ការត្រៀមលក្ខណៈបានល្អមុនពេលយកកូន ធ្វើឲ្យផែនការគ្រួសារដើរទៅដោយរលូន ឯសុខភាពម្តាយ និងកូនក៏ល្អដែរ។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ នឹងលម្អិតពីការត្រៀមលក្ខណៈមួយចំនួនរបស់ប្តីប្រពន្ធថ្មីថ្មោងដែលបម្រុងយកកូន។
១. ជួបគ្រូពេទ្យ
ការជួបគ្រូពេទ្យដើម្បីសាកសួរព័ត៌មានផ្សេងៗជុំវិញការត្រៀមលក្ខណៈយកកូនឲ្យបានល្អ និងពិនិត្យសុខភាពទាំងប្តីទាំងប្រពន្ធ គឺរឿងចាំបាច់ ដែលប្តីប្រពន្ធមួយចំនួនមិនសូវបានគិតគូរអំពីបញ្ហាមួយនេះទេ។ ការត្រៀមលក្ខណៈបានមុន និងដឹងពីស្ថានភាពសុខភាពរបស់ប្តីប្រពន្ធ អាចកាត់បន្ថយបញ្ហាប្រឈមនានាទាំងពេលមានផ្ទៃពោះ និងពេលសម្រាលកូន។
២. ឈប់ប្រើថ្នាំ
បើមានប្រើថ្នាំពន្យារកំណើត ឬមធ្យោបាយពន្យារកំណើតផ្សេងទៀត ចាំបាច់ត្រូវបញ្ឈប់ភ្លាម បើយើងមានគម្រោងយកកូន។ ក្រៅពីបញ្ឈប់មធ្យោបាយពន្យារកំណើត ការប្រើថ្នាំដើម្បីព្យាបាលជំងឺផ្សេងៗក៏ត្រូវតែបញ្ឈប់ដែរ ទើបមិនប៉ះពាល់ដល់ការបង្កកំណើត ដែលបញ្ហានេះ តម្រូវឲ្យប្តីប្រពន្ធត្រូវពិគ្រោះជាមួយគ្រូពេទ្យ។
៣. បំប៉នអាហារ
របបអាហារពិតជាចាំបាច់ណាស់ខ្លាំងចំពោះប្តីប្រពន្ធដែលត្រៀមលក្ខណៈយកកូន របបអាហារត្រឹមត្រូវ ជួយដល់ឲ្យមេជីវិតដែលត្រៀមបង្កកំណើតមានសុខភាពល្អ។ ទាំងបុរសទាំងស្រ្តីត្រូវញ៉ាំអាហារណាដែលសម្បូរជីវជាតិ ជំនួយដល់សុខភាព មានទាំងត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ ពិសេសទឹកដោះគោ និងត្រូវចៀសវាង រួមមាន បារី គ្រឿងស្រវឹង គ្រឿងញៀន។ ចំពោះអត្ថប្រយោជន៍នៃការញ៉ាំទឹកដោះសម្រាប់ស្ត្រីមានផ្ទៃពោះ ជួយឲ្យប្រព័ន្ធរាងកាយរឹងមាំ ប្រព័ន្ធរំលាយអាហារមានសុខភាពល្អ ហើយសម្បូរនូវវីតាមីន និងសារធាតុរ៉ែជាច្រើនមុខ ញ៉ាំទៅធ្វើឲ្យភ្នែកទារកក្នុងផ្ទៃភ្លឺថ្លា ខួរក្បាលឆ្លាតវៃ ឯឆ្អឹងក៏រឹងមាំ។
៤. ត្រៀមថវិកា
ថវិកាជារឿងមិនអាចខ្វះខាតបាន ឧបមាថា ពេលមិនទាន់មានកូន ប្តីប្រពន្ធចំណាយ១ខែ តែ ៥០០ ដុល្លារប៉ុណ្ណោះ តែពេលយើងមានកូនម្នាក់ ការចំណាយក៏ត្រូវតែកើនទៅតាមនោះដែរ។ អ៊ីចឹងហើយយើងចាំបាច់ត្រូវសន្សំលុយជាមុន សម្រាប់ចំណាយពេលពពោះ សម្រាលកូន និងក្រោយពេលកូនកើតមក។
អត្ថបទពាក់ព័ន្ធ៖
- នេះអាចមូលហេតុស្រីៗរៀបការរាប់ឆ្នាំ តែគ្មានកូន
- នេះហើយមូលហេតុប្រុសៗរៀបការរាប់ឆ្នាំ តែគ្មានកូន
- ចង់ឆាប់មានកូន ក្នុងរបបអាហារត្រូវមានសារធាតុចិញ្ចឹមទាំងនេះ
- ស្រីៗមានផែនការចង់បានកូន ត្រូវចៀសពីថ្នាំទាំងនេះ!
- ប្តីប្រពន្ធរៀបការហើយ ចង់ឆាប់មានកូន ធ្វើតាមប៉ុន្មានវិធីនេះ
- បើអត់កូនដោយសារខាងប្រុស មានថ្នាំជួយបានអត់?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-ovulation]