ការងាររវល់ច្រើន ឬស្ថានការណ៍ជុំវិញខ្លួនមិនល្អ អាចធ្វើឲ្យគ្នាយើងមានអារម្មណ៍មិនល្អផងដែរ។ គ្នាយើងដឹងទេថាអាហារមួយចំនួនអាចជួយធ្វើយើងមានអារម្មណ៍ល្អបាន។ ថ្ងៃនេះ Hello គ្រូពេទ្យ លើកយកផ្លែឈើមួយប្រភេទ ងាយរក មានតម្លៃសមរម្យ និងរសជាតិឆ្ងាញ់ ជួយធ្វើឲ្យយើងមានអារម្មណ៍ល្អប្រសើរឡើងវិញបាន។
ផ្លែឈើនោះ គឺផ្លែចេក។ ផ្លែចេកជាអាហារសម្បូរទៅដោយសារធាតុចិញ្ចឹម ហើយអាចជួយធ្វើឲ្យមនុស្សយើងមានអារម្មណ៍ល្អ ដោយសារមានសារធាតុSerotonin។
រាងកាយមនុស្សយើងអាចផលិតសារធាតុ Serotonin បានដែរ តែពេលខ្លះមិនគ្រប់គ្រាន់នោះទេ។ កម្រិតសារធាតុនេះមានទំនាក់ទំនងនឹងបញ្ហាតានតឹងក្នុងចិត្ត ខណៈសារធាតុ Serotonin ក៏ជួយរក្សាលំនឹងផ្នែកអារម្មណ៍របស់មនុស្សយើងផងដែរ។
ផ្លែចេកមានផ្ទុកសារធាតុ Serotonin ប៉ុន្តែសារធាតុSerotoninនៅក្នុងផ្លែចេកមិនអាចឆ្លងកាត់របាំងឈាមខួរក្បាល បានទេ។ នេះមានន័យថាសារធាធាតុ Serotoninនៅក្នុងផ្លែចេកមិនអាចទៅដល់ខួរក្បាលបានដូចសារធាតុSerotoninដែលរាងកាយផលិតនោះទេ។
ប៉ុន្តែសារធាតុSerotoninនៅក្នុងផ្លែចេកបានដើរតួរសំខាន់ក្នុងការគាំទ្រដល់សារធាតុ Serotoninដែលខួរក្បាលអាចផលិតបាន។ រាងកាយត្រូវការសារធាតុចិញ្ចឹម ដើម្បីបង្កើត និងប្រើប្រាស់Serotoninដោយត្រឹមត្រូវ រួមមានវីតាមីនB6ផងដែរ។ ផ្លែចេក ក៏ជាប្រភពនៃវីតាមីននេះដែរ។
ក្រៅពីនេះ ផ្លែចេក ក៏មានជាតិសរសៃ ជួយធ្វើឲ្យស្ករបញ្ចេញទៅក្នុងចរន្តឈាមយឺតៗ ជួយរក្សាលំនឹងកម្រិតជាតិស្ករក្នុងឈាម និងគ្រប់គ្រងអារម្មណ៍បានល្អ។ កម្រិតជាតិស្ករក្នុងឈាមទាបធ្វើឲ្យមនុស្សយើងមិនស្រួលខ្លួន និងមានអារម្មណ៍មិននឹងន។
ក្រៅពីនេះ ផ្លែចេកក៏នៅមានផ្ទុកសារធាតុ dopamine ផងដែរ។ សារធាតុ dopamineជាធាតុគីមីម្យ៉ាងដែលល្អចំពោះរាងកាយមនុស្សយើង។ សារធាតុមួយនេះរួមចំណែកធ្វើឲ្យមនុស្សយើងមានអារម្មណ៍ល្អ។ ដូចនេះហើយនៅពេលដែលយើងបានទទួលសារធាតុ dopamine បន្ថែមយើងនឹងទទួលបានផលប្រយោជន៍ដល់ផ្លូវចិត្ត និងអារម្មណ៍។
ជារួមអាចនិយាយបានថា ផ្លែចេកសម្បូរដោយសារធាតុចិញ្ចឹម ស្ករធម្មជាតិ វីតាមីនB6 និងជាតិសរសៃ ដែលអ្វីទាំងនេះរួមបញ្ចូលគ្នាធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាម និងអារម្មណ៍របស់យើងនៅនឹងល្អ។
[embed-health-tool-bmi]