អំឡុងពេលត្រីមាសទី ៣ នៃការពពោះចូលមកដល់ ស្ត្រីពពោះនឹងមានអាការៈថ្មីៗជាច្រើនទៀត ពិសេសអាការៈឈឺពោះ កន្ត្រាក់ស្បូន ដែលជាសញ្ញាត្រៀមសម្រាល ឬដល់ថ្ងៃសម្រាល។ យ៉ាងណា អាការៈកន្ត្រាក់ស្បូនអំឡុងពេលនេះ ត្រូវគេចែកចេញជា ២ ដោយមួយជាការកន្ត្រាក់ត្រៀមសម្រាល និងមួយទៀតជាការកន្ត្រាក់បែបបញ្ឆោតប៉ុណ្ណោះ។ ហេតុនេះ ដើម្បីអាចត្រៀមខ្លួនបានល្អ ពេលជិតថ្ងៃសម្រាលកូន គ្នាយើងគួរស្វែងយល់ពីការកន្ត្រាក់នេះឲ្យបានច្បាស់ជាមុន។
១- អ្វីជាការកន្ត្រាក់ស្បូនបែបបញ្ឆោត?
កន្ត្រាក់ស្បូនបែបបញ្ឆោត ជាភាសាបច្ចេកទេសហៅថា Braxton Hicks Contractions កើតឡើងចំពោះស្រីៗពពោះមួយចំនួន និងមានលក្ខណៈតឹងពោះ ហើយនឹងបាត់ទៅវិញ។ ស្ត្រីពពោះខ្លះប្រាប់ថា ការកន្ត្រាក់ស្បូនបែបបញ្ឆោតនេះ មានលក្ខណៈឈឺស្រាលៗ ដូចការឈឺពេលមករដូវ។ យ៉ាងណា ការកន្ត្រាក់នេះ អាចធ្វើឲ្យយើងមិនស្រួលក្នុងខ្លួន ប៉ុន្តែវាមិនបណ្តាលឲ្យមានការសម្រាលកូន ឬបើកមាត់ស្បូនដូចការកន្ត្រាក់ដល់ពេលសម្រាលនោះឡើយ។ ការកន្រ្តាក់បែបបញ្ឆោត ខុសពីការកន្រ្តាក់ធម្មតាត្រង់ថា៖
– ជាទូទៅ គ្មានការឈឺចាប់
– ចន្លោះពេលកន្រ្តាក់ មិនទៀងទាត់
– ពេលកន្ត្រាក់ មិនកៀកគ្នាទេ
– អាចបាត់ទៅវិញ ដោយសារការផ្លាស់ប្តូរសកម្មភាព ឬប្តូរទីតាំង
– មិនកន្ត្រាក់រយៈពេលយូរ
– មានអារម្មណ៍ថា ការកន្ត្រាក់មិនខ្លាំងៗនោះទេ។
ជាទូទៅ យើងអាចមានកន្ត្រាក់បែប Braxton Hicks នៅត្រីមាសទី ៣ ឬនៅដើមត្រីមាសទីពីរ ហើយវាក៏ជារឿងធម្មតា មិនមានអ្វីគួរឲ្យព្រួយបារម្ភដែរ។ បើយើងប្រទះឃើញអាការៈកន្ត្រាក់ស្បូនបែបបញ្ឆោត មិនចាំបាច់ធ្វើអ្វីទាំងអស់ ហើយបើការកន្រ្តាក់នេះ ធ្វើឲ្យយើងមិនស្រួលនោះ អាចធ្វើតាមវិធីខាងក្រោម៖
– ដើរចុះឡើង ការកន្ត្រាក់ជាធម្មតានឹងបាត់ទៅវិញ នៅពេលយើងប្តូរទីតាំង ឬក្រោកឡើងដើរ
– បើយើងជាមនុស្សសកម្ម ត្រូវគេង ឬសម្រាកខ្លះ
– បន្ធូរអារម្មណ៍ដោយការងូតទឹកក្តៅ ឬស្តាប់តន្ត្រី
– ម៉ាស្សា។
២- អាការៈឈឺពោះ មិនមែនជាការកន្រ្តាក់ត្រៀមសម្រាលកូន
អាការៈឈឺចាក់ ឈឺដូចគេបាញ់នៅផ្នែកម្ខាងពោះ ត្រូវស្គាល់ថា ជាការឈឺចាប់សរសៃពួរ (Round ligament pain) ពេលពពោះ។ សរសៃពួរនេះ វាទ្រទ្រង់ស្បូនយើង និងភ្ជាប់ទៅនឹងឆ្អឹងអាងត្រគាក ហើយការឈឺសរសៃនេះ បណ្តាលមកទាញតឹងនៅពេលស្បូនយើងលូតលាស់។ ពេលខ្លះ ក៏អាចឈឺទៅក្នុងក្រលៀនដូចគ្នា ខណៈអាការៈឈឺចាប់នេះ អាចឈឺនៅពេលយើងធ្វើចលនា ដូចជា ក្រោកឈរ ប្តូរទីកន្លែង ក្អក កណ្តាស់ ឬនោមជាដើម ហើយជាធម្មតា កើតមានរយៈពេល ២-៣ នាទីប៉ុណ្ណោះ។
អត្ថបទពាក់ព័ន្ធ៖
- ប្រពន្ធជិតសម្រាល ប្រុសៗអាចធ្វើរឿងទាំងអស់នេះ នឹងក្លាយជាប៉ាល្អបំផុតកូនៗប្រាថ្នា!
