backup og meta

Cystic hygromas (ជំងឺ​ដុំ​ពក​ទឹក​ពី​កំណើត)

Cystic hygromas (ជំងឺ​ដុំ​ពក​ទឹក​ពី​កំណើត)

និយមន័យ

១- អ្វី​​ជាជំងឺ​ដុំ​ពក​ទឹក​ពី​កំណើត?

ជំងឺដុំពកទឹកពីកំណើត ដែល​ជា​ភាសា​បច្ចេកទេស Cystic Hygromas សំដៅ​លើ​ការ​​លូតលាស់​ ចេញ​ជា​ដុំ​ពក​ខុស​ប្រក្រតី ​ជា​ទូទៅ​លេច​ចេញ​ឡើង​នៅ​លើ ក ឬ​ក្បាល​របស់​ទារក។ វា​មាន​ជា​ដុំ​គីស​មួយ​ ឬ​ច្រើន ​លូត​លាស់​ធំ​ទៅ​ៗ​ជា​រៀង​រាល់​ថ្ងៃ។ ជំងឺ​នេះ ជា​ទូទៅ ​គឺ​កើត​មាន​ឡើង​ទាំង​អំឡុង​ពេល​ទារក​នៅ​ក្នុង​ផ្ទៃ​នៅ​ឡើយ ប៉ុន្តែ​វា​ក៏​អាច​លេច​ចេញ​ឡើង​បន្ទាប់​ពី​ក្មេង​កើត​ហើយ​ដែរ។

ជំងឺដុំពកទឹកពីកំណើត ​ជា​ដុំ​ថង់​ពេញ​ទៅ​ដោយ​ទឹក ដែល​កើត​ឡើង​ដោយ​សារ​ការ​ស្ទះ​ក្នុង​ប្រព័ន្ធ​ក្រពេញ​ទឹក​រងៃ ដោយ​សារ​ប្រព័ន្ធ​នេះ ​ជា​បណ្ដាញ​នៅ​ក្នុង​ជាលិកា​ និង​សរីរាង្គ ហើយ​មាន​នាទី​ជា​អ្នក​ដឹក​នាំ​សារធាតុ​រាវ ពេញ​រាង​កាយ និង​ដឹក​ជញ្ជូន​កោសិកា​ឈាម​ស។

ដុំ​ថង​ទឹក​នេះ ​ជាទូទៅ​លេច​ជា​ទម្រង់​ឡើង​នៅ​ចន្លោះ​សប្ដាហ៍ ទី ៩​-១៦​ នៃ​ការ​ពពោះ។ ប្រហែល​ ៥០% នៃ​​ទារក​មាន​ជំងឺ​នេះ ​កើត​ឡើង​ដោយ​សារ​តែ​មាន​ក្រូម៉ូសូម​ខុស​ប្រក្រតី។

ក្រូម៉ូសូម ​ជា​កោសិកាផ្ទុក DNA របស់​យើង ហើយ​នៅ​ពេល​​ចំណែក​ធំៗ​ណា​មួយ​បាត់​បង់ ឬ​ខូច​ខាត ផលវិបាក​ធ្ងន់ធ្ងរ​នឹង​កើត​មាន​ចំពោះ​សុខភាព​។ ​ទោះ​ជា​យ៉ាង​នេះ​ក្ដី កូន​យើង​​អាច​នឹង​មាន​បញ្ហា​ក្រូម៉ូសូម​ខុសប្រក្រតី​តិច​តួច បើសិន​ជា​ដុំពក​ទឹកនេះ​ បាត់​ទៅ​វិញ​នៅ​សប្ដាហ៍​ទី ២០។

ជំងឺដុំពកទឹកពីកំណើត អាច​បង្កើន​គ្រោះ​ថ្នាក់​​រលូត​កូន និង​ពេល​ខ្លះ​ អាច​គំរាម​ដល់​អាយុ​ជីវិត​ទៀត​ផង។ គ្រូពេទ្យ​ អាច​នឹង​ណែនាំ​ឲ្យ​យើង​​ត្រូវ​រៀប​ចំ​ពេល​សម្រាល​កូន​នៅ​មន្ទីរ​ពេទ្យ​​ធំ ក្នុង​ករណី​ពេទ្យ​រក​ឃើញ​ថា​ ទារក​ក្នុង​ផ្ទៃ​ មាន​បញ្ហា​ជំងឺ​នេះ។

២- ជំងឺដុំពកទឹកពីកំណើតកើត​ឡើង​ញឹក​ញាប់ដែរទេ?

សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​​ព័ត៌មាន​បន្ថែម។

រោគ​សញ្ញា

៣- ​រោគ​សញ្ញា​ជំងឺដុំពកទឹកពីកំណើតមាន​អ្វី​ខ្លះ?

