ក្នុងពេលមានការបិទខ្ទប់ទីក្រុងនេះ ប្រជាពលរដ្ឋយើងមួយចំនួនទំនងជាបារម្ភរឿងទិញអាហារហូបចុក និងខ្លះប្រហែលជាអាចទិញច្រើនជាងអ្វីដែលខ្លួនត្រូវការផងក៏មាន។ ថ្ងៃនេះ Hello គ្រូពេទ្យ លើកយកអាហារមួយចំនួនដែលគួរទិញទុកញ៉ាំក្នុងវិបត្តិកូវីដ១៩ មានប្រយោជន៍ចំពោះសុខភាពនិងប្រព័ន្ធភាពស៊ាំ ដែលអាហារទាំងនេះ ជាប្រភេទអាហារដែលអង្គការសុខភាពពិភពលោកបានណែនាំ។
ដូចគ្នាដែរ ដើម្បីឲ្យសុខភាពយើងល្អ រឹងមាំ ក្នុងវិបត្តកូវីដ១៩ យើងក៏គួរចៀសវាង ឬកាត់បន្ថយការញ៉ាំអាហារកែច្នៃខ្ពស់ មានជាតិខ្លាញ់ ស្ករ និងអំបិលច្រើនផងដែរ។
អាហារគួរញ៉ាំ
១. បន្លែ និងផ្លែឈើស្រស់
អង្គការសុខភាពពិភពលោកបានណែនាំឲ្យមនុស្សយើងញ៉ាំបន្លែ និងផ្លែឈើយ៉ាងតិច៤០០ក្រាមក្នុងមួយថ្ងៃ។ ផ្លែឈើ ដូចជាទំពាំងបាយជូរ ចេក និងផ្លែប៉ោម។ ក្រៅពីនេះនៅមានបន្លែដូចជាការ៉ុត ស្ពៃក្ដោប ខាត់ណាខៀវ និងផ្កាខាត់ណា។ ដូចគ្នាដែរ ដើម្បីឲ្យអាហារកាន់តែមានរសជាតិ យើងអាចទិញខ្ញី ខ្ទឹមស និងខ្ទឹមបារាំង ជាដើម ដោយរបស់ទាំងនេះសុទ្ធតែជាគ្រឿងផ្សំសម្រាប់អាហារ។
ចំណែកដំឡូងជ្វា ដំឡូងបារាំង និងដំឡូងមី ជាដើម សុទ្ធតែជាអាហារយើងអាចទុកបានយូរ និងអាចមកយមកកែច្នៃជាអាហារសម្រន់បានយ៉ាងឈ្ងុយឆ្ងាញ់ ដោយអាចដុត ស្ងោរ ឬចំហុយ។ អាហារមើមទាំងនេះ សម្បូរដោយជាតិសរសៃ និងម្សៅ។
២.ស៊ុត និងសាច់
ស៊ុតជាប្រភពនៃប្រូតេអ៊ីន និងសារធាតុចិញ្ចឹមផ្សេងៗទៀត។ ជម្រើសល្អបំផុតនៃការចម្អិនស៊ុតគឺស្ងោរ ល្អជាងចៀន។
ចំណែកសាច់វិញ យើងគួរញ៉ាំសាច់ប្រភេទបសុបក្សី(មាន់ ទា) និង ត្រី ដែលជាទូទៅអាហារទាំងនេះមានកម្រិតខ្លាញ់ទាប និងល្អជាងការញ៉ាំសាច់ក្រហម។
៣. ផឹកទឹកគ្រប់គ្រាន់
ទឹកមានសារសំខាន់ណាស់សម្រាប់ជីវិត។ ទឹកជួយដឹកជញ្ជូនសារធាតុចិញ្ចឹមទៅក្នុងឈាម គ្រប់គ្រងសីតុណ្ហភាពរាងកាយ និងជួយកម្ចាត់កាកសំណល់ពីរាងកាយជាដើម។
ក្នុងដំណាក់កាលយើងនៅតែក្នុងផ្ទះនេះ ក៏យើងគួរផឹកទឹកឲ្យបានចន្លោះពី៨ទៅ១០កែវក្នុងមួយថ្ងៃ។ ការផឹកទឹកជាជម្រើសល្អមួយសម្រាប់សុខភាព តែគ្នាយើងក៏អាចភេសជ្ជៈផ្សេងៗដើម្បីបំពេញជាតិទឹកបន្ថែមដោយមិនមានបន្ថែមជាតិស្ករ ដូចជាទឹកផ្លែឈើ និងតែ។ សម្រាប់កាហ្វេ ក៏គ្នាយើងអាចនៅផឹកបានដូចគ្នា តែកុំផឹកច្រើនពេក។
អាហារមិនគួរញ៉ាំ ឬញ៉ាំតិចតួច
១. អាហារកែច្នៃខ្ពស់
អាហារកែច្នៃ ឬសាច់កែច្នៃ ច្រើនមានជាតិប្រៃ និងមានខ្លាញ់ខ្ពស់។ អាហារទាំងនោះមានដូចជាអាហារ Fast food ផ្សេងៗ ភីហ្សា អាហារបំពង និងឃុកឃី ជាដើម។ ក្រៅពីនេះ អាហារមានជាតិស្ករច្រើន និងអំបិលច្រើន ក៏គួរកាត់បន្ថយដូចគ្នា។
២. ភេសជ្ជៈ និងគ្រឿងស្រវឹង
សម្រាប់អ្នកចូលចិត្តកាហ្វេ គួរកម្រិតការញ៉ាំ កុំញ៉ាំច្រើនពេក។ ការញ៉ាំជាតិកាហ្វេអ៊ីនច្រើន ឬភេសជ្ជៈប៉ូវកម្លាំងច្រើនអាចធ្វើឲ្យយើងបាត់បង់ជាតិទឹកទៅវិញ ហើយក៏អាចរំខានដល់ដំណេកផងដែរ។
ចំពោះគ្រឿងស្រវឹងវិញ កាលណាយើងផឹកច្រើនអាចធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ពិបាកទប់ទល់នឹងរោគឆ្លងផ្សេងៗ ពិសេសវីរុសកូវីដ១៩។ ជាការណែនាំ យើងគួរជៀសវាងផឹកគ្រឿងស្រវឹងពេលយើងមិនអាចទៅណាបាននេះ ពិសេសអ្នកដែលត្រូវធ្វើចត្តាឡីស័ក។
[embed-health-tool-bmi]