និយាយរឿងជញ្ជីង ស្រីៗប្រាកដជាដឹងច្បាស់ ព្រោះត្រូវឧស្សាហ៍តាមដានមើលគីឡូជាងប្រុសៗទៀត។ ការស្រាវជ្រាវបានបញ្ជាក់ថា អ្នកចូលចិត្តថ្លឹងទម្ងន់ញឹកញាប់ មានភាគរយរក្សាទម្ងន់ថេរ និងផែនការស្រកទម្ងន់មានប្រសិទ្ធភាព។
ការបញ្ជាក់នេះ ធ្វើឡើងដោយសាកលវិទ្យាល័យ Georgia សហរដ្ឋអាមេរិក បន្ទាប់ពីក្រុមការងារស្រាវជ្រាវនៃសាកលវិទ្យាល័យនេះ បានតាមដានពិនិត្យលើយុវជនស្ម័គ្រចិត្តប្រមាណជាង ១០០ នាក់ អាយុចាប់ពី១៨ ឆ្នាំឡើង ដើម្បីដឹងពីទំនោររក្សាទម្ងន់របស់ពួកគេ។ អ្នកវិទ្យាសាស្រ្តបានតាមដានមើលយុវជនទាំងនោះចាប់ពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៧ មក ជាអំឡុងពេលដែលប្រជាពលរដ្ឋនៅអាមេរិក មានឱកាសជួបជុំគ្រួសារ សាច់ញាតិ និងជារដូវជួបជុំមានកម្មវិធីហូបអាហារជុំគ្នាផង ដោយអ្នកស្រាវជ្រាវបានប្រាប់ពួកយុវជនឲ្យអនុវត្តនូវទម្លាប់រក្សាទម្ងន់តាមវិធីរៀងៗខ្លួនដែលពួកគេធ្លាប់ធ្វើកន្លងមក។
តាមការតាមដានខាងលើ អ្នកស្រាវជ្រាវកត់សម្គាល់លើវិធីរបស់យុវជនដែលមានទម្លាប់ឡើងថ្លឹងលើជញ្ជីងញឹកញាប់ ពួកគេមានអត្រាស្រកទម្ងន់ជាមធ្យម ០,១ គីឡូក្រាម មានន័យថា ពួកគេមានទម្ងន់នៅថេរ ផ្ទុយពីយុវជនដែលមិនមានទម្លាប់ឡើងថ្លឹង គឺទម្ងន់ពួកគេឡើងជាមធ្យម ២,២ គីឡូក្រាម ដែលនេះជាលទ្ធផល ក្រោយពួកគេចប់រដូវកាលកម្មវិធីជួបជុំគ្រួសារ។
លោកវេជ្ជបណ្ឌិត Jamie Cooper អ្នកស្រាវជ្រាវម្នាក់ក្នុងក្រុមខាងលើ បញ្ជាក់ថា៖ “អ្នកឡើងថ្លឹងជញ្ជីងញឹកញាប់ ប្រៀបដូចជាការរម្លឹកខ្លួនឯងនូវអ្វីដែលគេនឹងធ្វើចំពោះរាងកាយរបស់គេ ដូចនេះហើយបានជាយុវជនដែលឧស្សាហ៍ឡើងថ្លឹងគីឡូ មានទំនោររក្សាទម្ងន់មានប្រសិទ្ធភាព ព្រោះដឹងព័ត៌មានទម្ងន់ច្បាស់ ពួកគេអាចអនុវត្តផែនការបានល្អ ដូចជាការកម្រិតលើចំណីអាហារជាដើម’។
ដោយឡែក លោកស្រីវេជ្ជបណ្ឌិត Michelle Vandellen ដែលជាអ្នកស្រាវជ្រាវម្នាក់ក្នុងក្រុមស្រាវជ្រាវខាងលើ និយាយថា៖ “ពេលយុវជនដឹងពីទម្ងន់គេច្បាស់ វាប្រៀបដូចចិត្តសាស្រ្តមួយ ព្រោះពួកយើងបានរកឃើញថា អាកប្បកិរិយាលើសកម្មភាពប្រចាំថ្ងៃពួកគេប្រុងប្រយ័ត្នខ្លាំងជាងយុវជនដែលពុំមានទម្លាប់ថ្លឹងទម្ងន់ ដូចនេះជួយឲ្យពួកគេអនុវត្តផែនការរក្សាទម្ងន់ និងសម្រកទម្ងន់មានប្រសិទ្ធភាព’។
អត្ថបទពាក់ព័ន្ធ៖
- ប្រយ័ត្នអ្នកម៉ាប់ៗ! លើសគីឡូពេកអាចបង្កើនជំងឺ ឬគ្រោះថ្នាក់ដល់ជីវិត
- ប៉ាម៉ាក់គួរដឹង! បើកូនធំ ឬពេញវ័យលឿនពេក គេអាចប្រឈមបញ្ហាជាច្រើន
ការឡើងទម្ងន់ខ្លាំង ឬឡើងគីឡូលឿន អាចវិវត្តទៅជាជំងឺធាត់ មានភាពប្រឈម ២ ដងនឹងកើតជំងឺទឹកនោមផ្អែម ហើយការសិក្សាមួយនៅប្រទេសអង់គ្លេសកន្លងមកបង្ហាញថា នៅរយៈពេល ៣០ ឆ្នាំ ចុងក្រោយនេះ អ្នកមានជំងឺធាត់ កើនឡើងពី ១០៥ លាននាក់ នៅឆ្នាំ១៩៧០ ទៅ ៦៥០ លាននាក់ ហើយនៅឆ្នាំ ២០១៦ ការកើនឡើងនេះ ពាក់ព័ន្ធយ៉ាងខ្លាំងទៅនឹងសុខភាពសាធារណៈ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]