មានម៉ាក់ៗមួយចំនួនតែងមានចម្ងល់ថា តើរវាងការសម្រាលកូនដោយធម្មជាតិ និងសម្រាលដោយវះកាត់មួយណាដែលបណ្ដាលឲ្យយើងធ្លាក់ឈាមច្រើនជាងគេ? ដើម្បីឲ្យច្បាស់ពីបញ្ហានេះ លោកវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត នឹងរៀបរាប់ដូចខាងក្រោម៖
គ្រូពេទ្យឯកទេសរោគស្ត្រីបានឲ្យដឹងថា ម៉ាក់ៗដែលសម្រាលដោយវះកាត់មានការបាត់បង់ឈាមច្រើនជាងអ្នកសម្រាលដោយធម្មជាតិ។ លោកបានបន្តទៀតថា ករណីនេះហៅថា«ផលវិបាកនៃការវះកាត់» ហើយមានត្រឹម ១០-១៥ ភាគរយប៉ុណ្ណោះ ដែលក្នុង ១០-១៥ ភាគរយនោះអាចជួបវិបត្តិធ្លាក់ឈាម និងបញ្ហាដទៃទៀតនៅពេលវះកាត់។
ក្រៅពីធ្លាក់ឈាមច្រើននៅអំឡុងវះកាត់សម្រាលនៅមានបញ្ហាមួយចំនួនទៀតដែលម៉ាក់ៗជួប ដូចជាការចាក់ថ្នាំស្ពឹកមិនស្ពឹក ឬចាក់ថ្នាំស្ពឹកធ្វើឲ្យឈឺក្បាល ប្រឈមនឹងការឆ្លងរោគ។ នៅករណីមួយទៀតគឺ ម៉ាក់ៗឈឺពោះយូរ មានវិបត្តិកំណកឈាម ទើបបណ្ដាលឲ្យពេលវះកាត់មានធ្លាក់ឈាមច្រើន។
អត្ថបទពាក់ព័ន្ធ៖ ធ្លាក់ឈាមក្រោយសម្រាល ស្រីៗប្រហែសតែបន្តិចគ្រោះថ្នាក់ដល់ជីវិត
“ជាទូទៅការវះកាត់សម្រាលកូនមានការបាត់បង់ឈាមលើសសម្រាលធម្មតាបន្តិច ព្រោះឆ្លងកាត់មុខកាំបិត ប៉ុន្តែបើស្រ្តីបង្កើតតាមធម្មតាមិនរួច ហើយមានឈាមហូរច្រើននោះគ្រូពេទ្យត្រូវវះកាត់ឲ្យជាបន្ទាន់ ដើម្បីជួយសង្គ្រោះទាំងម្ដាយ និងកូន’។ នេះជាការបញ្ជាក់របស់គ្រូពេទ្យជំនាញខាងលើ។
វេជ្ជបណ្ឌិត គាន់ អូន បានបន្តទៀតថា គ្រូពេទ្យទាំងអស់តែងតែលើកទឹកចិត្តឲ្យម៉ាក់ៗសម្រាលកូនដោយបែបធម្មជាតិ ទោះជាស្ត្រីខ្លះទាមទារចង់វះកាត់ ព្រោះខ្លាចភាពឈឺចាប់ ឬមិនចង់ឈឺពោះយូរក៏ដោយ តែបើស្ថិតក្នុងករណីប្រឈមមុខនឹងគ្រោះថ្នាក់ខ្លាំង នោះគ្រូពេទ្យនឹងផ្ដល់ជម្រើសវះកាត់វិញ ទើបអាចចៀសវាងបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]