backup og meta

សម្រាលកូនក្នុងទឹក មានគុណប្រយោជន៍ និងគុណវិបត្តិអីខ្លះ?

សម្រាលកូនក្នុងទឹក មានគុណប្រយោជន៍ និងគុណវិបត្តិអីខ្លះ?

ដោយ​សារសម្រាល​កូន​តាម​ធម្មជាតិ ស្រីៗ​ប្រឈម​ការ​ឈឺ​ចាប់​ខ្លាំង និងរយៈ​ពេល​យូរ ទើប​ជំរុញ​ឲ្យ​មាន​ការ​សិក្សា​លើ​វិធី​សម្រាល​ជាច្រើន ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់ ដូចជា សម្រាល​ដោយ​វះកាត់ និង​សម្រាល​ក្នុងទឹក។ ​ស្រីៗ​គ្នា​យើង​ ភាគ​ច្រើន ដោយ​សារ​ខ្លាច​ឈឺ ឬដោយសារ​ហេតុ​ផល​ផ្សេងៗ បាន​ដាក់​ការ​ជឿ​ជាក់​លើ​វិធី​សម្រាល​ដោយ​វះកាត់ ខណៈពេទ្យ​ជាទូទៅ ណែនាំ​ឲ្យ​គ្នា​យើង សម្រាល​តាម​ធម្មជាតិ​ទើប​ល្អ ហើយ​វិធី​សម្រាលក្នុងទឹកក្តៅឧណ្ហៗ​ គឺអាច​ជួយ​បាន​ច្រើន មិនសូវ​ឈឺចាប់ទៀត។ “Hello គ្រូពេទ្យ’ នឹងពន្យល់​ក្នុង​អត្ថ​បទ​នេះ។

១- ​គុណ​ប្រយោជន៍​ពី​វិធី​​សម្រាលកូន​​ក្នុង​ទឹក

គុណ​ប្រយោជន៍​​ចំពោះ​ម៉ាក់ៗ

− ទឹក​ក្ដៅ​ឧណ្ណៗ​ ជួយ​ឲ្យ​មាន​អារម្មណ៍​ថា​ ស្រាល​ខ្លួន មាន​ផាសុកភាព​ និង​ធូរ​ស្បើយ

− នៅ​ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ​សម្រាល ​ជាតិ​ទឹក​ជួយ​បន្ថែម​ថាមពល​ឲ្យ​ម៉ាក់ៗ

− ​ឥទ្ធិពល​​សម្ពាធ​ទឹក ដែលជាភាសា​បច្ចេកទេស​ហៅថា Buoyancy​ ជួយ​កាត់​បន្ថយ​ទម្ងន់​​រាងកាយម៉ាក់ ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ចលនា​ និងជំហរ

− បង្កើន​ការ​កន្ត្រាក់​សាច់ដុំ​ស្បូន​ និង​សម្រួល​ដល់​ប្រព័ន្ធ​ឈាម​រត់ ជួយ​ឲ្យ​គ្នា​យើងមិន​សូវ​ឈឺ​ចាប់​ និង​មាន​អុកស៊ីហ្សែន​ច្រើន​សម្រាប់​ទារក

− ជួយ​បន្ថយ​សម្ពាធ​ឈាម​ មិន​ឲ្យ​ភ័យ​ខ្លាច

− កាត់​បន្ថយ​ស្រ្តេស​ ដែល​បណ្ដាល​មក​ពី​អ័រម៉ូន​ ជួយ​ឲ្យ​រាងកាយ​ម្ដាយ​បង្កើត​អ័រម៉ូន​អង់ដូហ្វីន​ អាច​ទប់​ស្កាត់អា​ការៈឈឺ​ចាប់

− ជួយ​ឲ្យ​តំបន់​ចន្លោះ​ទ្វារ​ធំ​ និង​ទ្វារ​មាស ​មាន​ភាព​រលាស់​ ស្វិត​ និង​ធូរ​ស្រាល

− ជួយ​សម្រួល​​ផ្លូវ​ចិត្ត​ដល់​គ្នា​យើង​ ដើម្បី​ឲ្យ​មាន​កម្លាំង​ ទៅ​ប្រមូល​ផ្ដុំ​នៅ​ក្នុង​ដំណាក់​កាល​សម្រាល