- កៀកដល់ថ្ងៃសម្រាល ស្រីៗហាមធ្វើរឿង ៤ យ៉ាងនេះ
៣- វិធីដោះស្រាយការកន្ត្រាក់ស្បូនបែបបញ្ឆោត
ដើម្បីដោះស្រាយការកន្ត្រាក់ស្បូនបែបបញ្ឆោត ស្រីៗពពោះត្រូវធ្វើតាមវិធីខាងក្រោម៖
- ព្យាយាមប្តូរឥរិយាបថ ឬសកម្មភាព ដោយដេកផ្អៀងទៅម្ខាង អាចមានប្រយោជន៍ដល់យើង។
- ទ្រពោះនៅពេលកំពុងឈរ ឬដេក ហើយត្រូវផ្លាស់ទីយឺតៗ។
- ព្យាយាមសម្រាកខ្លះ ងូតទឹកក្តៅ ក៏អាចមានប្រយោជន៍ដល់យើងបានដែរ។
៤- វិធីសាស្រ្តស្វែងយល់នេះជាការកន្រ្តាក់ពិត ឬបញ្ឆោត
ដើម្បីដឹងថា តើការកន្ត្រាក់យើងកំពុងមាន គឺជាការកន្រ្តាក់ពិត ជាការឈឺពោះកើតកូន ឬគ្រាន់ជាការកន្ត្រាក់បញ្ឆោត យើងអាចសួរខ្លួនឯងនូវសំណួរដូចខាងក្រោម៖
– តើការកន្ត្រាក់កើតមានញឹកញាប់ប៉ុណ្ណា?
- ការកន្រ្តាក់បែបបញ្ឆោត៖ គឺកន្ត្រាក់មិនទៀងទាត់ ហើយការកន្រ្តាក់ម្តងៗ ក៏មិនកៀកៗគ្នាដែរ។
- ការកន្រ្តាក់ពិតប្រាកដ៖ គឺកន្រ្តាក់កើតឡើងគ្រប់ពេល មានរយៈពេលប្រហែល ៣០-៧០ វិនាទី និងមានលក្ខណៈកាន់តែកៀកៗគ្នា និងខ្លាំងទៅៗ។
– តើការកន្រ្តាក់មានប្រែប្រួលនៅពេលយើងផ្លាស់ទីកន្លែងដែរ ឬទេ?
- ការកន្រ្តាក់បែបបញ្ឆោត៖ ការកន្រ្តាក់នឹងបាត់ទៅវិញនៅពេលយើងដើរ សម្រាក ឬនៅពេលដែលបានផ្លាស់ប្តូរឥរិយាបថ។
- ការកន្រ្តាក់ពិតប្រាកដ៖ ការកន្រ្តាក់ មានបន្តរហូត ទោះបីជាផ្លាស់ប្តូរទីតាំង ឬប្តូរឥរិយាបថក៏ដោយ នៅតែកន្រ្តាក់ឈឺ ទោះពេលសម្រាកក៏ដោយ។
– តើការកន្រ្តាក់ខ្លាំងប៉ុណ្ណា?
- ការកន្រ្តាក់បែបបញ្ឆោត៖ ជាធម្មតា ការកន្ត្រាក់មានលក្ខណៈខ្សោយមិនខ្លាំងនោះទេ ឬខ្លាំងនៅពេលដំបូង បន្ទាប់មកក៏ខ្សោយទៅៗ។
- ការកន្រ្តាក់ពិតប្រាកដ៖ ការកន្រ្តាក់មានលក្ខណៈស្មើគ្នា និងខ្លាំងទៅៗ។
– តំបន់ណាដែលយើងមានអារម្មណ៍ឈឺចាប់?
- ការកន្រ្តាក់បែបបញ្ឆោត៖ ជាធម្មតា យើងមានអារម្មណ៍ថា ឈឺចាប់នៅផ្នែកខាងមុខពោះ ឬឆ្អឹងអាងត្រគាកតែប៉ុណ្ណោះ។
- ការកន្រ្តាក់ពិតប្រាកដ៖ ការកន្ត្រាក់កាន់តែខ្លាំង ហើយអាចចាប់ផ្តើមឈឺនៅផ្នែកខាងក្រោមខ្នង ចាក់ទៅផ្នែកខាងមុខពោះ ឬក៏ចាប់ផ្តើមឈឺនៅផ្នែកពោះ ហើយចាក់ទៅខាងក្រោយខ្នង។
បើមិនច្បាស់ថា ការកន្ត្រាក់ស្បូនយើង ជាការកន្រ្តាក់ពិតប្រាកដនោះ ឬបញ្ឆោត អាចទៅពេទ្យ និយាយពីកង្វល់ និងស្ថានភាពយើងកំពុងជួបប្រទះ ដើម្បីទទួលបានព័ត៌មានជាក់លាក់ និងការណែនាំត្រឹមត្រូវសម្រាប់យើង។
៤- ទាក់ទងទៅគ្រូពេទ្យ
ក្នុងករណីដូចខាងក្រោម ត្រូវប្រញាប់ទាក់ទងទៅមណ្ឌលសុខភាព ឬផ្នែកសម្ភពជាបន្ទាន់ ដូចជា៖
– មានការហូរឈាមតាមទ្វារមាស
– មានការហូរ ឬបែកទឹកភ្លោះ (អាចជាទឹកដែលខាប់ ឬរាវ)
– មានការកន្ត្រាក់ខ្លាំងៗ រៀងរាល់ ៥ នាទីម្តង ក្នុងរយៈពេលមួយម៉ោង
– កន្រ្តាក់ឈឺពោះខ្លាំង មិនអាចដើរបាន
– ទារកក្នុងផ្ទៃមានចលនាតិចជាង ១០ដង ក្នុងរយៈពេលម៉ោង។
– មានសញ្ញាណាកន្ត្រាក់ស្បូនពិត ទាំងផ្ទៃពោះមិនទាន់ដល់សប្តាហ៍ទី ៣៧។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]