និយាយឲ្យចំទៅ គ្នាយើងភាគតិចណាស់ អត់ផឹកកាហ្វេ ឬជាតិកាហ្វេអ៊ីន នៅពេលព្រឹក ហើយគ្នាយើងចូលចិត្តផឹកកាហ្វេ ដឹងច្បាស់វាធ្វើឲ្យអារម្មណ៍យើងល្អ ស្រស់ស្រាយកម្រិតណា? ប៉ុន្តែត្រូវដឹង អ្វីក៏មានគុណសម្បត្តិ និងគុណវិបត្តិដែរ ហេតុនេះ “Hello គ្រូពេទ្យ” នឹងលើកឡើងគុណសម្បត្តិ និងគុណវិបត្តិរបស់កាហ្វេ ឲ្យគ្នាយើងថ្លឹងថ្លែង គួរបន្តផឹកទៀត ឬយ៉ាងណា?។
១- គុណសម្បត្តិពីជាតិកាហ្វេអ៊ីន
ជាតិកាហ្វេអ៊ីន អាចធ្វើឲ្យយើងមានអារម្មណ៍ស្រស់ថ្លា ជួយដល់ការចងចាំ និងជួយឲ្យបាត់អស់ភាពហត់នឿយ។ ការសិក្សាខ្លះបញ្ជាក់ថា កាហ្វេអ៊ីន មានគុណប្រយោជន៍ច្រើនចំពោះមុខងារផ្លូវចិត្ត ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនក្នុងមួយកម្រិត អាចជួយដល់ការចង់ចាំក្នុងរយៈពេលខ្លី និងជួយបង្កើនល្បឿនប្រតិកម្មនៃរាងកាយ។ អ្នកស្រាវជ្រាវជឿថា ការញ៉ាំកាហ្វេ ៣-៤ ពែង ប្រហាក់ប្រហែល ៣០០-៤០០ មិល្លីក្រាមជាតិកាហ្វេអ៊ីន អាចធ្វើឲ្យមានហានិភ័យតិចតួច តែមានគុណប្រយោជន៍ច្រើនដល់សុខភាព។
ភស្តុតាងផ្សេងៗបង្ហាញថា ផឹក ឬញ៉ាំកាហ្វេ អាចជួយការពារបញ្ហាសុខភាព ដូចជា បង្ការជំងឺទឹកនោមផ្អែមប្រភេទ ២ ជំងឺ Parkinson (ជំងឺញ័រដៃជើងលើមនុស្សចាស់ បណ្ដាលមកពីបញ្ហាសរសៃប្រសាទ) និងជំងឺថ្លើម។ ទោះយ៉ាងនេះក្ដី គ្នាយើងមានជំងឺលើសឈាម ក្មេងៗ យុវវ័យ និងមនុស្សចាស់ ក៏អាចងាយរងផលរំខានផ្សេងៗ ពីជាតិកាហ្វេអ៊ីនដូចគ្នា។
២- គុណវិបត្តិជាតិកាហ្វេអ៊ីន
មានការសិក្សាបានបង្ហាញដែរថា ជាតិកាហ្វេអ៊ីន អាចធ្វើឲ្យកើនសម្ពាធឈាម ទោះបីជាការកើនសម្ពាធឈាមនេះ ក្នុងរយៈពេលខ្លីក៏ដោយ ក៏អាចមានផលមិនល្អដែរ ពិសេសពេលសម្ពាធឈាមកើនឡើងញឹកញាប់ជាប្រចាំបែបនេះ។ ញ៉ាំជាតិកាហ្វេអ៊ីនញឹកញាប់ អាចធ្វើឲ្យកើនកម្រិតជាតិស្ករក្នុងឈាម ដែលកត្តាទាំងនេះ អាចធ្វើឲ្យគ្នាយើង ផឹកកាហ្វេ កើនឡើងការប្រឈមនឹងជំងឺបេះដូង។ លើសពីនេះ មានការសិក្សាបានបង្ហាញថា ស្រីៗផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីន អាចប្រឈមបញ្ហាបាត់បង់ឆ្អឹង (ឆ្អឹងផុយស្រួយងាយបាក់)។
បញ្ហាមួយទៀត ដោយសារជាតិកាហ្វេអ៊ីន គឺសារធាតុអាចធ្វើឲ្យញៀនបាន។ ផលិតផលជាច្រើនចំណី តែងមានកំហាប់កម្រិតជាតិកាហ្វេអ៊ីនខ្ពស់ ពិសេសភេសជ្ជៈប៉ូវកម្លាំង កាន់តែមានសារធាតុនេះច្រើនឡើងៗ។ ចំណុចទាំងនេះ អាចនឹងកាន់តែធ្ងន់ធ្ងរទៅៗ ចំពោះគ្នាយើងវ័យក្មេង។ គ្នាយើងជាច្រើន អាចនឹងត្រូវសម្រាកពេទ្យ នៅពេលញ៉ាំអាហារបំប៉នមានជាតិកាហ្វេអ៊ីនខ្ពស់ ដោយរោគសញ្ញាញៀនជាតិកាហ្វេអ៊ីន រួមមាន មានបញ្ហារឿងគេង ញ័រ ឈឺពោះ ក្អួត ឈឺទ្រូង និងញ័រទ្រូង។
៣- បើចង់ផឹកកាហ្វ ឬជាតិកាហ្វេអ៊ីនជាប្រចាំ ត្រូវធ្វើម៉េច?
អ្វីសំខាន់នោះ ត្រូវមើលពីសកម្មភាពរាងកាយយើងខ្លួនឯង មានប្រតិកម្មយ៉ាងម៉េចខ្លះជាមួយជាតិកាហ្វេអ៊ីន។ គួរសួរខ្លួនឯង បើកាហ្វេធ្វើឲ្យយើងមានអារម្មណ៍ជ្រួលច្រាល ថប់អារម្មណ៍ ឬអស់កម្លាំង។ បញ្ហារឿងគេងយើងម៉េចដែរ? ស្ថានភាពសុខភាពយ៉ាងម៉េចដែរ? ត្រូវពឹងផ្អែកលើជាតិកាហ្វេអ៊ីនមែនទេ? នៅពេលនិយាយពីជាតិកាហ្វេអ៊ីនទាំងនេះ អ្វីល្អបំផុតយើងត្រូវធ្វើ គឺផឹក ឬញ៉ាំក្នុងកម្រិតមធ្យមបានហើយ។ ផឹកកាហ្វេ ៤-៥ ពែង/ថ្ងៃ យើងនៅតែមានអារម្មណ៍មិនល្អដដែល ប្រហែលជាពេលមួយ គ្នាយើងត្រូវទៅជួបពេទ្យហើយ។ បើមានរោគសញ្ញាអាក្រក់ណាមួយនៅពេលព្យាយាមឈប់ផឹកកាហ្វេ គួរតែតាមដានបញ្ហានោះ ដោយពិគ្រោះជាមួយពេទ្យ។
[embed-health-tool-bmr]