ការសម្រាលកូន មាន ២ វិធីសាស្រ្ត គឺការសម្រាលតាមធម្មជាតិ និងដោយវះកាត់។ លោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសសម្ភព និងរោគស្រ្តីបានឲ្យដឹងថា ការសម្រាលកូនដោយធម្មជាតិអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ទារក និងម៉ាក់ៗខ្លួនឯង។ អត្ថប្រយោជន៍ធំៗទាំង ៥ ពីការផ្តល់កំណើតធម្មជាតិដល់ទារក និងយើងជាម្ដាយ៖
១- គុណសម្បត្តិដំបូង
ទារកដកដង្ហើមបានល្អប្រសើរ។ ក្នុងពេលសម្រាលកូន កូនរបស់យើងផលិតអ័រម៉ូនស្ត្រេសហៅថា catecholamines ដែលវាគឺជាអរម៉ូន“ ប្រយុទ្ធ” ត្រូវបានផលិតឆ្លើយតបទៅនឹងស្ថានភាពស្ត្រេស ឬគំរាមកំហែង។ វាជួយក្នុងការបន្សាំដង្ហើម (ដកដង្ហើម) ពេលទារកចាប់កំណើត។ វាបង្កើនការស្រូបយកសារធាតុរាវ amniotic នៅក្នុងសួត និងបង្កើនការផលិតសារធាតុ surfactant ដែលជាអ្នកជំនួយដល់សួតទារកទុំ មានមុខងារបន្ទាប់ពីកើត។ នៅពេលស្បូនកន្ទ្រាក់ និងច្របាច់ទារក ទ្រូងទារកត្រូវបានបង្រួម នេះជួយឲ្យសួតបណ្ដេញអង្គធាតុរាវនៅខាងក្នុងសួតទារក ដូច្នេះកូនអាចដកដង្ហើមបានត្រឹមត្រូវនៅពេលកើត។ ទារកដែលកើតដោយវះកាត់មានអត្រានៃការសង្គ្រោះដង្ហើម ៤ ដង និងមានបញ្ហាផ្លូវដង្ហើមច្រើនជាងអត្រាសម្រាលកូនធម្មជាតិទ្វេដង។
២- ប្រព័ន្ធភាពស៊ាំកាន់តែខ្លាំង
អំឡុងពេលមានផ្ទៃពោះទារកទទួលបានអង្គបដិប្រាណ (អង់ទីក័រ) ពីយើង ប៉ុន្តែភាគច្រើនត្រូវបានបាត់បង់ក្នុងកំឡុងពេលសម្រាល។ កោសិកាឈាមសក៏កើនឡើងផងដែរ ដោយសារតែកម្រិតខ្ពស់នៃ catecholamines។ កោសិកាឈាមរបស់វាជួយគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់ប្រព័ន្ធភាពស៊ាំរបស់កូនក្រោយពេលកើត ហើយការពារកូនពីការបង្ករោគ។ ទឹកដោះម្តាយក៏មានផ្ទុកកោសិកាឈាមសការពារកូនយើងបានល្អជាងមុន។ តំណក់ទឹកដោះតែមួយតំណក់មានផ្ទុកកោសិកាឈាមសប្រហែលមួយលានកោសិកា។
ទារកកើតតាមទ្វារមាសទទួលបានបាក់តេរីការពារនៅលើស្បែករបស់ពួកគេដែរ។ បាក់តេរីល្អធ្វើអាណានិគមលើពោះវៀន ហើយបណ្ដុះបណ្ដាលរាងកាយឲ្យស្គាល់បាក់តេរី និងអតិសុខុមប្រាណ “ល្អ” និង “អាក្រក់” ។ ការស្រាវជ្រាវបង្ហាញថា ប្រព័ន្ធភាពស៊ាំរបស់ទារកដែលមិនបានប៉ះពាល់នឹងបាក់តេរីម៉ាក់ៗ មិនអាចវិវត្តពេញលេញបានទេ។ នេះអាចបង្កើនហានិភ័យជំងឺពួកគេនៅពេលក្រោយ។ ត្រូវអនុវត្ត ស្បែកប៉ះស្បែកភ្លាមៗ បន្ទាប់ពីកំណើត និងបំបៅដោះផ្តាច់មុខ អាចផ្តល់លទ្ធភាពដល់ការបង្កាត់ពូជបាក់តេរីល្អបាន។