ជំងឺដុំពកទឹកពីកំណើត អាច​នឹង​វិវត្ត​ក្រោយ​ពេល​ក្មេង​កើត​មក ប៉ុន្តែ​ប្រហែល​ជា​មិន​ងាយ​នឹង​ចាប់​អារម្មណ៍​ឃើញ​ឡើយ។ ជំងឺ​​នឹង​លេច​ចេញ​ឲ្យ​ឃើញ នៅ​ពេល​វា​រីក​ធំ​ទៅ​ៗ និង​ក្មេង​កាន់​តែ​លូត​លាស់​ធំ​ឡើងៗ ខណៈជំងឺ​នេះ​នឹង​លេច​ចេញ​ឡើង​នៅ​ពេល​​ដល់​អាយុ ២ ​ឆ្នាំ។

រោគ​សញ្ញា​ចម្បង​របស់​​ជំងឺ គឺ​មាន​ដុំ​ពក ទន់ និង​ស្ពោតៗ ដោយ​ដុំពក​នេះ ​ជា​ទូទៅ​លេច​ចេញ​នៅ​ត្រង់​ក ប៉ុន្តែ​វា​អាច​កើត​មាន​នៅ​លើ​ក្លៀក និង​ក្រលៀនដូច​គ្នា។

ទំហំ​ដុំពកទឹកពីកំណើត អាច​ចាប់​ពី​​តូច​ជាង​កាក់ ទៅ​​ធំ​ប៉ុន​កូន​បាល​។ ពេល​ដុំ​ពក​​រីក​ធំ វា​នឹង​ធ្វើ​ឲ្យ​រំខាន​ដល់​ការ​ធ្វើ​ចលនា ឬ​បណ្ដាល​ឲ្យ​មាន​ផល​វិបាក​ផ្សេងៗ​ទៀត។

អាច​នៅ​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​មិន​បាន​រៀប​រាប់​ខាង​លើ ​បើ​មាន​ក្តី​បារម្ភ​ពី​រោគ​សញ្ញា សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

៤- ពេល​ណា​ត្រូវ​ទៅ​ជួប​ពេទ្យ?

បើ​មាន​​រោគ​សញ្ញា​ដូច​រៀប​រាប់​ខាង​លើ ឬ​មាន​សំណួរ​អ្វី​មួយ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម ព្រោះ​រាង​កាយ​មនុស្ស​ម្នាក់​ៗ​ មាន​សកម្មភាព​ខុសៗ​គ្នា ដូច​នេះ​ ជា​ការ​ល្អ​បំផុត​ ត្រូវ​ពិគ្រោះ​ជាមួយ​ពេទ្យ​ ដើម្បី​អាច​រក​ដំណោះ​ស្រាយ​ល្អ​បំផុត​សម្រាប់​យើង។

មូលហេតុបង្ក

៥- មូលហេតុ​អ្វី​ខ្លះ​បង្ក​ឲ្យ​កើត​ជំងឺដុំពកទឹកពីកំណើត?

មូលហេតុ​បង្ក​ឲ្យ​មាន​ជំងឺដុំពកទឹកពីកំណើត មក​ទល់​នឹង​ពេល​នេះ នៅ​​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ ប៉ុន្តែបញ្ហា​ហ្សែន​ខុស​ប្រក្រតី ​កើត​មាន​ប្រហែល ២៥-៧៥​ ភាគរយ ចំពោះ​ក្មេង​​មាន​ជំងឺ​នេះ។

កត្តា​ប្រឈម

៦- កត្តា​ប្រឈម​ជំងឺដុំពកទឹកពីកំណើតមាន​អ្វី​ខ្លះ?

ជំងឺដុំពកទឹកពីកំណើត អាច​កើត​មាន​ឡើង​ដោយ​សារ​បញ្ហា​ហ្ស៊ែន ឬ​កត្តា​បរិស្ថាន​ជុំវិញ។ ដុំ​ពក​ អាច​នឹង​មាន​មួយ ឬ​ច្រើន​នៅ​ពេល​ដែល​គ្រូពេទ្យ​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ។ ខណៈ​កត្តា​ប្រឈម​ចប្បងនាំ​ឲ្យកើត​ជំងឺ​នេះ​មាន​ដូច​ជា៖

– កត្តា​បរិស្ថាន​៖ បរិស្ថាន​ជុំវិញ​ខ្លួន​យើង​ អាច​បង្ក​ឲ្យ​កើត​ជំងឺ​នេះ​ញឹក​ញាប់ណាស់​មាន​ដូច​ជា៖

  • ការ​បង្ក​រោគ​ដោយ​វីរុស ​ឆ្លង​ពីម៉ាក់ៗ’ ទៅ​គភ៌អំឡុង​ពេល​ពពោះ។
  • ប្រើ​ប្រាស់​គ្រឿង​ញៀន ឬផឹកស្រាអំឡុង​ពេល​ពពោះ។

