គ្រាប់ស្វាយចន្ទី ជាប្រភពនៃសារធាតុចិញ្ចឹមសម្រាប់ស្រ្តីមានផ្ទៃពោះ ប៉ុន្តែអ្នកខ្លះមិនអាចញ៉ាំគ្រាប់ស្វាយចន្ទីនេះបានទេដោយសារតែមានប្រតិកម្មអាលែកហ្ស៊ី ជាមួយនឹងគ្រាប់ស្វាយចន្ទី។ តាមរយៈអត្ថបទនេះស្រីៗយើងដែលមានផ្ទៃពោះនឹងដឹងថាតើត្រូវបន្ថែមគ្រាប់ស្វាយចន្ទីក្នុងរបបអាហាររបៀបម៉េច និងមានគុណប្រយោជន៍អ្វីខ្លះ?
១- គ្រាប់ស្វាយចន្ទី និងអត្ថប្រយោជន៍
សម្បូរសារធាតុចិញ្ចឹម
បើប្រៀបធៀបជាមួយគ្រាប់រុក្ខជាតិផ្សេងៗ គ្រាប់ស្វាយចន្ទីស្ថិតនៅលំដាប់កំពូលដែលនឹងផ្ដល់ប្រូតេអីន និងខ្លាញ់ល្អសម្រាប់សុខភាព។ គ្រាប់ស្វាយចន្ទីក៏សម្បូរទៅដោយជាតិកាបូនអ៊ីដ្រាត និងជាតិសរសៃផងដែរ។ ការញ៉ាំគ្រាប់ស្វាយចន្ទីនឹងជួយស្រ្តីមានផ្ទៃពោះក្នុងការកាត់បន្ថយខ្លាញ់អាក្រក់ក្នុងខ្លួន និងជួយកាត់បន្ថយបញ្ហាបេះដូងបាន។
ប្រភពនៃជាតិដែក
ស្រីៗគ្នាយើងប្រហែលជាមិនដឹងទេថាគ្រាប់ស្វាយចន្ទីលីងរួច ប្រមាណជា ២៨,៣ក្រាម មានផ្ទុកនូវជាតិដែក ១,៧ មិល្លីក្រាម ដែលនេះជាចំនួនជាក់លាក់មួយដ៏ច្រើន។ ជាតិដែកជួយយើងទប់ស្កាត់ភាពស្លេកស្លាំងហើយស្ត្រីមានផ្ទៃពោះត្រូវការជាតិដែក ២៧ មិល្លីក្រាមក្នុងមួយថ្ងៃ ដូច្នេះហើយគ្រាប់ស្វាយចន្ទីត្រូវស្ថិតនៅក្នុងបញ្ជីអាហារដែលត្រូវតែមាន។
សម្បូទៅដោយវីតាមីន K
វិតាមីនK ជួយលំហូរឈាមឲ្យមានភាពប្រក្រតី។ កម្រិតវិតាមីនK ដែលម៉ាក់ៗគ្រប់រូបគួរទទួលទានប្រចាំថ្ងៃគឺ ៩០មីក្រូក្រាម ក្នុងមួយថ្ងៃ។ ពេលដែលម៉ាក់ ញ៉ាំគ្រប់តាមតម្រូវការណែនាំនេះ ទារកនៅក្នុងផ្ទៃក៏នឹងមានសុវត្ថិភាពពីបញ្ហាហូរឈាម (Fetal bleeding) នៅពេលសម្រាល ដូចជាក្រោយកាត់ទងផ្ចិតជាដើម។
ប្រភពនៃជាតិទង់ដែង
ទារកក្នុងផ្ទៃត្រូវការសារជាតិទង់ដែងសម្រាប់ជួយឲ្យសរសៃឈាម ប្រព័ន្ធប្រសាទ និងដំណើរវិវឌ្ឍន៍នៃបេះដូង អាចធ្វើចលនាត្រឹមត្រូវ។ គ្រាប់ស្វាយចន្ទីប្រហែល២៨ក្រាម មានផ្ទុកជាតិទង់ដែង ០,៦មិល្លីក្រាម ហើយកម្រិតណែនាំឲ្យញ៉ាំជាតិទង់ដែងគឺ ១មិល្លីក្រាមរៀងរាល់ថ្ងៃ។ ទោះជាយ៉ាងនេះក្ដី ម៉ាក់ៗត្រូវតែប្រុងប្រយ័ត្នពីកម្រិតដែលញ៉ាំ ព្រោះការញ៉ាំច្រើនពេកអាចបណ្ដាលឲ្យរាក បញ្ហាបេះដូង និងឈឺក្បាល។
គ្រាប់ស្វាយចន្ទីក៏មានផ្ទុកមាញ៉េស្យូម
ម៉ាញ៉េស្យូម និងកាល់ស្យូម នឹងជួយដល់សុខភាពឆ្អឹងនិងសាច់ដុំរបស់ម្តាយ។ សារធាតុនេះអាចការពារស្ត្រីជាម្ដាយពីបញ្ហាសម្ពាធឈាមខ្ពស់ ភាពតានតឹង ភាពអស់កម្លាំង និងការឈឺក្បាលប្រកាំងផងដែរ។
២- រឿងត្រូវដឹងពេលញ៉ាំគ្រាប់ស្វាយចន្ទី?
សារធាតុ Urushiol ដែលមាននៅក្នុងគ្រាប់ស្វាយចន្ទីអាចបណ្តាលឲ្យមានកន្ទួល និងរមាស់ ហើយបញ្ហាទាំងនេះធ្វើឱ្យរំខានដល់ដំណេករបស់យើងបាន។
ម៉ាក់ៗគួរញ៉ាំគ្រាប់ស្វាយចន្ទីឲ្យមានកម្រិត ព្រោះបើសិនជាញ៉ាំច្រើនពេក នឹងធ្វើឲ្យឡើងទម្ងន់ខ្លាំង។ ចំណុចសំខាន់គឺញ៉ាំត្រឹមល្មមបានហើយ គឺញ៉ាំប្រហែលជា២៨ក្រាមក្នុងមួយថ្ងៃគឺល្អហើយ។ សារធាតុ Oxalates ដែលមានក្នុងគ្រាប់ស្វាយចន្ទីអាចបង្កើតឡើងនូវជាតិរំអិល និងនាំទៅបង្កើនហានិភ័យនៃការសម្រាលកូនមុនកំណត់។
ម៉ាក់ៗក៏ត្រូវដឹងដែរថាការជ្រើសរើសគ្រាប់ស្វាយចន្ទី ត្រូវជ្រើសរើសយកផលិតផលធម្មជាតិ ដែលមិនមានជាតិអំបិលច្រើន ព្រោះថាអំបិលមានជាតិសូដ្យូមច្រើនដែលមិនមែនជាការល្អសម្រាប់អ្នកមានផ្ទៃពោះទេ។
ជាការល្អបំផុតម៉ាក់ៗត្រូវពិគ្រោះជាមួយគ្រូពេទ្យដើម្បីប្រាកដថាម៉ាក់ៗមិនមានអាលែកហ្ស៊ី ឬមានបញ្ហាជាមួយការបរិភោគគ្រាប់ស្វាយចន្ទី។
[embed-health-tool-ovulation]