− បន្ថយ​អាការៈ​​តក់ស្លុត​ និង​​ភ័យ​ខ្លាច។

គុណ​ប្រយោជន៍​សម្រាប់​ទារក

− ផ្ដល់​ឲ្យ​​បរិយាកាស​មួយ​ដែល​ស្រដៀង​ទៅ​នឹង​ថង់​ទឹក​ភ្លោះ

− កាត់​បន្ថយ​ស្រ្តេស​នៅ​ពេល​សម្រាល​ ព្រម​ទាំង​បង្កើន​ការ​ផ្ដល់​ទំនុក​ចិត្ត​ និង​អារម្មណ៍​​មាន​សុវត្ថិភាពចំពោះ​ទារក។

២- ហានិភ័យ​សម្រាល​កូន​ក្នុង​ទឹក

យោង​តាម​អត្ថបទ​ សរសេរ​ដោយ​មហាវិទ្យាល័យ​ផ្នែក​សម្ភព និង​រោគស្រ្តី​ ចក្រភព​អង់គ្លេស Royal College of Obstetrician and Gynecologists មាន​ទ្រឹស្ដី​មួយ អាច​បង្ក​ហានិភ័យ​ធ្វើ​ឲ្យ​​ស្ទះ​សរសៃ​ឈាម​ ដោយ​ការ​ជ្រាប​ទឹក (Water​ Embolism) ហើយករណី​នេះ ​សូម្បី​តែ​ទស្សនាវដ្តី​វេជ្ជ​សាស្ត្រ​អង់គ្លេស​ ក៏​បាន​បង្ហាញ​ហានិភ័យ​​ជ្រាប​ទឹក អំឡុង​ពេល​សម្រាល​កូន​ក្នុង​ ដែល​មាន​ដល់​ទៅ ៩៥% ឯណោះ។ ​បើ​គភ៌​ក្នុង​ផ្ទៃ ​កំពុង​មាន​ភាព​តាន​តឹង​ក្នុង​បំពង់​សម្រាល​ ឬ​​បើ​ទង​សុក ​ត្របាញ់​ចូល​គ្នា​ គភ៌​​អាច​នឹង​ដង្ហក់​រក​ខ្យល់ នាំ​ឲ្យ​មាន​ហានិភ័យ​​ស្រូបជាតិ​​ទឹក​ចូលបាន។

យ៉ាង​ណា ករណី​នេះ ​ពិត​ជា​កម្រ​ណាស់​ ព្រោះ​ទារក​ជា​ញឹកញាប់ ​មិន​ស្រូប​ដង្ហើម​ទេ ​រហូត​ទាល់​ សម្រាល​ចេញ​មក​ក្រៅ ហើយ​ប៉ះ​នឹង​​ខ្យល់។អុកស៊ីហ្សែន ​ត្រូវ​បាន​ផ្ដល់​ឲ្យ​តាម​រយៈ​ទង​សុក​ រហូត​ទាល់​ទារក​​ចាប់​ផ្ដើម​ដក​ដង្ហើម​ដោយ​ខ្លួន​ឯង ​ឬ​ទង​សុកបាន​​កាត់​ផ្ដាច់។ ហានិភ័យ​សម្រាល​កូន​ក្នុង​ទឹក​ខ្ពស់​បំផុត ​គឺ​ទង​សុក ​អាច​រុំ​ខ្លួនទារក​ពេល​ចេញ​មក​លើ​ផ្ទៃ​ទឹក។ ករណី​បែប​នេះ​ អាច​ចៀសវាង​បាន ​ដោយ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​លើក​ទារក​មក​លើ​ទ្រូងម៉ាក់ៗ។

អត្ថបទពាក់​ព័ន្ធ៖

  • សម្រាលដោយវះកាត់បាត់បង់ឈាមច្រើនជាងសម្រាលធម្មជាតិ ព្រោះតែបែបនេះ
  • មុនដល់ពេលសម្រាលកូនតាម​ធម្មជាតិ ស្ត្រីពពោះគួរ​ត្រៀមខ្លួនអី​ខ្លះ?​

៣- មិន​គួរ​សម្រាល​ក្នុង​ទឹក​នៅ​ពេល​ណា?