– តក្តា​ហ្សែន៖ ជំងឺដុំពកទឹកពីកំណើត ឃើញ​កើត​មាន​ញឹកញាប់​ខ្លាំង​ចំពោះ​ក្មេង​មាន​បញ្ហា​ហ្សែន។ វា​កើត​ឡើង​ញឹក​ញាប់ ជា​ពិសេស​ចំពោះ​ក្មេង​ មាន​​ក្រូម៉ូសូម​ខុស​ប្រក្រតី ហើយ​បញ្ហា​ហ្សែ​ន​ខ្លះ​ៗ​នាំ​ឲ្យ​កើត​ជំងឺ​នេះមានដូច​ជា៖

  • បណ្ដុំ​រោគ​សញ្ញា Turner (Turner’s syndrome) ដែល​​ក្មេង​ស្រី​មាន​តែ​ក្រូម៉ូសូម X តែ​មួយ​ប៉ុណ្ណោះ។
  • ជំងឺ Trisomy ១៣ ១៨ ឬ ២១ (ជំងឺ​ដែល​ក្មេង​​មាន​ក្រូម៉ូសូម ​ចម្លង​លើស​ថែម​មួយ​ទៀត)។
  • បណ្ដុំ​រោគ​សញ្ញា Noonan ជា​ជំងឺ​កើត​ឡើង​ដោយ​មាន​ការ​ផ្លាស់​ប្ដូរ (Mutation) លើ​ហ្សែន​ពិសេស ១​ ក្នុងចំណោម​ហ្សែន​ពិសេស​ទាំង ​៧។

រោគវិនិច្ឆ័យ និង​ការ​ព្យាបាល

ព័ត៌មាន​ទាំង​នេះ មិន​អាច​យក​ទៅ​ប្រើ​ប្រាស់​គ្រប់​ប្រភេទ​ជំងឺ​ទេ។ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យជំ​នាញ​សម្រាប់​ព័ត៌មាន​បន្ថែម។

៧‑ ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា?

គ្រូពេទ្យ​ នឹង​តម្រូវ​ឲ្យ​ធ្វើ​ការ​បូម​យក​ទឹក​ភ្លោះ​បន្តិច (Amniocentesis) ដើម្បី​​ពិនិត្យ​មើល បើ​មាន​ការ​សង្ស័យ​ថា​ ទារក​មាន​ជំងឺ​នេះអំ​ឡុង​​ពេល​ថត​អេកូ (Ultrasound)។ ការ​ធ្វើ​តេស្ត​នេះ​ អាច​រក​ឃើញ​បញ្ហា​ខុស​ប្រក្រតី​របស់​ហ្ស៊ែន​ទារក​ក្នុង​ផ្ទៃ​បាន។

អំឡុង​ពេល​ធ្វើ​តេស្ត គ្រូពេទ្យ​នឹង​តម្រូវ​ឲ្យ​យើងគេងលើ​គ្រែ ហើយសម្អាត​ពោះ ជាមួយ​នឹង​សូលុយស្យុង​អ៊ីយ៉ូត (Iodine solution) បន្ទាប់​មក​គ្រូពេទ្យ​នឹង​ថត​អេកូ (Ultrasound) រួច​នឹង​ប្រើ​ម្ជុល​បូម​យក​សំណាក​ទឹក​ភ្លោះ​បន្តិច​ពី​ថង់​ទឹក​ភ្លោះ។

បើ​មិន​អាច​រក​ឃើញ​ជំងឺ​នេះ​ពេល​ពពោះទេ ​ក្មេង​កើត​មក​គ្រូពេទ្យ​ នឹង​តម្រូវ​ឲ្យ​ធ្វើ​តេស្ត​មួយ​ចំនួន​ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ រួម​មាន៖

– ថតកាំរស្មី​អ៊ិចលើ​ទ្រូង

– ឆ្លុះអេកូ (Ultrasound)

– ថត CT scan។

៨- ព្យាបាល​ដោយ​វិធី​ណា?

