ជាទូទៅ អាការៈឈឺក្បាល អំឡុងពេលពពោះ គឺមានភាពឈឺចាប់ខ្លាំង ប៉ុន្តែវាមិនបង្កជាគ្រោះថ្នាក់ឡើយ។ ម៉ាក់ៗមួយចំនួនកើតមានអាការៈឈឺក្បាល ពីព្រោះតែមានការប្រែប្រួលអ័រម៉ូន។ បន្ថែមពីនេះ ការទ្រទ្រង់ទម្ងន់ទារក ក៏អាចបង្កជាការឈឺក្បាលដែរ ដោយសារតែភាពតានតឹង និងឥរិយាបថមិនល្អរបស់ម៉ាក់ៗ។ លើសពីនេះ កត្តាដែលធ្វើឲ្យម៉ាក់ៗចេះតែឈឺក្បាលនោះ គឺដោយសារតែសាច់ដុំខ្នង ក និងក្បាលតឹងណែន កង្វះជាតិទឹក ឃ្លាន និងស្ត្រេសជាដើម។ ម្យ៉ាងវិញទៀត ប្រសិនបើយើងឈឺក្បាល និងមិនអាចកំណត់ពីមូលហេតុបាន គ្រូពេទ្យអាចណែនាំឲ្យយើងទៅធ្វើការពិនិត្យភ្នែក។ ជាក់ស្តែង មានស្រីៗមួយចំនួនប្រឈមនឹងការប្រែប្រួលគំហើញ អំឡុងពេលមានផ្ទៃពោះផងដែរ។
វិធីសាស្ត្រដោះស្រាយអាការៈឈឺក្បាល ពេលមានគភ៌
ដើម្បីបន្ថយភាពតានតឹងនៅលើស្មា និងក ម៉ាក់ៗអាចងូតទឹកក្ដៅឧណ្ហៗ ឬធ្វើការម៉ាស្សា។ល។ លើសពីនេះ ការសម្រាកឲ្យបានគ្រប់គ្រាន់ក៏ជាគន្លឹះក្នុងការបង្ការ និងដោះស្រាយបញ្ហាឈឺក្បាលនេះដែរ។ ចូររក្សាជាតិទឹកនៅក្នុងរាងកាយដោយញ៉ាំទឹកឲ្យបានច្រើន និងញ៉ាំអាហារឲ្យបានទៀងទាត់។ ជាមួយគ្នានេះដែរ ការញ៉ាំជាតិកាហ្វេអ៊ីននៅក្នុងបរិមាណតិចតួចក៏អាចបំបាត់បញ្ហាឈឺក្បាលនេះដែរ ហើយវាក៏មិនបង្កគ្រោះថ្នាក់ណាមួយឡើយ។
យើងគួរបារម្ភពីការឈឺក្បាល អំឡុងពេលមានផ្ទៃពោះ នៅពេលណា?
ទោះបីជាការឈឺក្បាល កម្រនឹងបង្កជាគ្រោះថ្នាក់ដល់យើងក៏ពិតមែន ប៉ុន្តែវាក៏អាចជាសញ្ញានៃបញ្ហាធ្ងន់ធ្ងរផងដែរ។ ការឈឺក្បាលនេះ ក៏អាចទាក់ទងទៅនឹងជំងឺបម្រុងក្រឡាភ្លើង ដូចគ្នា។ ប្រសិនបើម៉ាក់ៗកើតមានអាការៈឈឺក្បាលភ្លាមៗ ហើយមិនងាយបាត់ទៅវិញ និងមានបញ្ហាក្នុងការមើលឃើញ ដូចជាបែកអំពិលអំពែក ដែលស្រដៀងទៅនឹងជំងឺឈឺក្បាលប្រកាំង ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យភ្លាម។ បន្ថែមពីនេះ នៅក្នុងករណីដែលម៉ាក់ៗមានអាការៈក្អួតផង ឬការឈឺក្បាលកើតឡើងបន្ទាប់ពីការប៉ះទង្គិចចំក្បាល ឬមានអាការៈស្ពឹក ឬខ្សោយផ្នែកណាមួយនៃរាងកាយ អមដោយការឈឺក្បាល ឬមានការផ្លាស់ប្ដូរការមើល ឬឡើងសម្ពាធឈាម។ល។ ម៉ាក់ៗគួរតែទាក់ទងទៅកាន់គ្រូពេទ្យជាបន្ទាន់។
[embed-health-tool-due-date]