សម្រាលកូនរួចបាន ៤២ ថ្ងៃ ម៉ាក់ៗនឹងត្រូវត្រឡប់ទៅមន្ទីរពេទ្យម្ដងទៀតតាមការណាត់របស់គ្រូពេទ្យ។ អ្នកខ្លះឆ្ងល់ថា តើការទៅជួបគ្រូពេទ្យម្ដងទៀតនោះ ដើម្បីអ្វីទៅ? អ្នកគ្រូពេទ្យឆ្មប សុំ សូរិយា បម្រើការងារនៅមន្ទីរពេទ្យបង្អែក ខ្សាច់កណ្ដាល ខេត្តកណ្ដាល នឹងបកស្រាយចម្ងល់ដូចខាងក្រោម។
ការកំណត់នេះ គឺត្រូវនឹងពេលវេលាដែលរាងកាយស្រស់បស់ឡើងវិញ និងរឿងចាំបាច់ត្រូវពិនិត្យមើលស្បូន ថាត្រឡប់មកសភាពធម្មតាវិញ ឬនៅ។ បន្ថែមពីនោះ គឺដើម្បីចង់ដឹងមុខរបួសកើតឡើងក្រោយពេលសម្រាល សះស្បើយហើយ ឬនៅ និងមានស្លាកស្នាម ឬកខ្ទុះអ្វីទៀតអត់(សម្រាលដោយវះកាត់)។
ក្រៅពីនោះ គ្រូពេទ្យក៏បានពិភាក្សាជាមួយម៉ាក់ៗពីរបបអាហារប្រចាំថ្ងៃថាបានញ៉ាំតាមអ្វីដែលគ្រូពេទ្យណែនាំឲ្យមានទាំង ត្រី សាច់ ផ្លែឈើ ទឹកដោះគោ បន្លែ ផ្លែឈើ ដែលល្អចំពោះខ្លួនឯង និងកូន ដែរឬទេ។ មួយវិញទៀតសាកសួរពីការសម្រាករបស់ម៉ាក់ៗ ថាតើគេងគ្រប់គ្រាន់អត់។
អត្ថបទពាក់ព័ន្ធ៖ សម្រាលកូនរួចសុខភាពនឹងល្អដូចដើម បើម៉ាក់ៗធ្វើរឿងទាំងនេះបាន
រឿងសំខាន់មួយទៀតដែលម៉ាក់ៗទទួលបានពីការទៅជួបគ្រូពេទ្យតាមការណាត់ គឺពិគ្រោះពីបញ្ហាជ្រើសរើសវិធីពន្យារកំណើតណាមួយដែលស័ក្ដិសម ព្រោះវាក៏ជាពេលដែលប្ដីប្រពន្ធអាចរស់នៅជាមួយគ្នាឡើងវិញ និងជាពេលដែលមានការបង្កកំណើតជាថ្មី ប្រសិនបើមិនបានការពារទុកជាមុន។ ជាធម្មតា គ្រូពេទ្យមិនចង់ឲ្យស្ត្រីទើបសម្រាលកូន មានផ្ទៃពោះកូនបន្ទាប់ឆាប់ពេកទេ យ៉ាងហោចណាស់ក៏ត្រូវការពេល ៣ ឆ្នាំដែរ ទើបសុខភាពស្ត្រីល្អឡើងវិញពេញបរិបូរណ៍។
ចំពោះស្ត្រីបំបៅកូនដោយទឹកដោះ គ្រូពេទ្យនឹងពិនិត្យរកមើល តើថាមានបញ្ហាមិនប្រក្រតីអ្វីមួយឬទេដូចជាមានដុំរឹង ឬមានដំបៅជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]