សណ្ដែកបណ្ដុះគឺបន្លែមួយប្រភេទដែលសំបូរដោយសារធាតុចិញ្ចឹម និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ដូចនេះហើយការញ៉ាំសណ្ដែកបណ្ដុះអាចជួយដល់សុខភាពបានយ៉ាងច្រើន។
សារធាតុចិញ្ចឹមក្នុងសណ្ដែកបណ្ដុះ
សណ្ដែកបណ្ដុះ ១០០ ក្រាមមាន៖
- កាឡូរី៖ ៣១,២កាឡូរី
- ប្រូតេអ៊ីន៖ ៧,៧ក្រាម
- កាបូអ៊ីដ្រាត៖ ៦,២ក្រាម
- វីតាមីន C៖ ១៣,៧មីល្លិក្រាម
- វីតាមីន E៖ ០,១មីល្លិក្រាម
- វីតាមីន K៖ ៣៤,៣មីក្រូក្រាម
- វីតាមីន B6៖ ០,១មីល្លិក្រាម
- Folate៖ ៦៣,៤មីក្រូក្រាម
- កាល់ស្យូម៖ ១៣,៥មីល្លិក្រាម
- ជាតិដែក៖ ០,៩មីល្លិក្រាម
- ជាតិសរសៃ៖ ១,៩ក្រាម
- ម៉ាញ៉េស្យូម៖ ២១,៨មីល្លិក្រាម
- ប៉ូតាស្យូម៖ ១៥៥មីល្លិក្រាម
- សូដ្យូម៖ ៦,២មីល្លិក្រាម
- អាស៊ីតខ្លាញ់អូមេហា្គ៣៖ ១៦,៦មីល្លិក្រាម
- អាស៊ីតខ្លាញ់អូមេហ្គា៦៖ ៤៣,៧មីល្លិក្រាម។
អត្ថប្រយោជន៍នៃការញ៉ាំសណ្ដែកបណ្ដុះ
១. ជួយដល់ប្រព័ន្ធរំលាយអាហារ
នៅក្នុងសណ្ដែកបណ្ដុះគឺមានជាតិសរសៃដែលជួយបន្ទន់លាមក និងជួយបង្ការការទល់លាមក។ សណ្ដែកបណ្ដុះក៏មានផ្ទុកអង់ស៊ីមដែលជួយបង្ការការទល់លាមកដូចគ្នា។ ការញ៉ាំសណ្ដែកបណ្ដុះធ្វើឲ្យប្រព័ន្ធរំលាយអាហារមានសុខភាពល្អ។
២. ជួយសម្រកទម្ងន់
សណ្ដែកបណ្ដុះមានជាតិសរសៃខ្ពស់ និងមានកាឡូរីទាបទើបធ្វើឲ្យយើងមានអារម្មណ៍ឆ្អែតដែលនេះមិនធ្វើឲ្យយើងញ៉ាំអាហារសម្រន់ដែលមិនល្អសម្រាប់សុខភាព។ ដោយហេតុនេះទើបការញ៉ាំសណ្ដែកបណ្ដុះជួយដល់ការសម្រកទម្ងន់។
៣. ជួយបង្កើនសាច់ដុំ
សណ្ដែកបណ្ដុះគឺជាប្រភពដ៏ល្អនៃប្រូតេអ៊ីនរុក្ខជាតិ។ យើងត្រូវការប្រូតេអ៊ីនដើម្បីបង្កើនសាច់ដុំ ឆ្អឹងរឹងមាំ និងជួសជុលសរីរាង្គផ្សេងៗ។ ដូចនេះការញ៉ាំសណ្ដែកបណ្ដុះអាចជួយយើងឲ្យបំពេញតម្រូវការប្រូតេអ៊ីនប្រចាំថ្ងៃបាន។ ម៉្យាងទៀត សណ្ដែកបណ្ដុះក៏ជួយពង្រឹងការធ្វើមេតាបូលីស និងបង្កើនកម្រិតថាមពលដែរ។
៤. បង្ការជំងឺស្លេកស្លាំង
