«រឿងនេះសម្រាប់ខ្ញុំពិបាកបំផុតហើយ ព្រោះកម្រមានសម្លៀកបំពាក់ណាត្រូវ ហើយបើទោះជាត្រូវ ក៏ពិបាកមើលដែរ និយាយរួមស្លៀកយ៉ាងម៉េចក៏មិនស្អាតដែរ ជាពិសេសគីឡូជាង ១០០ គីឡូបែបនេះទៀត»។ នេះជាការលើកឡើងរបស់លោក សិត បញ្ហា អ្នករស់នៅទីក្រុងភ្នំពេញបានរៀបរាប់ប្រាប់។ និសិ្សតសិក្សានៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញជំនាញព័ត៌មានវិទ្យា បានបន្តទៀតថា មិនត្រឹមតែពិបាកស្លៀកពាក់ទេ សម្លៀកបំពាក់មានតម្លៃថ្លៃជាងសម្លៀកបំពាក់ធម្មតា ព្រោះម៉ូដនាំមកមិនសូវមានអ្នកទិញ ហើយការផលិតក៏អស់ច្រើនជាងរបស់អ្នកស្គមៗ។
៣- ត្រូវគេចំអន់
កញ្ញា ណេង ប្រណិត តិច ឬច្រើនអ្នកធាត់ត្រូវគេចំអន់ ហើយការចំអន់នោះវាពិតជាប៉ះពាល់ដល់អារម្មណ៍។ អ្នករស់នៅខេត្តត្បូងឃ្មុំរូបនេះ បានបន្តទៀតថា ពាក្យចំអន់ដែលឮច្រើនជាងគេ គឺទាក់ទងនឹងការញ៉ាំ ព្រោះទោះជាយើងញ៉ាំតិច ក៏គេថាយើងញ៉ាំច្រើនដែរ ហើយសម្ដីអស់ទាំងនោះពេលខ្លះពិតជាអាចដក់ជាប់ក្នុងចិត្ត ក្រោយមកក៏មិនហ៊ានទៅណាមកណាជាមួយគេដែរ។ យុវតីវ័យ ២៧ ឆ្នាំរូបនេះមានទម្ងន់រហូតដល់ ៨៨ គីឡូឯណោះ ព្រោះតែបែបនេះហើយ ទើបនាងក្លាយជាតួកំប្លែងសម្រាប់អ្នករាល់គ្នា។
៤- តូចចិត្ត
បើនិយាយដល់បញ្ហាតូចចិត្តនេះវិញកញ្ញា សៀវ ស្រីម៉ុច អ្នកនៅភ្នំពេញបានឲ្យដឹង ខ្លួនពិតជាតូចចិត្តនឹងខ្លួនឯងមែន ដែលកើតមកមានរូបរាងមិនដូចអ្នកដទៃបែបនេះ។ អ្នកធ្វើការផ្នែកនៅកន្លែងកម្សាន្តកុមាររូបនេះបន្តទៀតថា ពេលក្រឡេកមើលទៅគេ និងឃើញរូបខ្លួនឯង ពិតជាខុសគ្នាខ្លាំងណាស់ ហើយបើទោះជាមិត្តភ័ក្ដិលើកតឹកចិត្តយ៉ាងណា ក៏មិនអាចទប់ជាប់ដែរ៖ «ពេលឃើញគេស្លៀកខោខោវប៊យ ឬរ៉ូបស្អាតៗ ច្រណែននឹងគេណាស់ ហើយខ្លួនឯងវិញ បើហ៊ានស្លៀកគឺដូចទីងមោងចឹង»។ នារីវ័យ ២៤ ឆ្នាំក៏បានព្យាយាមគ្រប់បែបយ៉ាង ដើម្បីធ្វើឲ្យស្រកគីឡូដែរ តែមិនទទួលផលអ្វីសោះ។