សម្រាប់ម៉ាក់ៗដែលជឿតាមចាស់ថា ក្រោយសម្រាលកូនរួចមិនគួរធ្វើចលនាច្រើន ព្រោះគិតថាឲ្យចុករួយដៃជើង ឬអាចស្ពឹកស្រពន់នោះ គួរតែពិចារណាឡើងវិញ។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត។ ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានឲ្យដឹងថា ការមិនកម្រើកខ្លួន ធ្វើកិច្ចការផ្សេងៗ ឬលំហាត់ប្រាណខ្លះៗ អាចនាំឲ្យមានផលលំបាកទាំង ២ ខាងក្រោម។
១- ទល់លាមក
ម៉ាក់ៗសម្រាលកូនរួច បើមិនធ្វើចលនាអ្វីសោះ នាំឲ្យកើតបញ្ហាទល់លាមកដែរ ព្រោះថាកាលណារាងកាយគ្មានចលនា ពោះវៀនក៏គ្មានចលនា ដែលនោះហើយជាហេតុនាំឲ្យទល់លាមក។ ដូចនេះដើម្បីធ្វើឲ្យពោះវៀនត្រឡប់មកសភាពដើមវិញ ត្រូវធ្វើលំហាត់ប្រាណ ឬការងារផ្ទះខ្លះៗ និងញ៉ាំបន្លែ ផ្លែឈើ ក៏ដូចជាផឹកទឹកឲ្យបានច្រើន ព្រោះវាអាចជួយបន្ទន់លាមកបាន។
២- រូបរាង
សម្រាប់ម៉ាក់ៗដែលសម្រាលកូនរួចនៅតែធាត់ គួរតែដឹងហើយថា មកពីយើងមិនព្រមធ្វើអ្វីសោះ ទើបរាងកាយទៅជាបែបនោះ។ ដើម្បីជួយឲ្យរាងស្រកទម្ងន់បានខ្លះៗ យើងគួរតែបញ្ចេញសកម្មភាពធ្វើការងារកំប៉ិកកំប៉ុកនៅផ្ទះ ហើយបូករួមទាំងការញ៉ាំអាហារសមរម្យ។
លោកវេជ្ជបណ្ឌិតក៏បានឲ្យដឹងទៀតថា បើគ្មានកម្លាំងកំហែង ឬឈឺក្បាលវិលមុខ ក៏មិនគួរធ្វើអ្វីឲ្យហួសពីកម្លាំងដែរ និងត្រូវញ៉ាំអាហារសម្បូរជីវជាតិ មិនមែនជាពពួកត្រី ឬសាច់អាំងចៀន គ្មានជាតិទឹកសោះនោះទេ។ ក្រៅពីនោះ ត្រូវឆ្លៀតពេលសម្រាកឲ្យបានច្រើន ហើយត្រូវលេបថ្នាំជាតិដែក វីតាមីន តាមវេជ្ជបញ្ជា។
អត្ថបទពាក់ព័ន្ធ៖ ហេតុអ្វីចាស់ៗឲ្យម៉ាក់ៗសម្រាលកូនរួចថ្នមខ្លួន? ចុះពេទ្យវិញថាម៉េចដែរ?
[embed-health-tool-pregnancy-weight-gain]