កង្វះជាតិដែកជាបញ្ហាទូទៅមួយដែលអាចឈានទៅរកជំងឺស្លេកស្លាំង។ រោគសញ្ញាជំងឺស្លេកស្លាំងមានដូចជាអាការៈចង្អោរ វិលមុខ ងងឹតមុខ និងបញ្ហាក្រពះជាដើម។ គ្នាយើងអាចបង្ការជំងឺស្លេកស្លាំងបានដោយបញ្ចូលសណ្ដែកបណ្ដុះក្នុងរបបអាហារប្រចាំថ្ងៃរបស់យើងព្រោះសណ្ដែកបណ្ដុះក៏មានផ្ទុកជាតិដែកដែរ។
៥. ពង្រឹងប្រព័ន្ធភាពស៊ាំ
សណ្ដែកបណ្ដុះអាចពង្រឹងប្រព័ន្ធភាពស៊ាំបានដោយផ្តល់នូវវីតាមីន A និង C ក្នុងបរិមាណច្រើន។ នៅពេលរាងកាយទទួលបានវីតាមីន A ច្រើន រាងកាយក៏បង្កើនការផលិតកោសិកាឈាមសដែរ។ ដោយហេតុនេះហើយយើងមិនងាយឆ្លងជំងឺ ដូចជាជំងឺផ្ដាសាយជាដើម។
៦. ជួយដល់ស្បែក
សណ្ដែកបណ្ដុះមានសារធាតុដែលប្រឆាំងនឹងភាពចាស់ និងល្អសម្រាប់ស្បែករបស់យើង។ ប្រសិនជាគ្នាយើងចង់បានស្បែកស្អាត សណ្ដែកបណ្ដុះជាជម្រើសល្អមួយ។ នេះមកពីវីតាមីន B Complex ដែលមានក្នុងសណ្ដែកបណ្ដុះជួយដល់ការបង្កើតកោសិកាឡើងវិញ និងជួសជុលស្បែក។ សារធាតុចិញ្ចឹមទាំងនេះជួយបង្រួមរន្ធញើស បង្ការស្នាមជ្រួញ និងជំរុញផលិតកម្មរបស់ខូឡាជែនដែលជួយឲ្យស្បែកភ្លឺរលោង។
៧. ជួយដល់សុខភាពបេះដូង
សណ្ដែកបណ្ដុះមានអាស៊ីតខ្លាញ់អូមេហ្គា៣ដែលជួយរក្សាលំនឹងកម្រិតកូលេស្តេរ៉ូលក្នុងរាងកាយ។ ម៉្យាងទៀត សណ្ដែកបណ្ដុះក៏ផ្តល់ជាតិខ្លាញ់ល្អ (HDL) ដល់រាងកាយដែរ។ ដូចនេះសណ្ដែកបណ្ដុះជួយដល់សុខភាពបេះដូងដោយបញ្ចុះកម្រិតកូលេស្តេរ៉ូលអាក្រក់ និងបង្កើតកម្រិតកូលេស្តេរ៉ូលល្អ។
៨. ជួយដល់ការលូតលាស់របស់សក់
អត្ថប្រយោជន៍មួយទៀតនៃការញ៉ាំសណ្ដែកបណ្ដុះគឺអាចជួយជំរុញការផលិតខ្លាញ់នៅស្បែកក្បាល និងការពារឫសសក់ ហើយនៅជួយបង្ការបញ្ហាសក់ជ្រុះ និងសក់ឡើងស្កូវមុនវ័យដែរ។
អត្ថបទពាក់ព័ន្ធ៖
- ស្វែងយល់ពីកំពូលគុណប្រយោជន៍ពីវីតាមីន B Complex
- អនុវត្តវិធីទាំង៦នេះ ជួយដល់ការរំលាយអាហារបានលឿន
- មានជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក អាហារទាំងនេះល្អខ្លាំង
- ឮរហូតពាក្យ “កូលេស្តេរ៉ូល” ជាអ្វីឲ្យប្រាកដ ម៉េចបានពាក់ព័ន្ធជាមួយបេះដូង?
- បញ្ហាសក់ជ្រុះអាចមកពីជំងឺ ឬពេលខ្លះមកពីទម្លាប់រស់នៅមិនល្អ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]