ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!
ទំនៀមទម្លាប់ខ្មែរ ស្ត្រីក្រោយសម្រាលកូន ចាស់ៗតែងតម្រូវឲ្យឆ្ពុង ដើម្បីឲ្យសាច់ចាំស្អាតក្មេងជាងវ័យ។ ចំពោះការធ្វើបែបនេះគ្រូពេទ្យគ្មានការបកស្រាយ ឬជំទាស់អ្វីឡើយ ឲ្យតែសមស្របជាមួយសុខភាពយើង ប៉ុន្តែបើឆ្ពុងញឹកញាប់ជ្រុលអាចនាំទុក្ខដល់ខ្លួនទៅវិញទេ។
អ្នកគ្រូពេទ្យឆ្មប សុំ សូរិយា បម្រើការងារនៅមន្ទីរពេទ្យបង្អែក ខ្សាច់កណ្ដាល ខេត្តកណ្ដាល បានឲ្យដឹងថា ការឆ្ពង់នេះពិតជាមានភាពពេញនិយមសម្រាប់ស្ត្រីសរសៃខ្ចីមែន ដោយមានជំនឿថាជួយឲ្យសាច់សស្អាត ភ្លឺរោង។ ប៉ុន្តែនៅពេលដែលយើងឆ្ពុងច្រើនហួសកម្រិតរហូតដល់ ២ ដង/ថ្ងៃ អាចបំផ្លាញស្បែកទៅវិញទេ ដោយសារចំណាយទឹកក្ដៅខ្លាំងពេក។
នៅពេលឆ្ពុងខ្លាំងពេកស្បែកនឹងប្រែទៅជា៖
– ស្ងួត
– របកបែកស្រកា
– រមាស់ពេញខ្លួន
– ខ្សោះជាតិទឹកក្នុងខ្លួន
– ជាំស្បែក ជាពិសេសមុខ
– ស្បែកក្រហម
– រលាកស្បែកជាដើម
ដូចនេះហើយបើចង់បានស្បែកនៅតែស្អាត លេបថ្នាំជាតិដែក និងវីតាមីនដែលគ្រូពេទ្យតម្រូវឲ្យញ៉ាំ ដើម្បីបំពេញភាពស្លេកស្លាំង ញ៉ាំអាហារឲ្យបានគ្រប់គ្រាន់ជាពិសេសពពួកបន្លែ និងញ៉ាំផ្លែឈើ សម្បូរជាតិវីតាមីន C។ នៅពេលញ៉ាំអាហារបានគ្រប់គ្រាន់ ផឹកទឹកច្រើន និងសម្រាកបានពេញលេញ សុខភាពស្បែកនឹងស្អាតតាមបែបធម្មជាតិ។ មួយវិញទៀតត្រូវមានអនាម័យខ្លួនប្រាណ ដោយងូតទឹកដុសសាប៊ូ និងស្លៀកសម្លៀកបំពាក់ដែលមានសាច់កំណាត់ទន់ៗ មិនបាច់ឃ្លុំជិតឈឹង ដើម្បីឲ្យស្បែកបានទទួលខ្យល់ចេញចូល។
[embed-health-tool-ovulation]