៣- បង្កើនថាមពលកូន
ក្រោយពេលកើត កូនលែងទទួលអាហារបំប៉នថេរពីសុកទៀតហើយ។ ជាលទ្ធផលកម្រិតជាតិស្ករក្នុងឈាមរបស់ពួកគេចាប់ផ្ដើមធ្លាក់ចុះ ទារកដែលបានកើតមកដោយធម្មជាតិត្រូវបានការពារពីផលប៉ះពាល់អវិជ្ជមានទាំងអស់នៃការចុះជាតិស្ករក្នុងឈាមដូចជាការខូចខាតខួរក្បាល។ ជាតិអរម៉ូន កាតេកូឡាមីន ជួយបង្កើនកម្រិតជាតិគ្លុយកូសនៅក្នុងឈាមទារក ធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមមានស្ថិរភាពរហូតដល់យើងបានបំបៅទឹកដោះកូន។
៤- បង្កើនអុកស៊ីសែនដល់កូន
ពេលសម្រាលកូនតាមធម្មជាតិទារកត្រូវបានការពារពីកម្រិតអុកស៊ីសែនទាបក្នុងអំឡុងពេលស្បូនកន្ត្រាក់ដោយអ័រម៉ូនស្ត្រេសនៅក្នុងខ្លួន។ ប្រសិនបើកម្លាំងកន្ទ្រាក់ត្រូវបានបង្កឡើងដោយថ្នាំ (ដូចជា syntocinon ឬ Pitocin) សកម្មភាពរបស់អុកស៊ីតូស៊ីនលើស្បូនអាចបណ្ដាលឲ្យមានការកន្ទ្រាក់ខ្លាំង និងញឹកញាប់។ ការកន្ទ្រាក់ទាំងនេះអាចបណ្ដាលឲ្យមានការថយចុះអុកស៊ីសែននៅក្នុងឈាម។ វាមិនមែនជារឿងចម្លែកទេក្នុងការមើលឃើញការថប់ដង្ហើមរបស់ទារកក្នុងការសម្រាលកូន ដែលជាលទ្ធផលនៃការកន្ទ្រាក់ហួសកម្រិតនៃស្បូន។
៥- លើកកម្ពស់ចំណងម៉ាក់ និងកូន
អរម៉ូនកាតេកូឡាមីន ដែលផលិតដោយកូនក្នុងពេលសម្រាលកូន មានឥទ្ធិពលយ៉ាងខ្លាំងលើកូន ក្រោយពេលកើត។ បន្ទាប់ពីកំណើតធម្មជាតិទារកទើបនឹងកើតមានការប្រុងប្រយ័ត្ន និងមើលឃើញយើងនៅពេលពួកគេជួបគ្នាដំបូង។ រយៈពេលនេះភ្លាមៗបន្ទាប់ពីកំណើត នៅពេលទារកត្រូវបានគេដាក់ស្បែកពីលើស្បែកម៉ាក់បង្កើតឲ្យមានការផ្សារភ្ជាប់គ្នារវាងម៉ាក់ និងកូន និងការបំបៅកូនដោយជោគជ័យ។ កូនស្គាល់សំឡេងយើង ហើយក្រឡេកមើលមុខរបស់អ្នកដោយក្លិនខ្លួន ក្លិនទឹកដោះ និងរសជាតិនៃស្បែកក្នុងអំឡុងពេលបំបៅដំបូង។ ប្រសិនបើទារកត្រូវបានប៉ះពាល់នឹងថ្នាំអំឡុងពេលសម្រាលកូនដោយវះកាត់ ពួកគេអាចងងុយដេកបន្ទាប់ពីកំណើតរួច ទារកយំកាន់តែច្រើនហើយចំណាយពេលយូរ ដើម្បីចាប់ផ្ដើមបំបៅកូនដោយទឹកដោះ។
ជាចុងក្រោយវេជ្ជបណ្ឌិតខាងលើបានណែនាំថា ការសម្រាលធម្មជាតិមានអត្ថប្រយោជន៍ជាច្រើនសម្រាប់យើង និងទារក។ ហេតុដូច្នេះបើមិនមានករណីចាំបាច់ផ្នែកវេជ្ជសាស្ត្រសម្ភព សូមបោះបង់ការសម្រាលកូនដោយវះកាត់ ហើយចាប់ផ្ដើមសម្រាលកូនតាមធម្មជាតិ នោះអ្នក និងកូនទទួលបានអត្ថប្រយោជន៍ជាច្រើននៃការសម្រាលនេះ។
[embed-health-tool-due-date]