ប្រអប់ជើង ជាអវយវៈសំខាន់សម្រាប់ទប់លំនឹងខ្លួន និងធ្វើដំណើរ។ ដូចទៅនឹងសរីរាង្គផ្សេងទៀត ប្រអប់ជើង ក៏ត្រូវការអុកស៊ីហ្សែនទៅចិញ្ចឹមដូចគ្នា ហើយរឿងនេះជឿថា យើងភាគតិចណាស់ចាប់អារម្មណ៍ ឬយកចិត្តទុកដាក់។ យ៉ាងណា គួរចេះថែរក្សាសុខភាពប្រអប់ជើងឲ្យបានល្អ ព្រោះជំងឺមួយចំនួនអាចបង្កបញ្ហាឈឺប្រអប់ជើងបាន។ “Hello គ្រូពេទ្យ’ នឹងណែនាំអាហារមួយចំនួន គួរញ៉ាំ និងមិនគួរញ៉ាំ ដើម្បីសុខភាពប្រអប់ជើងឲ្យយើងបានដឹង។
១- មូលហេតុរលាក និងឈឺចាប់នៅប្រអប់ជើង
ការរលាក ជាបញ្ហាចម្បងមួយបណ្តាលមកពីកង្វះអាហារូបត្ថម្ភ ប៉ុន្តែអាហារមួយចំនួន ក៏អាចធ្វើឲ្យរលាកកោសិកាដូចគ្នា អាចធ្វើរលាកសរសៃពួរនៅបាតជើង និងកន្លែងផ្សេងៗទៀតនៃប្រអប់ជើង ជាហេតុនាំធ្វើឈឺ ពិបាកដើរ ឬរត់។
អាហារអាចធ្វើឲ្យរលាកកាន់តែខ្លាំង មានដូចជា ពពួកគ្រាប់ធញ្ញជាតិចម្រាញ់ ស្ករ និងខ្លាញ់ (Trans fat) ក្នុងអាហារដុត និងពពួកអាហារសម្រន់សម្បូរខ្លាញ់ ខ្លាញ់ឆ្អែតក្នុងសាច់ក្រហម អាស៊ីដអូមេហ្កា ៦ ក្នុងប្រេងបន្លែ (ពោត សណ្តែកសៀង គ្រាប់ផ្កាឈូករ័ត្ន) ជាដើម។ ប្រតិកម្មរ៉ាំរ៉ៃជាមួយអាហារ ដូចជា ស្រូវសាលី ក៏ធ្វើឲ្យយើងប្រឈមការរលាកផងដែរ។ អាហារមានជាតិស្ករច្រើន នឹងធ្វើឲ្យកោសិការលាកនោះ រលាកកាន់តែធ្ងន់ធ្ងរ ដូចជា ស្ករគ្រាប់ ម្សៅស្រូវសាលី និងមីអ៊ីតាលី។
២- ជំងឺសរសៃឈាមអាកទែ និងទឹកនោមផ្អែម
ជំងឺទាំងពីរនេះ ត្រូវគេជឿថា អាចធ្វើឲ្យខូចប្រអប់ជើង ដោយសារវាទៅបំផ្លាញសរសៃឈាមអាកទែនៅចុងជើងតែម្តង។ យ៉ាងណា យើងអាចការពារខ្លួនបាន ដោយញ៉ាំអាហារមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងត្រឹមត្រូវ ខណៈអាហារមានខ្លាញ់ឆ្អែតតិច ជាតិប្រៃតិច និងបន្លែផ្លែឈើច្រើន អាចជួយកាត់បន្ថយការប្រឈមនឹងជំងឺសរសៃឈាមអាកទែបាន។ មានការសិក្សាបង្ហាញថា អាស៊ីដខ្លាញ់អូមេហ្កា ៣ ក៏ជួយបន្ថយការប្រឈមនេះផងដែរ។
ចំពោះអ្នកទឹកនោមផ្អែមវិញ ញ៉ាំអាហារល្អចំពោះសុខភាពឲ្យបានត្រឹមត្រូវ អាចជួយយើងគេចផុតពីផលវិបាកលើប្រអប់ជើងបានយ៉ាងច្រើន។ និយាយឲ្យចំ គួរញ៉ាំអាហារសម្បូរដោយគ្រាប់ធញ្ញជាតិ សណ្តែក បន្លែ ផ្លែឈើ សាច់សុទ្ធ មានជាតិស្ករ និងខ្លាញ់តិច ជារឿងល្អ។
អត្ថបទពាក់ព័ន្ធ៖
- អាហារពិសេសទាំងនេះ សក្តិសមបំផុតសម្រាប់អ្នកឧស្សាហ៍ឈឺក្បាលជង្គង់
- អាថ៌កំបាំងនៅពីក្រោយទឹកសុខភាព យើងភាគច្រើនភ័ន្តច្រឡំ!
៣- ការព្យាបាលផ្សេងៗទៀត
អាហារមានស្ករច្រើន អាចធ្វើឲ្យមានការបង្ករោគផ្សិតនៅជើង និងផ្នែកផ្សេងៗទៀតនៃរាងកាយ ហើយបើមានផ្សិតនៅកន្លែងណាមួយ គួរចៀសវាងអាហារសម្បូរជាតិស្ករ។ ក្រៅពីនេះ ត្រូវដឹងថា បាតជើងយើងទ្រទម្ងន់រាងកាយយើងទាំងមូលនៅពេលឈរ ហេតុនេះទម្ងន់ខ្លួនកាន់តែធ្ងន់ ជើងទទួលសម្ពាធកាន់តែខ្លាំង ក៏ជាបញ្ហាធំមួយចំពោះអ្នកធាត់ខ្លាំង ធ្វើឲ្យងាយមានរបួសនៅនឹងជើង។
ដំណោះស្រាយ គឺងាយទេ ត្រូវសម្រកទំងន់ ព្រោះមានផលវិជ្ជមានយ៉ាងខ្លាំងចំពោះសុខភាព។ ដូចនេះ គួរផ្លាស់ប្តូររបបអាហារមានសារធាតុចិញ្ចឹមត្រឹមត្រូវ ដើម្បីទទួលបានប្រអប់ជើងមានសុខភាពល្អ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។
[embed-health-tool-bmr]