បច្ចុប្បន្នមានផលិតផលជាច្រើនអាចជួយឲ្យស្បែកយើងមានសុខភាពល្អ និងមើលទៅក្មេងជាងវ័យ។ ប៉ុន្តែគ្នាយើងដឹងទេថា ការថែទាំស្បែកមិនមែនតែគិតគូលើស្បែកផ្នែកខាងក្រៅនោះទេ យើងត្រូវគិតគូពីសុខភាពស្បែកខាងក្នុងមកវិញដែរ។
អ្វីដែលគ្នាយើងញាំរាល់ថ្ងៃក៏អាចមានឥទ្ធិពលដល់ស្ថានភាពស្បែកទូទៅ ឬក៏អាចបង្កជាហានិភ័យដល់សុខភាពស្បែកដែរ។ ដូចយើងដឹងហើយថា អាហារមួយចំនួនជួយបំប៉នដល់សុខភាពស្បែក និងចិញ្ចឹមស្បែកឲ្យមានសុខភាពល្អ។
១.គ្រាប់រុក្ខជាតិ
គ្រាប់រុក្ខជាតិ គឺអាចផ្ដល់ផលប្រយោជន៍ចំពោះសុខភាពស្បែកដោយវាមានសារធាតុខ្លាញ់ជួយចិញ្ចឹមស្បែករបស់យើង។ គ្រាប់ស្វាយចន្ទី ឬគ្រាប់វ៉លណាត់ ក៏សម្បូរទៅដោយវីតាមីន E ដែលប្រឆាំងនឹងអុកស៊ីតកម្ម ប្រឆាំងការខូចខាតរ៉ាឌីកាល់ និងប្រឆាំងពីភាពចាស់។
២.តែ
តែប្រភេទនីមួយៗមានសារធាតុប្រឆាំងអុកស៊ីតកម្មខុសៗគ្នា ប៉ុន្តែវាសុទ្ធតែមានឥទ្ធិពលសម្រាប់ប្រឆាំងនឹងភាពចាស់បាន។ ចំពោះតែបៃតងត្រូវបានគេឲ្យដឹងថាអាចជួយធ្វើឱ្យកោសិកាស្បែករបស់យើងលូតលាស់ឡើងវិញ។
៣.ត្រីសាល់ម៉ុន
ត្រីសាល់ម៉ុន គឺសម្បូរទៅដោយអាស៊ីដខ្លាញ់អូមេហ្គា ៣ ដែលជួយកាត់បន្ថយការរលាក និងផ្ដល់សារធាតុចិញ្ចឹមចាំបាច់ដល់ស្បែក។ ដើម្បីទទួលបានអត្ថប្រយោជន៍យើងត្រូវញាំយ៉ាងតិចពីរដងក្នុងមួយសប្ដាហ៍។
៤.ការ៉ុត
ការ៉ុត គឺជាបន្លែមួយប្រភេទដែលសម្បូរទៅដោយ Beta-carotene ដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងខ្លួនយើង ហើយអាចបង្កើតជាវីតាមីនA ដែលជួយជួសជុល និងថែរក្សាស្បែកឱ្យមានសុខភាពល្អ។
៥.ផ្លែបឺរ
ផ្លែបឺរ សម្បូរទៅដោយសារធាតុខ្លាញ់សំខាន់ៗដែលយើងត្រូវការដើម្បីចិញ្ចឹមស្បែក និងសក់របស់ពីខាងក្នុង និងជាប្រភពដ៏អស្ចារ្យនៃវីតាមីនE អាចជួយការពារស្បែកពីភាពចាស់ និងការខូចខាតដោយសារពន្លឺព្រះអាទិត្យ។
៦.ផ្លែគីវី
គ្នាយើងតែងគិតទៅដល់ផ្លែក្រូចថាជាប្រភពដ៏ល្អបំផុតនៃវីតាមីន C ប៉ុន្តែតាមពិតផ្លែគីវី និងផ្លែត្របែកក៏មានវីតាមីនដូចគ្នានិងផ្លែក្រូចដែរ។ វីតាមីនC គឺចាំបាច់ដើម្បីបង្កើតឲ្យមានប្រូតេអ៊ីន ខូឡាជែន ដែលជួយផ្ដល់ឱ្យស្បែកនូវភាពក្មេងជាងវ័យ រក្សាជាតិទឹក និងការពារពីភាពជ្រីវជ្រួញផងដែរ។
[embed-health-tool-bmr]