ជាទូទៅ ម៉ាក់ៗដែលមានសុខភាពល្អ នឹងសម្រាលកូនដែលមានសុខភាពល្អដូចគ្នា ហើយកត្តានេះ ក៏ពាក់ព័ន្ធទៅនឹងការថែទាំសុខភាពមាត់ធ្មេញរបស់ម៉ាក់ៗនៅពេលមានទម្ងន់ផងដែរ។ ពិតណាស់ សុខភាព និងអនាម័យមាត់ធ្មេញរបស់យើង អាចប៉ះពាល់ដល់សុខភាពមាត់ធ្មេញរបស់ទារកបាន។ ដូច្នេះហើយ ការណាត់ជួបជាមួយនឹងពេទ្យធ្មេញ ក៏មានសារសំខាន់ដូចទៅនឹងការណាត់ជួបជាមួយនឹងពេទ្យផ្នែកសម្ភពដែរ។
ដំណាក់កាលសំខាន់ៗនៃការថែទាំមាត់ធ្មេញនៅអំឡុងពេលមានគភ៌
១. ដំណាក់កាលមុនមានផ្ទៃពោះ
ការពិនិត្យសុខភាពមាត់ធ្មេញ មុនពេលដែលយើងសម្រេចចិត្តថាយកកូនគឺជាទង្វើដ៏ល្អបំផុត ដែលម៉ាក់ៗមិនគួរមើលរំលងឡើយ។ នៅដំណាក់កាលនេះ គឺនៅពុំមានការដាក់កំហិតណាមួយទៅលើការប្រើប្រាស់ថ្នាំ និងធ្វើតេស្តនោះទេ ដូច្នេះហើយ ម៉ាក់ៗអាចទទួលការព្យាបាលគ្រប់ប្រភេទ ប្រសិនបើចាំបាច់។
២. នៅអំឡុងពេលមានគភ៌
ប្រសិនបើម៉ាក់ៗមិនបានទៅពិនិត្យសុខភាពមាត់ធ្មេញនៅអំឡុងពេលត្រៀមយកកូន ឬក៏មិនមានបញ្ហាណាមួយនៅអំឡុងពេលពិនិត្យទេនោះ ការទៅជួបជាមួយនឹងពេទ្យធ្មេញ នៅអំឡុងពេលមានផ្ទៃពោះ គឺជារឿងចាំបាច់បំផុត។ ទោះបីជាវាមិនមានសុវត្ថិភាពក្នុងការប្រើថ្នាំ ឬការព្យាបាលណាមួយក្នុងអំឡុងត្រីមាសទី១ និងទី៣ក៏ដោយ យើងចាំបាច់ត្រូវតែទៅជួបជាមួយនឹងពេទ្យធ្មេញ។
យ៉ាងណាមិញ ត្រីមាសទី២ គឺជាពេលវេលាដែលមានសុវត្ថិភាពក្នុងការព្យាបាលណាមួយ ដូចជាឫសប្រហោងធ្មេញ និងការវះកាត់តូចតាចជាដើម។ រីឯបាក់តេរីដែលបណ្ដាលឲ្យពុកធ្មេញ និងបាក់តេរីដែលពាក់ព័ន្ធជាមួយនឹងអញ្ចាញធ្មេញ មានផលប៉ះពាល់ទៅនឹងទម្ងន់ខ្លួនរបស់ទារក ដែលអាចធ្វើឲ្យពួកគេមានទម្ងន់ខ្លួនស្រាល។ កត្តានេះ ក៏អាចធ្វើឲ្យក្មេងមានឱកាសខ្ពស់ក្នុងការវិវត្តន៍ទៅការពុកធ្មេញ នៅពេលដែលពួកគេធំពេញវ័យផងដែរ។
ដូច្នេះហើយ ម៉ាក់ៗមិនត្រឹមតែដុសធ្មេញដើម្បីខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីកូននៅក្នុងផ្ទៃផងដែរ ហើយអនាម័យមាត់ធ្មេញនៅអំឡុងពេលមានផ្ទៃពោះ គឺអាចកំណត់ពីសុខភាពមាត់ធ្មេញរបស់ក្មេងនៅពេលអនាគតថែមទៀតផង។
ការថែទាំមាត់ធ្មេញដោយខ្លួនឯង
នៅពេលដែលបញ្ហាមាត់ធ្មេញធំៗត្រូវបានដោះស្រាយរួច ម៉ាក់ៗគួរអនុវត្តន៍តាមតិចនិកងាយៗខាងក្រោមនេះ ដើម្បីទទួលបានសុខភាពមាត់ធ្មេញល្អ។
១. ញ៉ាំអាហារដែលជំនួយដល់ធ្មេញ
ធ្មេញរបស់អាអូនចាប់ផ្ដើមលូតលាស់ នៅអំឡុងត្រីមាសទី២ ហើយអ្វីដែលយើងញ៉ាំ គឺពិតជាមានផលប៉ះពាល់ដ៏លើសលប់ដល់កូនក្នុងផ្ទៃ។ ហេតុនេះហើយ ម៉ាក់ៗគួរញ៉ាំប្រភេទអាហារដែលមានសារធាតុចិញ្ចឹមចម្រុះ ដូចជាទឹកដោះគោជូ បន្លែបៃតង និងធញ្ញជាតិទាំងមូល។ បន្ថែមពីនេះ ម៉ាក់ៗគួរញ៉ាំវីតាមីនC កាល់ស្យូម និងវីតាមីនB12 ជាប្រចាំ។
២. តិចនិកដោះស្រាយបញ្ហាកុំឲ្យក្អួតចង្អោរខ្លាំង
ម៉ាក់ៗ ដែលមានអាការៈចាញ់កូន ចាំបាច់ត្រូវដុះធ្មេញរាល់ពេលដែលក្អួតចង្អោររួច ដោយប្រើថ្នាំដុះធ្មេញដែលមិនមានជាតិកាត់ ពីព្រោះអាស៊ីដនៃកម្អួត អាចបំផ្លាញកាចាធ្មេញរបស់យើងបាន ប្រសិនបើយើងមិនសម្អាតឲ្យបានទាន់ពេលវេលា។
៣. ការថែទាំប្រចាំថ្ងៃ
ចូរដុះធ្មេញយ៉ាងហោចណាស់២ដងក្នុងមួយថ្ងៃ ដោយប្រើថ្នាំដុះធ្មេញដែលមិនមានជាតិកាត់ និងជ្រើសរើសប្រភេទច្រាស់ដុះធ្មេញទន់ៗ ក៏ដូចជាប្រើខ្សែទាក់ធ្មេញ (floss) ជាប្រចាំ។ នៅក្នុងករណីដែលយើងមានអាការៈឈឺធ្មេញ ឈាមអញ្ចាញធ្មេញ ឬធ្មេញប្ដូរពណ៌ ចូរទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជាបន្ទាន់។
ការមានផ្ទៃពោះ បណ្ដាលឲ្យមានការប្រែប្រួលអ័រម៉ូន ដែលបង្កើនហានិភ័យនៃការវិវត្តន៍ទៅរកជំងឺអញ្ចាញធ្មេញ និងអាចប៉ះពាល់ដល់សុខភាពនៃការលូតលាស់ធ្មេញរបស់ទារកផងដែរ។
[embed-health-tool-ovulation]