម៉ាស្សា​កំភួន​ជើង​ថ្នមៗ។

២- ហើម​ជើង

អ្នក​ជិត​គ្រប់ខែ​មាន​អាការៈ​ចាល់​ជាតិ​ទឹក​នៅ​ជើង​បង្ក​ឲ្យ​ហើម រួម​ទាំង​បម្រែបម្រួល​អ័រម៉ូន​ពេល​មាន​ផ្ទៃពោះ ទម្ងន់​គភ៌​ក្នុង​ស្បូន ​បាន​សង្កត់​លើ​សរសៃ​ឈាម​វ៉ែននៅ​ជើង ​ដែល​បណ្ដាល​ឈាម​មិន​អាច​ចូល​ដល់​បេះដូង សរសៃឈាម ឬ​ម៉ាក់​ៗ​មាន​ទឹក​ភ្លោះ​ច្រើន អង្គុយ និង​ដើរ​ច្រើន​ពេក។ វិធីដោះស្រាយ ដាក់​ខ្នើយ​កល់​ក្រោម​ជើង​ពេល​គេង ផឹក​ទឹក​ឲ្យ​បាន​ច្រើន និងដាក់​ខ្នើយ​កល់​ក្រោម​ជើង​ពេល​គេង។

៣- ធ្លាក់​ស

ពេល​ចាប់ផ្ដើម​មាន​ផ្ទៃពោះ​ខែ​ដំបូង​ៗ​ស្ត្រី​ភាគច្រើន​តែង​ជួប​ប្រទះ​បញ្ហា​ធ្លាក់ស ហើយ​ម៉ាក់​ៗ​ខ្លះ​អាច​មាន​ធ្លាក់​ស មាន​ក្លិន​មាន​ពណ៌ និង​រមាស់ ដែល​វា​ជា​សញ្ញា​ការ​បង្ក​រោគ​នៅ​ក្នុង​ទ្វារ​មាស​ដោយ​ពពួកមេរោគផ្សេងៗ បាក់តេរី ផ្សិត​ជាដើម។ ប្រសិនបើ​មាន​ធ្លាក់​ស​ច្រើន ក្នុង​សភាព​ខាប់ៗ ឬ​ដុំ មាន​ពណ៌​ខៀវ ប្រផេះ មាន​ក្លិន​ឆ្អាប និង​ស្អុយ​នោះ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ផ្នែក​រោគ​ស្ត្រី។

៤- នោម​ញឹក

អំឡុង​ពេល​ពពោះ​ចាប់ពី​ត្រី​មាស​ទី ២ ទៅ​មាន​អាការៈ​នោម​ញឹកញាប់ ដោយសារ​តែ​ស្បូន​រីក​ធំ​ហើយ​ធ្វើ​ឲ្យ​សង្កត់ទៅលើប្លោកនោម បង្ក​ទៅ​ជា​នោម​ញឹក។ ទោះ​បី​វា​មិន​ធ្ងន់​ក៏​ដោយ តែ​វា​រំខាន​ការ​គេង​របស់​យើង ដូចនេះ​គួរ​កាត់បន្ថយ​ការ​ផឹកទឹកពេល​យប់ ឬ​ផឹកឲ្យបាន ២-៣ ម៉ោង​មុន​ពេល​ចូល​គេង។

អត្ថបទពាក់ព័ន្ធ៖ មានសញ្ញាទាំងនេះ ស្ត្រីពពោះត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់

ពពោះ

៥- ឈឺ​បង្ហួរនោម

ម៉ាក់​ៗ​ដែល​ពពោះ​មាន​អាការៈ​ឈឺ​ត្រង់​តំបន់​បង្ហួរ​នោម គឺ​បណា្តល​មក​ពី​ការ​រលាក​បង្ហួរ​នោម​ដោយ​មាន​ការ​ឆ្លង​រោគ​តាម​ផ្លូវ​ទឹក​នោម និង​​ការ​សង្កត់​ទៅ​លើ​ប្លោកនោម​ពេល​ស្បូន​រីក​ធំ។ ជំងឺ​នេះពេល​ខ្លះ​អាច​ជា​​ខ្លួនឯង​ដោយ​មិន​មាន​ការ​ព្យាបាល ដោយ​គ្រាន់​តែ​ផឹក​ទឹក​ឲ្យ​ច្រើន តែ​បើ​ស្ថានភាព​ធ្ងន់ធ្ងរ​មាន​ក្ដៅ​ខ្លួន ឈឺ​ចុកចាប់​ខ្លាំង​ផ្នែក​ចង្កេះ​មួយ​ចំហៀង នោម​មាន​ឈាម ស្ទះ​នោម ឬ​នោម​អត់​ចេញ គួរតែ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ។

៦- អារម្មណ៍ប្រែប្រួល

ស្ទើតែទាំងអស់នៃស្រ្តីពោះធំគឺតែងតែ​មាន​អារម្មណ៍ប្រែប្រួល ឆាប់ខឹង មួរម៉ៅច្រើន ឆាប់អន់ចិត្ត ដែលនោះក៏ព្រោះតែអ័រម៉ូនប្រែប្រួល បូក​រួម​នឹង​ភាព​ហត់នឿយ អស់កម្លាំង។ វិធី​កាត់បន្ថយ គួរតែ​ព្យាយាម​រក​អ្វី​សប្បាយ​ៗ​ធ្វើ និង​តាំង​សមាធិ ដើម្បី​រម្ងាប់​ចិត្ត​ និង​គិត​ពី​អ្វី​ល្អ​ៗ។

៧- ក្ដៅៗខ្លួន

ស្រី​ៗ​មាន​ផ្ទៃពោះ​ចេះតែ​មាន​អារម្មណ៍​ថា​ក្ដៅ​ខ្លួន ព្រោះ​បម្រែបម្រួល​អ័រម៉ូន ហើយ​មួយ​វិញ​ទៀត​ដោយសារ​ការ​ធ្វើ​មេតា​បូលីស​មាន​ការ​កើន​ឡើង​ខ្លាំង​ និងអ័រម៉ូន​អឺស្រ្តូហ្សែន​ធ្លាក់​ចុះ​អំឡុង​ពេល​នេះ បូក​រួម​នឹង​លំហូរ​ឈាម​ទៅ​កាន់​ស្បែក​មាន​ការ​កើន​ឡើង ពោល​គឺ​ស្បែក​សម្បូរ​ទៅ​ដោយ​សរសៃ​ឈាម ទើប​ប៉ះ​ទៅ​ចេះតែ​ក្ដៅ​រហូត។ នៅ​ពេល​មាន​អាការៈ​បែប​នេះ​ជា​ប្រចាំ អាច​ធ្វើឲ្យ​ស្រីៗពពោះ​អស់​កម្លាំង និង​ខ្វះ​ជាតិ​ទឹក នាំឲ្យ​​មិន​ស្រួល​ក្នុង​ខ្លួន។ ដូចនេះ​ដើម្បីដោះស្រាយបញ្ហា​នេះ គួរតែ​ឧស្សាហ៍​ផឹក​ទឹក​ឲ្យ​បាន​ញឹកញាប់ ញ៉ាំ​ផ្លែឈើសម្បូរជាតិទឹក ​ងូត​ទឹក​ត្រជាក់​ៗ ដើម្បី​ឲ្យ​អារម្មណ៍​ស្រស់​ថ្លា​ឡើង​វិញ និង​ចៀសវាង​អាហារ​​ដែល​នាំ​ឲ្យ​កើន​កម្តៅ​ក្នុង​ខ្លួន ដូចជា​​អាហារហឹរ មី​ជាដើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

06/11/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 06, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម