សុកពាំងមាត់ស្បូន ទងសុករុំកកូន សុទ្ធតែជាបញ្ហាចោទ ដែលស្រីៗកំពុងពពោះតែងព្រួយបារម្ភ។ ថ្ងៃនេះ Hello គ្រូពេទ្យ នឹងបកស្រាយករណីទងសុករុំកកូនជាមួយលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត តើមកអ្វី? គ្រោះថ្នាក់ទេ?
លោកវេជ្ជបណ្ឌិតថា នៅក្នុងត្រីមាសទី ១ និងទី ២ មិនមានអ្វីគួរឲ្យបារម្ភទេ សុករុំកកូន កើតមានឡើងនៅត្រីមាសទី៣ ជាពេលដែលកូនក្នុងផ្ទៃចាប់ផ្តើមកម្រើកចុះឡើង ដែលករណីខ្លះ ការធ្វើចលនានោះ សុកកូនទៅរុំកខ្លួនឯង ១ជុំ ២ជុំ ឬ៣ជុំ។
នៅពេលសួរថា ករណីសុករុំក នេះគ្រោះថ្នាក់អត់? អាចជាឧបសគ្គក្នុងការសម្រាលតាមបែបធម្មជាតិទេ? វេជ្ជបណ្ឌិតឯកទេសរោគស្ត្រីរូបនេះពន្យល់ថា សុករុំកូន ជាបញ្ហាគ្រោះថ្នាក់ ឬមិនគ្រោះថ្នាក់ អាស្រ័យទៅការរុំកនោះ តើមានប៉ុន្មានជុំ រឹតកូនតឹងកម្រិតណា? “សុកមានប្រវែងរបស់វា ក្នុងករណីដែលទងសុករុំកកូនតែ ១ជុំ កូនមិនតឹងកនោះទេ ហើយក៏មិនចោទជាបញ្ហាដែរ តែបើរុំច្រើនជុំ កាន់តែតឹង វានឹងគ្រោះថ្នាក់ តម្រូវឲ្យសម្រាលកូនដោយវះកាត់“។
អត្ថបទពាក់ព័ន្ធ៖
- ទឹកភ្លោះតិច ឬច្រើន មកពីអ្វី? គ្រោះថ្នាក់ម៉េចខ្លះ?
- មកដឹងពីមូលហេតុកូនមិនបង្វិលក្បាលចុះក្រោម និងវិធីសង្គ្រោះ
ដើម្បីដឹងថា ទងសុករុំកកូនកម្រិតណាមួយនោះ ម៉ាក់ៗត្រូវពិនិត្យអេកូមើល ព្រោះករណីសុករុំកកូនច្រើនជុំ តឹងពេក មិនអាចសម្រាលតាមធម្មជាតិបានទេ ដោយសារក្បាលកូនមិនចុះ ឯចង្វាក់បេះដូងកូនក៏ធ្លាក់ចុះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]