មុខម្ហូបជាច្រើន ត្រូវគេច្នៃឡើងមើលទៅទំនងខ្លាំង គួរឲ្យចង់ញ៉ាំ ប៉ុន្តែមុខម្ហូបឆ្ងាញ់ៗភាគច្រើន សុទ្ធតែសម្បូរជាតិខ្លាញ់ នាំឲ្យគ្នាយើងមួយចំនួនមានបញ្ហាលើសជាតិខ្លាញ់ក្នុងឈាម។ បច្ចុប្បន្ន គ្នាយើងលើសជាតិខ្លាញ់កូលេស្តេរ៉ូល តែងមានទម្លាប់មួយ គឺផឹកថ្នាំបញ្ចុះជាតិខ្លាញ់ មុននឹងញ៉ាំអាហារខ្លាញ់។ គ្នាយើងជាច្រើនមានចម្ងល់ ទម្លាប់នេះត្រូវត្រឹមដែរអត់? មានប្រសិទ្ធភាពដែរទេ? សម្រាប់ចម្លើយ មានក្នុងអត្ថបទ “Hello គ្រូពេទ្យ’ ខាងក្រោមនេះ។
១- អ្វីជាកូលេស្តេរ៉ូល?
ឲ្យតែគិតដល់សំណួរនេះ គ្នាយើងភាគច្រើនតែងយល់ច្រឡំថា កូលេស្តេរ៉ូល ជាខ្លាញ់អាក្រក់ក្នុងឈាម ដែលការគិតនេះ គឺខុសមួយផ្នែក ដោយសារ កូលេស្តេរ៉ូល ក៏អាចជាខ្លាញ់ល្អដូចគ្នា ដូចជាខ្លាញ់ទទួលបានពីត្រីជាដើម។ កូលេស្តេរ៉ូលក្នុងសាច់ត្រី ជាលីប៉ូប្រូតេអ៊ីន មានកំហាប់ប្រូតេអ៊ីនខ្ពស់ ឬអាចហៅបានថា HDL ដែលជាខ្លាញ់ល្អ អាចជួយរាងកាយដំណើរការបានកាន់តែប្រសើរ។ ទោះបីជាកូលេស្តេរ៉ូល មានប្រយោជន៍ដល់រាងកាយយើងក៏ដោយ តែបើសិនជាញ៉ាំច្រើនពេកនោះអាចធ្វើអោយប្រឈមទឹកនោមផ្អែមដោយសារជាតិស្ករ ជំងឺបេះដូងផ្សេងៗ និង លើសជាតិខ្លាញ់ ជាដើម។
២- តើថ្នាំបញ្ចុះជាតិខ្លាញ់កូលេស្តេរ៉ូលជាអ្វី?
ថ្នាំប្រភេទនេះ ជាថ្នាំសម្រាប់ប្រើដើម្បីបញ្ចុះជាតិកូលេស្តេរ៉ូលក្នុងឈាម នៅពេលវាឡើងដល់កម្រិតខ្ពស់។ ស្រដៀងគ្នានឹងថ្នាំផ្សេងៗទៀត ទោះបី អាចជួយឲ្យជាតិកូឡេស្តរ៉ូលចុះទាបក៏ពិតមែន ប៉ុន្តែពពួកថ្នាំនេះ ក៏មានផលរំខានដូចគ្នា។ កម្រិតផលរំខាន អាស្រ័យលើស្ថានភាពរាងកាយ និងសុខភាពយើងម្នាក់ៗ ខណៈផលរំខានរួមមាន រាករូស ចុកពោះ ចង់ក្អួត ទល់លាមក ចុកសាច់ដុំ និងអស់កម្លាំងជាដើម។
៣- គួរដឹងពីអ្វីខ្លះពេលប្រើថ្នាំបញ្ចុះកូលេស្តេរ៉ូល?
