លើលោកនេះ គ្មានអាហារទិព្វណា ជួយឲ្យយើងជីវិតអមត ឬចង់បានរាងស្អាត ស្អាតភ្លាមៗនោះទេ។ ប៉ុន្តែអាហារមួយចំនួន គឺអាចជួយឲ្យយើងសប្បាយចិត្ត ពេលកំពុងស្មុគស្មាញ ឬមិនសប្បាយចិត្តរឿងអ្វីមួយ ដោយការសិក្សាជាច្រើនបញ្ជាក់ថា មានអាហារមួយអាចឲ្យយើងមានអារម្មណ៍រីករាយ ពេលយើងរីករាយ ធូរអារម្មណ៍ ក៏ធ្វើឲ្យជីវិតរស់បានយូរអង្វែងដូចគ្នា។ “Hello គ្រូពេទ្យ’ នឹងប្រាប់អាហារ ៣ប្រភេទ ជួយយើងសប្បាយចិត្តឡើយវិញ។
១- សូកូឡាខ្មៅ
សូកូឡាខ្មៅ ពោរពេញទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម អាចបន្ធូរសរសៃឈាម រក្សាសម្ពាធឈាមឲ្យនៅក្នុងកម្រិតល្អ និងជួយដល់ចរន្តឈាមរត់ទៀតផង។ មានការសិក្សាមួយរកឃើញថា ញ៉ាំសូកូឡាខ្មៅប្រមាណ ៤២,៥ ក្រាមជារៀងរាល់ថ្ងៃ រយៈពេល ២ សប្តាហ៍ជាប់គ្នា អាចជួយកាត់បន្ថយអ័រម៉ូនស្ត្រេសក្នុងខ្លួន ចំពោះគ្នាយើងឧស្សាហ៍ស្រ្តេស បានយ៉ាងច្រើន។ លើសពីនេះ សូកូឡាខ្មៅ ក៏មានសារធាតុម៉ាញ៉េស្យូម ជួយបន្ថយអាការៈពេលមករដូវទៀតផង ដូចជា អស់កម្លាំង ពិបាកចិត្ត និងថប់បារម្ភ។ លើសពីនេះ សារធាតុពីធម្មជាតិម្យ៉ាងមានក្នុងសូកូឡាខ្មៅ អាចជួយឲ្យខួរក្បាលមានអារម្មណ៍ល្អ ដូចនឹងអារម្មណ៍ត្រូវបានគេស្រឡាញ់អ៊ីចឹង។
២- ផ្សិត
ផ្សិត ក៏ត្រូវបានគេចាត់ទុកជាអាហារពិសេសដូចគ្នា ដោយសារសម្បូរសារធាតុចិញ្ចឹម និងការជួយផ្ចង់អារម្មណ៍។ ផ្សិត សម្បូរសារធាតុសេលេញ៉ូម ដែលពេលខ្វះសារធាតុនេះ អាចធ្វើឲ្យយើងប្រឈមបញ្ហាបាក់ទឹកចិត្ត ថប់បារម្ភ និងអស់កម្លាំង។ ផ្សិត ក៏មានផ្ទុកវីតាមីន D ហើយការសិក្សាមួយបញ្ជាក់ថា ផ្សិត អាចជួយឲ្យអារម្មណ៍មិនល្អតាមរដូវរបស់យើង បានធូរស្រាលផងដែរ។ ដើម្បីបង្កើនវីតាមីន D ជួយធ្វើឲ្យឆ្អឹងលូតលាស់បានល្អ គួរញ៉ាំម្ហូបចម្អិនពីផ្សិតឲ្យបានច្រើន។
អត្ថបទពាក់ព័ន្ធ៖
- សូកូឡាខ្មៅ ល្អដល់ថ្នាក់នឹងផង?
- ផ្សិតសាមញ្ញ តែជួយការពារបញ្ហាភ្លេចភ្លាំង និងខួរក្បាលបានល្អ
- ផឹកកាហ្វេប៉ុនណាទើបមិនលើសកម្រិត? នរណាខ្លះមិនត្រូវផឹកកាហ្វេ?
៣- កាហ្វេ
គ្នាយើងមួយចំនួន ចូលចិត្តផឹកកាហ្វេ អាចនឹងមួម៉ៅពេលខ្លះ តែវិទ្យាសាស្រ្តបញ្ជាក់ថា ញ៉ាំជាតិកាហ្វេអ៊ីនជាប់ជាប្រចាំ មានគុណប្រយោជន៍ចំពោះយើង។ ផឹកកាហ្វេនៅពេលព្រឹក ជួយឲ្យមានថាមពល អារម្មណ៍ស្រស់ស្រាយ និងរីករាយ អាចផឹកជាមួយមិត្តភក្តិ និងមិត្តរួមការងារ កាន់តែជួយឲ្យទំនាក់ទំនងយើង ជិតស្និទ្ធគ្នា និងរីករាយ មួយកម្រិតទៀត ពិសេសពេលក្រេបរសជាតិកាហ្វេតិចៗ ជួយអោយអារម្មណ៍មិនឆេវឆាវ ស្ងប់ និងរីករាយ។ ការសិក្សារបស់សមាគមសារព័ត៌មានវេជ្ជសាស្ត្រអាមេរិក ហៅកាត់ JAMA បង្ហាញថា ស្រីៗផឹកកាហ្វេ ២-៣ ពែងក្នុងមួយថ្ងៃ ជួយកាត់បន្ថយការប្រឈម ជំងឺបាក់ទឹកចិត្ត បានដល់ទៅ ១៥% ឯណោះ ក្នុងអំឡុងពេល ១០ឆ្នាំ បើប្រៀបធៀបនឹងស្រីៗផឹកត្រឹមមួយពែង ក្នុងមួយថ្ងៃ ឬតិចជាងនេះ។
អាហារយើងញ៉ាំ មានឥទ្ធិពលយ៉ាងធំធេងលើអារម្មណ៍ និងរាងកាយយើង ជំរុញឲ្យមានភាពរីករាយ ស័ក្តិសមសម្រាប់ពេលយើងមានអារម្មណ៍មិនល្អ។ តែសម្រាប់សុខភាពយូរអង្វែង គួរគិតពីលំនឹង និងបរិមាណរបបអាហារយើងញ៉ាំប្រចាំថ្ងៃ ជាជាងអាហារវេទមន្ត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]