១- ឆាប់ហត់
បើតាមសម្ដីរបស់អ្នកនាង ព្រំ សុរ៉ាវត្តី មានស្រុកកំណើតនៅកំពង់សោម បានឲ្យដឹងថា ខ្លួនមានទម្ងន់ ៨០ គីឡូក្រាម ហើយពេលធ្វើអ្វីមួយ គឺឆាប់ហត់ ក្ដៅ ជាងគេជាងឯង ហើយមិនអាចធ្វើដំណើរដោយគ្មានយានជំនិះបានទេ ព្រោះបើហ៊ានតែប្រថុយដើរ សឹងតែដកចង្កាមាន់។ អ្នកលក់ដូរតាមអនឡាញរូបនេះបានត្អូញត្អែរទៀតថា ក្រៅពីឆាប់ហត់ហើយ ត្រូវការរស់នៅកន្លែងដែលមានសីតុណ្ហភាពត្រជាក់ជាងមនុស្សធម្មតា បើគេងបើកម៉ាស៊ីនត្រជាក់ គឺលេខ១ ហើយបើកង្ហារត្រូវបើក២ ហើយគ្មាននរណាអាចគេងជិតបានឡើយ។ សុរ៉ាវត្តី បានបន្តទៀតថា រាល់ថ្ងៃពិតជាចង់ស្គមដូចគេឯងណាស់ តែមិនដឹងប្រើថ្នាំ ឬវិធីអ្វីទើបអាចជួយបានទាំងស្រុង ហើយមិនប៉ះពាល់សុខភាព។

២- ពិបាករឿងស្លៀកពាក់
«រឿងនេះសម្រាប់ខ្ញុំពិបាកបំផុតហើយ ព្រោះកម្រមានសម្លៀកបំពាក់ណាត្រូវ ហើយបើទោះជាត្រូវ ក៏ពិបាកមើលដែរ និយាយរួមស្លៀកយ៉ាងម៉េចក៏មិនស្អាតដែរ ជាពិសេសគីឡូជាង ១០០ គីឡូបែបនេះទៀត»។ នេះជាការលើកឡើងរបស់លោក សិត បញ្ហា អ្នករស់នៅទីក្រុងភ្នំពេញបានរៀបរាប់ប្រាប់។ និសិ្សតសិក្សានៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញជំនាញព័ត៌មានវិទ្យា បានបន្តទៀតថា មិនត្រឹមតែពិបាកស្លៀកពាក់ទេ សម្លៀកបំពាក់មានតម្លៃថ្លៃជាងសម្លៀកបំពាក់ធម្មតា ព្រោះម៉ូដនាំមកមិនសូវមានអ្នកទិញ ហើយការផលិតក៏អស់ច្រើនជាងរបស់អ្នកស្គមៗ។