backup og meta

កៀកថ្ងៃសម្រាលហើយ នេះជាសញ្ញាឈឺពោះ និងពេលវេលាត្រូវទៅពេទ្យ

កៀកថ្ងៃសម្រាលហើយ នេះជាសញ្ញាឈឺពោះ និងពេលវេលាត្រូវទៅពេទ្យ

កៀកថ្ងៃសម្រាល អារម្មណ៍ម៉ាក់ៗច្បាស់ជាភ័យផងអរផង ចិត្តចង់ឲ្យដល់ថ្ងៃសម្រាលបន្តិច អត់បន្តិច ពិសេសស្ត្រីដែលទើបមានកូនដំបូងៗ។ កុំបារម្ភអី បើយើងត្រៀមលក្ខណៈបានល្អ ដឹងពីសញ្ញាឈឺពោះ និងពេលវេលាត្រូវសម្រាលនោះ មិនមានអ្វីចោទជាបញ្ហាឡើយ។

១. ពពោះប៉ុន្មានសប្តាហ៍/ខែ ទើបហៅថាគ្រប់ខែ?

តាមក្បួនពេទ្យបានកំណត់យករយៈពេល ៩ ខែ ១០ ថ្ងៃ ឬ ៤០ សប្តាហ៍ ជារយៈពេលនៃការគ្រប់ខែ ដោយរាប់ចាប់ពីថ្ងៃមានរដូវចុងក្រោយ។ ក្នុងនោះអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថាករណីស្ត្រីសម្រាលកូនចាប់ពី ៣៧ សប្តាហ៍ឡើងទៅក៏ចាត់ទុកថា គ្រប់ខែដែរ។ ដូច្នេះពេលដឹងថា គ្រប់ខែហើយ ម៉ាក់ៗត្រូវត្រៀមលក្ខណៈឲ្យបានល្អ ទាំងខ្លួនយើង និងសម្ភារៈផ្សេងៗ ហើយត្រូវចៀសវាងការធ្វើដំណើរផ្លូវឆ្ងាយ។

២. សញ្ញាឈឺពោះសម្រាលកូនមានអីខ្លះ?

ឈឺចង្កេះរួយខ្នង៖ អាការៈចុករួយចង្កេះខ្នង កើតមានញឹកញាប់ចំពោះស្ត្រីមានផ្ទៃពោះ តែដល់ពេលឈឺពោះសម្រាលវិញ ម៉ាក់ៗមានអាការៈឈឺចង្កេះផ្នែកខ្នងកាន់តែខ្លាំងឡើងៗ ។

សៀតពោះ ឈឺពោះ៖ ឈឺពោះសម្រាលកូន ខុសពីឈឺពោះរាករូស ដោយវាមានសណ្ឋានខ្មួលៗ។

ធ្លាក់ទឹករម្អិល៖ ពេលកំពុងតែឈឺពោះខ្មួលៗ ក៏មានការធ្លាក់ទឹករម្អិលដែលមានសភាពខាប់ៗតាមទ្វារមាស ពេលខ្លះមានលាយឈាមតិចៗមកជាមួយ ជាសញ្ញាបញ្ជាក់ថា ការឈឺពោះសម្រាលកូនកាន់តែកៀកមែនទែនហើយ។ ជួនកាលម៉ាក់ៗនោមមានលាយទឹករម្អិល និងឈាមមកជាមួយផង។

ស្បូនកន្ត្រាក់៖ នៅដំណាក់កាលដំបូង ស្បូនកន្ត្រាក់យូរៗម្តងប៉ុណ្ណោះ តែកៀកពេលសម្រាល ឬដល់ពេលឈឺពោះកើតកូនមែនទែនហើយ ស្បូនកន្ត្រាក់កាន់តែញឹក ឈឺពោះកាន់តែខ្លាំងទៅ ដែលពេលខ្លះម៉ាក់ៗសឹងតែទ្រាំមិនបាន។

ជ្រាប ឬបែកទឹកភ្លោះ៖ បែកទឹកភ្លោះជាការបែកស្រោមទឹកភ្លោះក្នុងពោះ ហើយចេញតាមទ្វារមាស ដែលទឹកភ្លោះស្ត្រីមួយចំនួនតូចអាចបែកទឹកភ្លោះមុនសម្រាល ឯភាគច្រើនទៀតបែកទឹកភ្លោះក្នុងពេលសម្រាល។

សម្រាលកូន

៣. ពេលណាទៅពេទ្យ?

ពេលវេលានៃការសម្រាលកូនរបស់ស្ត្រីម្នាក់ៗមិនដូចគ្នា ស្ត្រីខ្លះអាចសម្រាលកូនមុនកាលកំណត់ ឯខ្លះទៀតក្រោយការកំណត់របស់ពេទ្យ។ គ្រប់ខែហើយ ចុះពេលណាស្ត្រីពពោះត្រូវទៅពេទ្យ? ឲ្យតែមានសញ្ញាឈឺពោះទាំងប៉ុន្មានខាងលើត្រូវទៅជួបពេទ្យភ្លាម ឬយ៉ាងណា?

សំណួរនេះលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពចិន-កម្ពុជា សែនសុខ បកស្រាយថា ឲ្យតែគ្រប់ខែ ឬជិតដល់ថ្ងៃដែលពេទ្យបានព្យាករណ៍ទុក តាមរយៈការរាប់វដ្តរដូវរបស់ស្ត្រី ឬការកំណត់តាមរយៈការមើលអេកូនោះ ស្ត្រីត្រូវតែត្រៀមលក្ខណៈទៅពេទ្យ ពិសេសស្ត្រីជាម្តាយដែលមានផ្ទះនៅឆ្ងាយពីមន្ទីរពេទ្យ។

លោកវេជ្ជបណ្ឌិតថា មិនមានពេលវេលាកំណត់ច្បាស់លាស់ថា ស្ត្រីត្រៀមសម្រាលត្រូវទៅពេទ្យថ្ងៃណាឲ្យប្រាកដនោះទេ តែបើស្ត្រីជាម្តាយដល់ថ្ងៃកំណត់ត្រូវសម្រាល បូករួមទាំងសញ្ញាឈឺពោះសម្រាលកូន ដូចជាឈឺពោះញឹក មានធ្លាក់ទឹករម្អិល ស្បូនកន្ត្រាក់ ជ្រាប ឬបែកទឹកភ្លោះនោះ ជាពេលដែលស្ត្រីប្រញាប់រួសរាន់ទៅពេទ្យ។ ចំពោះស្ត្រីដែលធ្លាប់សម្រាលចាប់ពីទី២ ឡើងទៅ លោកវេជ្ជបណ្ឌិតណែនាំឲ្យទៅពេទ្យឲ្យលឿន ជាងស្ត្រីដែលសម្រាលកូនដំបូង ដោយហេតុថា ពេលវេលានៃការឈឺពោះមិនសូវជាអូសបន្លាយយូរដូចការសម្រាលកូនទី១ ឡើយ។

ចង់បានចំណេះដឹង វិធីសាស្ត្រ និងគន្លឹះផ្សេងៗអំពីអាហារូបត្ថម្ភ ការចិញ្ចឹមបីបាច់កូនឲ្យលូតលាស់ល្អ ចាប់ពីពេលពពោះ រហូតដល់កូនអាយុ ៥ឆ្នាំ។ កុំភ្លេចចុះឈ្មោះជាមួយកូនឆ្លាតក្លឹប!

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

01/12/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 01, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម