បន្ទាប់ពីកើតភ្លាមទារកភាគច្រើនយំខ្លាំងៗ ចាស់ៗតែងតែខ្លាចកូនយំយូរ ក៏បន្តក់ទឹកឲ្យផឹក ព្រោះគិតថាទារកឃ្លាន បូករួមម៉ាក់ៗមិនទាន់មានទឹកដោះច្រើនទៀតនោះ។ តែសម្រាប់ពេទ្យបានឲ្យដឹងថា នោះជាទង្វើខុសឆ្គង។
អ្នកស្រីវេជ្ជបណ្ឌិត ហួរ ដានេ អនុប្រធាននាយកដ្ឋានអាហារូបត្ថម្ភ នៃមន្ទីរពេទ្យកុមារជាតិ បានប្រាប់មកកាន់ Helloគ្រូពេទ្យ ថាពេទ្យពេលឮទារកយំ គឺសប្បាយចិត្តណាស់ តែចាស់ៗខ្លះគាត់មិនដឹងគាត់បែរជានាំគ្នាបន្តក់ទឹក ព្រោះគិតថាកូនឃ្លាន ឬស្រេកទឹក ទាំងដែលធាតុពិតមិនមែនបែបនោះ។ មួយវិញទៀត គិតថាម៉ាក់ៗគ្មានទឹកដោះឲ្យបៅទាំងដែលស្រ្តីសម្រាលកូនរួចភ្លាមតែងមានទឹកដោះដំបូង ឬយើងតែងហៅថា «ទឹកដោះព្រៃ» ហើយអ្នកខ្លះមិនដឹងពីគុណសម្បត្តិទឹកដោះនោះ បែរជាច្របាច់ចោលក៏មានព្រោះពណ៌វាមិនដូចទឹកដោះធម្មតា។
អត្ថបទពាក់ព័ន្ធ៖ កូនតូចឧស្សាហ៍យំ តែកុំទុកឲ្យកូនយំខ្លាំងរហូតគាំង អាចប៉ះពាល់សរីរាង្គខាងក្នុង
ទាក់ទិននឹងចម្ងល់ថា ហេតុអ្វីកូនកើតភ្លាមយំភ្លាម ពេទ្យសប្បាយចិត្ត? វេជ្ជបណ្ឌិតរូបនេះបានបន្ថែមទៀតថា មកពីឮសំឡេងយំរបស់ទារកមានន័យថាសួតរបស់គាត់ធ្វើការបានល្អ និងហេតុផលសំខាន់មួយទៀតមកពីទារកចេញមកភ្លាមហាក់បីដូចជាហេលហាល គ្មានភាពកក់ក្ដៅ ឬហាប់ណែនដូចកាលនៅក្នុងពោះម្ដាយ។ ក្នុងករណីទារកមិនស្រែក ពេទ្យនឹងទៅគោះឲ្យយំទៀតផង ដើម្បីចង់ដឹង។
មួយវិញទៀតបរិយាកាស និងកម្ដៅក៏ខុសគ្នា បូករួមនឹងក្នុងបន្ទប់បើកម៉ាស៊ីនត្រជាក់ ឬកង្ហារទើបបណ្ដាលឲ្យទារកស្រែកយំ តែម៉ាក់ៗ និងសាច់ញាតិបែរជាគិតថាកូនឃ្លានទៅវិញ។ បន្ថែមពីលើនេះ អ្នកស្រីវេជ្ជបណ្ឌិត ក៏សូមសំណូមពរឲ្យម៉ាក់ៗទាំងអស់ពេលកូនកើតភ្លាមត្រូវឲ្យកូនបៅទឹកដោះដំបូង ព្រោះវាមានគុណប្រយោជន៍ច្រើនចំពោះសុខភាពទារក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]