នៅពេលដែលការធ្វើមេតាបូលីសរបស់យើងយឺតជាងធម្មតាអាចបណ្ដាលឲ្យឡើងទម្ងន់ និងមានខ្លាញ់ច្រើន។ ការធ្វើមេតាបូលីសសំដៅលើដំណើរការដែលរាងកាយបំលែងអាហារទៅជាថាមពលដើម្បីធ្វើសកម្មភាពផ្សេងៗប្រចាំថ្ងៃ។ កត្តាដែលកំណត់ល្បឿននៃការធ្វើមេតាបូលីសរួមមាន៖
- ទំហំរាងកាយ៖ អ្នកដែលមានសាច់ដុំច្រើនតែងដុតកាឡូរីបានច្រើនទោះបីពេលកំពុងសម្រាកក៏ដោយ
- ភេទ៖ មនុស្សប្រុសតែងមានខ្លាញ់តិច និងមានសាច់ដុំច្រើនជាងស្ត្រី
- កត្តាអាយុ៖ នៅពេលចាស់ទៅ សាច់ដុំមានការថយចុះ ហើយខ្លាញ់នឹងកើនឡើងដែលអាចពន្យឺតការធ្វើមេតាបូលីស។
ជាធម្មតា ការធ្វើមេតាបូលីសរបស់យើងគឺមានមិនមានការប្រែប្រួលទេ ប៉ុន្តែយើងអាចពន្លឿនការធ្វើមេតាបូលីសបានតាមរយៈអាហារ។ ការធ្វើមេតាបូលីសលឿនអាចផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាពដូចជាបន្ថែមថាមពល មិនងាយអស់កម្លាំង ផ្ចង់អារម្មណ៍បានល្អ និងមិនងាយឡើងទម្ងន់ទៀត។ អាហារមួយចំនួនខាងក្រោមអាចជួយពន្លឿនការធ្វើមេតាបូលីស។
១. សាច់អត់ខ្លាញ់
ពេលរំលាយប្រូតេអ៊ីនរាងកាយធ្វើការខ្លាំងជាងពេលរំលាយកាបូអ៊ីដ្រាត ឬខ្លាញ់។ ហេតុនេះហើយអ្នកជំនាញបានណែនាំឲ្យការញ៉ាំសាច់អត់ខ្លាញ់ដូចជាសាច់មាន់ និងសាច់ត្រី។ ដំណើរការរំលាយអាហារគឺត្រូវការថាមពលច្រើន ដូចនេះហើយរាងកាយដុតកាឡូរីដើម្បីបំបែកអាហារទាំងនោះ។ ការសិក្សាជាច្រើនក៏បានបង្ហាញថាប្រូតេអ៊ីនអាចបង្កើនការដុតកាឡូរីក្រោយអាហារបានរហូតដល់ ៣៥%។ ម៉្យាងទៀត រាងកាយត្រូវការប្រូតេអ៊ីនដើម្បីបង្កើនសាច់ដុំ ហើយពេលយើងមានសាច់ដុំកាន់តែច្រើន ការធ្វើមេតាបូលីសកាន់តែលឿន។
២. ពពួកសណ្ដែក (Legumes)
គ្រាប់សណ្ដែកគឺជាប្រភពដ៏ល្អសម្រាប់ប្រូតេអ៊ីនរុក្ខជាតិ ហើយក៏សម្បូរជាតិសរសៃដែរ។ រាងកាយយើងប្រើថាមពលច្រើននៅពេលបំបែកជាតិសរសៃ និងប្រូតេអ៊ីនដែលនេះអាចរក្សាការធ្វើមេតាបូលីសឲ្យមានដំណើរការល្អ។ ជាតិសរសៃខ្ពស់ក្នុងសណ្ដែកក៏ជួយរក្សាលំនឹងកម្រិតជាតិស្ករក្នុងឈាម និងបង្ការការឃ្លានរបស់ផ្អែមនៅពេលរសៀល។ បន្ថែមពីនេះទៀត ពពួកសណ្ដែកក៏ផ្តល់ជាតិដែក ស័ង្កសី និងសេលេន្យូមដែលសុទ្ធតែជាជាតិរ៉ែក្រពេញទីរ៉ូអ៊ីតត្រូវការដើម្បីផលិតអ័រម៉ូនឲ្យបានគ្រប់គ្រាន់។ បើគ្មានជាតិរ៉ែទាំងនេះ ការធ្វើមេតាបូលីសរបស់យើងអាចយឺត ឬចុះខ្សោយ។
៣. គ្រាប់ផ្លែឈើ (Nuts)
គ្រាប់ផ្លែឈើជាប្រភពនៃប្រូតេអ៊ីន និងជាតិសរសៃ។ ការស្រាវជ្រាវបានបង្ហាញថាអ្នកដែលញ៉ាំគ្រាប់ផ្លែឈើជាប្រចាំតែងមានហានិភ័យទាបនៃភាពស៊ាំអាំងស៊ុយលីន (Insulin Resistance) និងមានទំហំចង្កេះតូចជាងអ្នកដែលមិនញ៉ាំ។ នៅពេលដែលយើងមានភាពស៊ាំអាំងស៊ុយលីនទាប រាងកាយយើងនឹងមិនស្តុកជាតិខ្លាញ់ច្រើន ឬវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទ២ ។ គ្រាប់ផ្លែឈើត្រូវការពេលយូរក្នុងការបំបែក ជួយឲ្យឆ្អែតបានយូរ និងការធ្វើមេតាបូលីសឲ្យប្រសើរឡើង។
៤. ជាតិកាហ្វេអ៊ីន
ជាតិកាហ្វេអ៊ីនអាចជួយដាស់ស្មារតី និងជំរុញដល់ការធ្វើមេតាបូលីសបានដោយជាតិកាហ្វេអ៊ីនទប់ស្កាត់តំណភ្ជាប់ប្រព័ន្ធសរសៃប្រសាទឈ្មោះ Adenosine ដែលជំរុញឲ្យបញ្ចេញអ័រម៉ូន dopamine និងអ័រម៉ូន norepinephrine។ អ័រម៉ូនទាំងនេះជួយដាស់ស្មារតី និងអាចធ្វើឲ្យយើងហាត់ប្រាណបានយូរ។ ការសិក្សាជាច្រើនបានបង្ហាញថាជាតិកាហ្វេអ៊ីនអាចបង្កើនអត្រាការធ្វើមេតាបូលីសប្រហែល ៣-១១% តាមកម្រិតដែលយើងញ៉ាំ ហើយក៏ជួយការដុតខ្លាញ់លឿនជាងមុន។
[embed-health-tool-bmr]