− បើ​អ្នក​មាន​ដំបៅដោយសារកើតរើម ងាយ​ចម្លង​នៅ​ក្នុង​ទឹក​ ត្រូវ​តែ​និយាយ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​ម៉ត់ចត់​ចំពោះហានិភ័យ​មួយ​នេះ។

− ​បើ​ទារក​​កើត​បញ្ច្រាស​ជើង ទោះ​បី​ជា​ការ​សម្រាល​ក្នុង​ទឹក ​ធ្លាប់​មានករណី​​សម្រាល​កូន​បញ្ច្រាស​ជើង​ក៏​ដោយ​ គួរ​និយាយ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​ម៉ត់ចត់​ចំពោះ​ហានិភ័យ​មួយ​នេះ។

− ​បើមាន​រោគ​សញ្ញា​​ធ្លាក់​ឈាម​ច្រើន ​ឬ​ឆ្លង​រោគ​ពេល​សម្រាល។

− ​បើ​មានកូនភ្លោះ ទោះ​បី​ជា​ការ​សម្រាល​កូន​ក្នុង​ទឹក​ជុំ​វិញ​ពិភពលោក ទទួល​បាន​ជោគជ័យក៏ដោយ ប៉ុន្តែ​ករណីកូន​ភ្លោះ​ ក៏​​គួរ​និយាយ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​ម៉ត់ចត់​។

− បើ​ករណី​​សម្រាល​មុន​ខែ​កើត​មាន​ឡើង ហើយ​​បើ​ទារក​សម្រាល​មិន​គ្រប់​ខែ (២​សប្ដាហ៍​ ឬ​ច្រើន​ជាង​នេះ​មុន​ថ្ងៃ​សម្រាលមក​ដល់)​ ការ​សម្រាល​ក្នុង​ទឹក មិន​ត្រូវ​បាន​ណែនាំ​ឲ្យ​ធ្វើ​នោះ​ទេ។

− ​បើ​ទារក​មាន​លាមក​ព្រៃច្រើន មាន​លាមក​ខ្ចី ពី​​ស្រាល ​ទៅ​មធ្យម ​គឺ​រឿង​ធម្មតា​ទេ។ ប៉ុន្តែ​នៅ​ពេល​លាមក​ព្រៃអណ្ដែត​មក​លើ​ផ្ទៃ​ទឹក ​គ្រូពេទ្យ​នឹង​ធ្វើ​ការ​សង្កេត​មើល​ និង​ដួស​ចេញ​ភ្លាម ​ឬ​ជួយ​លើក​ចេញ​ពី​អាង​ទឹក​តែ​ម្តង ព្រោះ​លាមកព្រៃ ច្រើន​ជា​ធម្មតា​ លាមក​នឹង​ទៅ​ប៉ះ​លើ​​មុខ​ទារក ព្រម​ទាំងអាច​​ហូរចូលច្រមុះ​ និង​មាត់​ ពេល​ទារក​កំពុង​ស្ថិត​នៅ​ក្នុង​ទឹក។ ​បើ​ទឹក​ឡើង​កខ្វក់​ ហើយ​ការ​សម្រាល​ជិត​ចាប់​ផ្ដើម ម៉ាក់ៗ​ ​អាច​លើក​ត្រគាក​ចេញ​ពី​ទឹក​ដើម្បី​សម្រាល។

− ​បើ​​មាន​លើសឈាម​ពេល​ពពោះ ​គួរ​តែ​ពិភាក្សា​អំពី​ហានិភ័យ​​ជាមួយ​គ្រូពេទ្យ​ជំនាញ។

៤- សរុប​សេចក្តី

សម្រាប់កត្តាប្រឈម គឺ​អាស្រ័យ​ទៅ​លើ​កម្រិត​សីតុណ្ហភាព បើ​ទឹក​ក្ដៅ​ពេក​ ករណី​​បាត់​បង់​ជាតិ​ទឹក ​និង​ការ​ឡើង​កម្ដៅ​ អាច​បង្ក​ជា​បញ្ហាទាំង​ម៉ាក់ៗ ​និង​ទារក។ ​គួរ​តែ​ព្យាយាម​រក្សា​ជាតិ​ទឹក​ និង​ត្រូវ​ប្រាកដ​ថា​ សីតុណ្ហភាព​ក្នុង​ទឹក​ ស្ថិត​ត្រឹម​ ៣៧​ អង្សារសេ។ យា៉ង​ណា អាង​សម្រាល​ក្នុង​ទឹក ​គេ​បាន​ផលិត​ឡើង​ សម្រាប់​ចៀ​សវាង​បញ្ហា​នេះ​ជា​ពិសេស។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ ​ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Water Birth: The Benefits And Risks. http://americanpregnancy.org/labor-and-birth/water-birth/ Accessed March 17, 2017.

កំណែ​ប្រែបច្ចុប្បន្ន

14/07/2020

អត្ថបទ​ដោយ យ៉ានណែត​ នីគែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jul 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម