ស្រីៗយើងកំពុងពពោះជាការប្រសើរណាស់ដែលបានទៅពិនិត្យផ្ទៃពោះទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យ។ ការពិនិត្យផ្ទៃពោះមិនត្រឹមតែអាចជួយឲ្យស្រីៗយើងបានដឹងពីផលវិបាក និងអាចទប់ស្កាត់ទាន់ពេលវេលានោះទេ យើងក៏អាចដឹងថាកូនក្នុងផ្ទៃមានសុខភាពបែបណាដែរ។
១.ផលវិបាកអាចកើតមានចំពោះស្រីមានផ្ទៃពោះ
ស្រ្តីមានផ្ទៃពោះភាគច្រើនមិនមានជួបផលវិបាកពេលមានផ្ទៃពោះនោះទេ តែក៏មានដែលស្រ្តីមួយចំនួនផ្សេងទៀតបានជួបផលវិបាកទាំងនេះ។ ផលវិបាកកើតមានអំឡុងពេលពពោះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពម្ដាយ ឬកូនក្នុងផ្ទៃ ឬទាំងពីរនាក់តែម្ដង។ ទោះបីជាជួបផលវិបាកពេលពពោះក៏ដោយ តែបើស្រីយើងបានទៅពិនិត្យសុខភាព និងបានដឹងទាន់ពេល យើងអាចទទួលបានការថែទាំ និងកាត់បន្ថយហានិភ័យកើតមានលើយើង និងកូនយើងបាន។
ផលវិបាកទាំងនោះអាចមាន៖
- សម្ពាធឈាមឡើងខ្ពស់
- ជំងឺលើសឈាមពេលពពោះ
- ជំងឺបម្រុងក្រឡាភ្លើង
- សម្រាលមុនខែ និង
- ការរលូតកូនជាដើម។
២. ពេលណាត្រូវប្រញាប់ទៅជួបពេទ្យ?
ជាស្រ្តីមានផ្ទៃពោះ យើងមិនត្រូវស្ទាក់ស្ទើរក្នុងការទៅស្វែងរកជំនួយ ឬប្រឹក្សាយោបល់ជាមួយគ្រូពេទ្យនោះទេ បើយើងជួបបញ្ហា ឬមានចម្ងល់ណាមួយនោះ។ បើមានរោគសញ្ញាទាំងនេះ ស្រីៗយើងគួរប្រញាប់ទៅជួបគ្រូពេទ្យហើយដែរ។
រោគសញ្ញាទាំងនោះរួមមាន៖
- ធ្លាក់ឈាមតាមទ្វារមាស
- នៅសុខៗស្រាប់តែហើមដៃ និងមុខ
- ឈឺក្នុងពោះ
- ក្ដៅខ្លួន
- ឈឺក្បាលខ្លាំង
- វិលមុខ
- ក្អួតមិនបាត់ និង
- ស្រវាំងភ្នែក
មួយវិញទៀត បើស្រីៗយើងមានផ្ទៃពោះចូលដល់ត្រីមាសទី៣ ហើយសង្កេតឃើញថាកូនក្នុងផ្ទៃនៅសុខៗលែងសូវរើបម្រាសខុសធម្មតា ក៏គួរទៅជួបគ្រូពេទ្យដូចគ្នា។
[embed-health-tool-due-date]