ដំណើរការនៃការសម្រាល គឺឈឺពោះសម្រាល បន្ទាប់មកក៏បែកទឹកភ្លោះ ឬបែកទឹកភ្លោះមុនបន្តិច ក៏ចាប់ផ្ដើមឈឺពោះតាមក្រោយ ប៉ុន្តែបច្ចុប្បន្នមានស្រ្តីជាច្រើនបែកទឹកភ្លោះយូរហើយ នៅតែមិនឈឺពោះសោះ។ ដូចនេះតើគួរតែប្រើថ្នាំឲ្យឈឺពោះ ឬក៏សម្រាលតាមវិធីវះកាត់?
វេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត នឹងពន្យល់ពីដំណើរការទឹកភ្លោះនេះ។ ទឹកភ្លោះ ជាវដ្តជីវិតរបស់កូន វាកើតឡើងពីទឹករងៃ និងឈាមរបស់ម្តាយដែលជ្រាបចូលតាមរយៈសុក តាំងពីសប្តាហ៍ដំបូងនៃការមានគភ៌។ ការបែកទឹកភ្លោះរបស់ស្ត្រីពពោះនៅត្រីមាសទី១ និងទី២ មិនអាចជួយបានទេ ដោយសារជំងឺផ្សេងៗ ឬកត្តាជាច្រើនទៀត។ តែសម្រាប់ស្ត្រីគ្រប់ខែវិញទឹកភ្លោះនឹងស្រកទៅវិញខ្លះ ព្រោះពេលគ្រប់ ឬលើសខែនោះ ទឹកភ្លោះលែងបង្កើតមកទៀតហើយ។
ចំណែកបញ្ហាបែកទឹកភ្លោះ មិនឈឺពោះអាចមកពីបញ្ហាណាមួយ ដូចនេះបើទឹកភ្លោះបែកហើយមានជម្រើស ២ គឺកើតធម្មជាតិ ឬក៏វះកាត់តាមករណីជាក់ស្ដែង ដោយរង់ចាំមើលឲ្យឈឺពោះ កូនវិលចូលអាងត្រគាក បើកស្បូនបើក ពេទ្យនឹងឲ្យកើតតាមធម្មជាតិ។ ប៉ុន្តែបើបែកទឹកភ្លោះយូរកូនមិនបង្វិលក្បាល ក្បាលធំពេក កូនទន្ទឹងពោះ ស្ងួតទឹកភ្លោះអស់ ហើយមើលទៅពិបាក ឬគ្រោះថ្នាក់ក្នុងពេលសម្រាលធម្មជាតិ ទាំងម្ដាយ ទាំងកូន ជម្រើសវះកាត់ល្អបំផុត។ មួយវិញទៀតបើបែកទឹកភ្លោះ និងឈឺពោះតែឈឺខ្លាំង ស្បូនមិនបើក ក៏ពេទ្យមិនឲ្យសម្រាលតាមធម្មជាតិដែរ ព្រោះនៅពេលឈឺពោះកាន់តែខ្លាំង ស្បូននឹងចុះខ្សោយដោយសារការច្របាច់ ដែលនេះមានគ្រោះថ្នាក់ចំពោះម្ដាយ និងកូន។
សាស្ត្រាចារ្យវេជ្ជបណ្ឌិតរូបនោះ បានបញ្ជាក់ទៀតថា ការសម្រេចចិត្តឲ្យស្ត្រីសម្រាលដោយវិធីណាមួយទាមទារឲ្យគ្រូពេទ្យយកចិត្តទុកដាក់ ទាំងដំណើរការបែកទឹកភ្លោះ ស្បូន ចង្វាក់បេះដូងកូន និងសុខភាពម្ដាយ។ លោកបន្ថែមទៀត ការបែកទឹកភ្លោះរយៈពេលយូរ ឬឆាប់ មិនអាចកំណត់ឲ្យគ្រូពេទ្យសម្រេចប្រើវិធីសាស្ត្រណាមួយភ្លាមៗឡើយ។
ជារួមទាំងថ្នាំដាក់ឲ្យឈឺពោះ និងវិធីវះកាត់ គ្រូពេទ្យត្រូវវិភាគ និងពន្យល់ទៅកាន់សាមីខ្លួន និងក្រុមគ្រួសារ ហើយគ្រូពេទ្យតែងតែលើកទឹកចិត្តឲ្យស្ត្រីសម្រាលកូនតាមធម្មជាតិតាមដែលអាចធ្វើទៅបាន ករណីមើលឃើញថាគ្រោះថ្នាក់ ទើបបង្វែរមកវិធីវះកាត់វិញ។
[embed-health-tool-due-date]