ជំងឺដុំពកទឹកពីកំណើត មិន​អាច​ព្យាបាល​​ពេលទារក​នៅ​ក្នុង​ផ្ទៃបាន​ទេ។ ផ្ទុយ​ទៅ​វិញ ​គ្រូ​ពេទ្យ​នឹង​ពិនិត្យ​មើល​សុខភាព​ទារក​យ៉ាង​ល្អិត​ល្អន់​​បំផុត។ ជំងឺ​នេះ​ បើ​រក​ឃើញ​ទាន់​ពេល​នៅ​អំឡុង​ពេល​ពពោះ ពេល​ខ្លះ​អាច​នឹង​បាត់​ទៅ​វិញ​មុន​ពេល​សម្រាល។ ទាម​ទារ​ឲ្យ​យើង​រៀប​ចំ​ពេល​សម្រាលនៅ​ឯ​មន្ទីរ​ពេទ្យ​ៗ ​មាន​សម្ភារៈ​ទំនើបៗ ដើម្បី​ការ​ពារ​ផលវិបាក​ផ្សេងៗ​អំឡុង​ពេល​សម្រាល។

ជំងឺ​ដុំពក​នេះ​ ជា​ទូទៅអាច​ព្យាបាល​បាន បើ​កើត​មាន​នៅ​ពេល​កើត ឬ​នៅ​ពេល​វិវត្ត​ក្រោយ​មក​ទៀត។ ជំហាន​ទី​មួយ​នៃ​ការ​ព្យាបាល គឺត្រូវ​​វះកាត់ ដោយ​កាត់​ដុំ​ពក​ទាំង​មូល​ចេញ​ ដើម្បី​ការ​ពារ​កុំ​ឲ្យ​កើត​មាន​ឡើង​វិញ។

ករណី​ខ្លះ គ្រូពេទ្យ​អាច​នឹង​មិន​វះកាត់​យក​ដុំ​ធំ​ខ្លាំង​នោះ​ទេ ព្រោះ​ដុំពក​នោះ​ មិន​មែន​ជា​ដុំ​មហារីក ហើយ​គ្រូពេទ្យ​នឹង​មិន​ចង់​វះកាត់​វា​ចេញ​ឡើយ បើ​សិន​ការ​វះ​កាត់​នោះ​ ​ធ្វើ​ឲ្យ​ប្រឈម​ខូច​ជាលិកា​​មាន​សុខភាព​ល្អ​ផ្សេង​ទៀត។ ផ្ទុយ​ទៅ​វិញ គ្រូពេទ្យ​ នឹង​ប្រើ​វិធីសាស្ត្រ​ផ្សេង​ទៀត​ដើម្បី​បង្រួមដុំ​ពក​ឲ្យ​តូច ដូច​ជា៖

– ​ចាក់​ថ្នាំ​ចូល​ទៅ​ក្នុង​ដុំគីស (Sclerotherapy)

– ព្យាបាល​ដោយ​ថ្នាំ​គីមី

– ព្យាបាល​ដោយ​វិទ្យុ​សកម្ម

– ព្យាបាល​ដោយ​ថ្នាំស្តេរ៉ូអ៊ីត

យ៉ាង​ណា វិធីសាស្ត្រ​ទាំង​នោះ ​គ្មានប្រសិទ្ធិភាពពេញ​លេញ​ទេ​ចំពោះ​ដុំ​ពក​គីសមាន​ទម្រង់​តូច ប៉ុន្តែ​វា​អាច​មាន​សារ​សំខាន់​ ក្នុង​ការ​បង្រួញ​ដុំ​ដែល​រីក​ធំ​ខ្លាំង។ ពេល​​ដុំ​ពក​គីស​​រួម​តូច​ល្មម ការ​វះកាត់​យកចេញ​ នឹង​កាន់​តែ​ងាយ​ស្រួល។

ផ្លាស់ប្តូរទម្លាប់រស់នៅ

៩- ទម្លាប់​រស់​នៅ

​ផ្លាស់​ប្ដូរ​ទម្លាប់​រស់​នៅ​ និងវិធី​​ព្យាបាល​នៅ​ផ្ទះ​ដូច​ខាង​ក្រោម អាច​ជួយ​ឲ្យ​យើង​​គ្រប់​គ្រង និង​បង្ក​កុំ​​ឲ្យ​កូន​កើត​មាន​​ជំងឺដុំពកទឹកពីកំណើត ពិសេស​មិន​ត្រូវ​ព្យាយាម​ចាក់ ឬ​បង្ហូរ​ដុំទឹក​នោះ​ដោយ​ខ្លួន​ឯង​ដាច់​ខាត់ ព្រោះអាច​បង្ក​ជា​ការ​ហូរ​ឈាម​ធ្ងន់​ធ្ងរ និង​នាំ​ឲ្យ​មាន​ការ​បង្ក​រោគ​បាន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយគ្រូ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Your Baby and Cystic Hygromas https://www.healthline.com/health/cystic-hygroma Accessed March 8, 2018

Cystic hygroma https://rarediseases.info.nih.gov/diseases/6234/cystic-hygroma  Accessed March 8, 2018

Cystic Hygroma https://www.medicinenet.com/cystic_hygroma/article.htm#cystic_hygroma_facts Accessed March 8, 2018

កំណែ​ប្រែបច្ចុប្បន្ន

22/10/2019

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Oct 22, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម