គ្នាយើងដែលចូលចិត្តញ៉ាំសាច់ច្រើនហួសកម្រិត (សាច់ក្រហម) មានសាច់ជ្រូក គោ ក្របី ចៀម ពិសេសសាច់កំប៉ុង សាច់អាំង ឬបំពង ទៅថ្ងៃមុខអាចប្រឈមនឹងជំងឺមហារីកពោះវៀនធំ។ សាច់ក្រហម ជាអាហារបណ្ដាលឲ្យយើងទល់លាមក យូរៗទៅវិវត្តទៅជាជំងឺមហារីកពោះវៀន។ ទី១ សាច់ក្រហម មានផ្ទុកជាតិកាកសរសៃតិច ទី២ វាមានផ្ទុកបរិមាណជាតិខ្លាញ់ខ្ពស់ ដែលរាងកាយត្រូវការរយៈពេលយូរ ដើម្បីរំលាយ និងទី៣ វាបន្ថយការញ៉ាំអាហារជាតិកាកសរសៃប្រចាំថ្ងៃ នៅពេលយើងញ៉ាំសាច់ក្រហមច្រើន។
បើតាមការបកស្រាយនៅផេកផ្លូវការរបស់មន្ទីរពេទ្យកាល់ម៉ែត ក្រៅពីការបរិភោគសាច់ច្រើន នៅមានមូលហេតុផ្សេងទៀតដែលជំរុញមានជំងឺមហារីកពោះវៀនធំ ក្នុងនោះរួមមាន កត្តាអាយុ (លើសពី៥០ឆ្នាំ) ការផឹកស្រា ជក់បារី និងការប្រែប្រួលហ្សែន។ ជំងឺនេះបើបង្កឡើងដោយការប្រែប្រួលហ្សែន នោះគឺអាចចម្លងទៅសមាជិកគ្រួសារជំនាន់ក្រោយ ក្លាយជាជំងឺតំណពូជ។
ចំពោះរោគសញ្ញាសំខាន់ៗនៃជំងឺមហារីកពោះវៀនធំ មានដូចជា បន្ទោបង់លាមកមិនទៀងទាត់ ទល់លាមកញឹកញាប់ ទល់លាមករយៈពេលយូរ ធ្លាក់ឈាមពេលបន្ទោបង់លាមក ឈឺពោះ ឬស្រកគីឡូខុសប្រក្រតី។ ចំណែកកត្តាមួយចំនួនអាចឲ្យយើងសង្ស័យថាអ្នកជំងឺមហារីកពោះវៀនដែលបណ្តាលមកពីកត្តាប្រែប្រួលហ្សែននោះរួមមាន៖
– អ្នកជំងឺមានបងប្អូន ឬឪពុកម្តាយបង្កើតមានមហារីកពោះវៀនធំ (យ៉ាងតិច២នាក់)
– អ្នកជំងឺមានអាយុតិចជាង ៦០ឆ្នាំ
– ការឆ្លុះពោះវៀនឃើញថាអ្នកជំងឺមានចំនួនដុំសាច់(ប៉ូលីព) ច្រើនជាង ១០០ ក្នុងពេលឆ្លុះពោះវៀន។
វិធីតែមួយគត់ដែលអាចឲ្យយើងរកឃើញជំងឺមហារីកពោះវៀនធំនៅដំណាក់កាលដំបូង និងបង្ការជំងឺនេះបាន គឺការឆ្លុះពោះវៀន ហើយក្រុមគ្រួសាររបស់អ្នកជំងឺទាំងអស់ តម្រូវឲ្យឆ្លុះពោះវៀន ១-២ឆ្នាំ/ម្តង នៅពេលពួកគេមានអាយុចាប់ពី២០ឆ្នាំឡើងទៅ។
អត្ថបទពាក់ព័ន្ធ៖
- មកដឹងពីរោគសញ្ញាមហារីកពោះវៀនធំ និងវិធីបង្ការមានប្រសិទ្ធភាពបំផុត
- Small intestine cancer (មហារីកពោះវៀនតូច)
- បើមិនចង់ទល់លាមក កុំញ៉ាំអាហារទាំងនេះច្រើនពេក
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]