ពេលចាប់ផ្តើមប្រើពពួកថ្នាំបញ្ចុះកូលេស្តេរ៉ូល ត្រូវធ្វើតាមដំបូន្មានគ្រូពេទ្យឲ្យបានខ្ជាប់ខ្ជួន។
– ពេលលេបថ្នាំ៖ យោងតាមមូនិធិបេះដូង នៅអង់គ្លេស (British Heart Foundation) បានណែនាំឲ្យប្រើថ្នាំ Statins (ថ្នាំបញ្ចុះកូលេស្តេរ៉ូល) មុនពេលចូលគេង។ ព្រោះក្រោយពេលកណ្តាលអធ្រាតទៅ ជាពេលរាងកាយផលិតកូលេស្តេរ៉ូលឡើងខ្ពស់បំផុត។ ម្យ៉ាងវិញទៀត នៅពេលព្រឹក និងថ្ងៃរសៀល ការផលិតកូឡេស្តេរ៉ូល គឺទាបបំផុត។ ហេតុនេះ កុំភ្លេចញ៉ាំថ្នាំនេះមុនពេលចូលគេង។
អត្ថបទពាក់ព័ន្ធ៖
- ឮរហូតពាក្យ “កូលេស្តេរ៉ូល” ជាអ្វីឲ្យប្រាកដ ម៉េចបានពាក់ព័ន្ធជាមួយបេះដូង?
- កុំផឹកស្រាបៀរច្រើនពេក បើមិនចង់ឲ្យលើសជាតិខ្លាញ់
៤- មានវិធីផ្សេងដើម្បីបញ្ចុះជាតិកូលេស្តេរ៉ូលដែរទេ?
បើសិនជាចង់បញ្ចុះកូលេស្តេរ៉ូលដោយមិនប្រើថ្នាំ វិធីតែមួយគត់ គឺធ្វើការផ្លាស់ប្តូរទម្លាប់រស់នៅ។ យើងអាចចាប់ផ្តើមជាមួយការហាត់ប្រាណយ៉ាងតិច ៣០ នាទី/ថ្ងៃ និង ៥ ថ្ងៃ/សប្តាហ៍ ហើយអាចធ្វើបានគ្រប់លំហាត់ប្រាណ គ្នាយើងយល់ថា ងាយស្រួលសម្រាប់អ្នក។ ក្រៅពីនេះទៀត ការញ៉ាំអាហារល្អសម្រាប់សុខភាព និងមានតុល្យភាព ក៏សំខាន់ដូចគ្នា។ ត្រូវចាំថា គោលបំណងយើង គឺបញ្ចុះជាតិកូលេស្តេរ៉ូលក្នុងឈាម ម្ល៉ោះហើយមិនត្រូវញ៉ាំអាហារមានកូលេស្តេរ៉ូល ខ្លាញ់ និងសូដ្យ៉ូម (អំបិល) ច្រើនឡើយ។ ហើយត្រូវរៀនកាត់បន្ថយស្រ្តេស និងឈប់ជក់បារី។
បើសិនជាវិធីនេះបានលទ្ធផលល្អ នោះមិនបាច់ប្រើថ្នាំទៀតដែរ ឬអាចប្រើថ្នាំកម្រិតស្រាលជាងនេះ មានន័យថា យើងនឹងមានផលរំខានតិចជាងមុន។
បើទោះបីជាប្រើថ្នាំបញ្ចុះកូលេស្តេរ៉ូលក៏ដោយ ហាត់ប្រាណ និងតមអាហារខ្លាញ់ នៅតែមានសារសំខាន់ ដើម្បីរក្សាតុល្យភាពកម្រិតកូលេស្តេរ៉ូលក្នុងឈាមដដែល។
សរុបមក យើងគួរប្រើថ្នាំតាមការណែនាំរបស់គ្រូពេទ្យ ដើម្បីចៀសវាងផលរំខានមិនចង់បាន ក៏ដូចជាផលវិបាកផ្សេងៗជាច្រើនទៀត។ ហើយបើចង់បានជម្រើសផ្សេងពីការប្រើថ្នាំនោះ សូមកុំភ្លេចគន្លឹះបានណែនាំក្នុងអត្ថបទយើងនេះ។
[embed-health-tool-bmr]