គ្នាយើងមួយចំនួនបានអនុវត្តតាមវិធីផ្សេងៗ ដើម្បីឲ្យរោមភ្នែកដុះវែង ប៉ុន្តែវិធីដែលងាយស្រួលបំផុតគឺរបបអាហារ។ ការញ៉ាំអាហារល្អសម្រាប់សុខភាពមិនត្រឹមតែជួយដល់រោមភ្នែកទេ តែនៅជួយដល់រាងកាយផងដែរ។ អត្ថបទនេះនឹងប្រាប់គ្នាយើងពីអាហារប៉ុន្មានប្រភេទដែលមានពួកវីតាមីនជួយឲ្យរោមភ្នែកដុះវែង។
១. ស៊ុត
ស៊ុតសម្បូរដោយប្រូតេអ៊ីន។ សក់ និងរោមភ្នែកបង្កើតដោយសារធាតុ keratin ។ អាហារដែលសម្បូរដោយប្រូតេអ៊ីនអាចផ្តល់អាស៊ីដអាមីណូគ្រប់គ្រាន់ដើម្បីផលិត keratin បានដែលនេះអាចជួយឲ្យរោមភ្នែករឹងមាំ និងដុះវែង។
២. ត្រីសាល់ម៉ុន
ត្រីសាល់ម៉ុនជាប្រភពនៃអាស៊ីដខ្លាញ់អូមេហ្គា៣ វីតាមីន D និងពពួកវីតាមីន B។ អាស៊ីដខ្លាញ់អូមេហ្គា៣ការពាររោមភ្នែកមិនឲ្យដាច់ ឬជ្រុះ រីឯវីតាមីន D និងពពួកវីតាមីន B ជួយជំរុញការលូតលាស់របស់រោមភ្នែក។
៣. គ្រាប់ផ្លែឈើ (Nuts)
គ្រាប់ផ្លែឈើផ្តល់អាស៊ីដខ្លាញ់អូមេហ្គា៣ និងវីតាមីន E ដល់រាងកាយ។ អាស៊ីដខ្លាញ់ និងវីតាមីន E ជួយជញ្ជូនឈាម និងអុកស៊ីសែនទៅកាន់ឫសរោមភ្នែក។ អ្វីទាំងនេះជួយបង្កើនលំហូរឈាម និងពង្រឹងឫសរោមភ្នែក ហើយនៅជួយរក្សារោមភ្នែកឲ្យនៅបានយូរ និងដុះលឿន។ គ្រាប់ផ្លែឈើមានដូចជាគ្រាប់ almonds គ្រាប់ hazelnuts និងគ្រាប់ walnuts ជាដើម។
៤. បន្លែ និងផ្លែឈើ
បន្លែ និងផ្លែឈើមានផ្ទុកវីតាមីន A និង C។ វីតាមីនទាំងពីរនេះមានប្រយោជន៍ជួយដល់ការលូតលាស់រោមភ្នែក និងការផលិតខូឡាជែន។ រីឯសំបកផ្លែឈើ និងបន្លែមាន Silica ដែលជាជាតិរ៉ែជួយឲ្យរោមភ្នែកដុះវែង និងមានសុខភាពល្អ។
៥. ផ្សិត
ផ្សិតសម្បូរដោយវីតាមីន B3។ វីតាមីននេះជួយឲ្យចរន្តឈាមប្រសើរឡើង និងជួយដល់ការផលិត keratin។ បន្ថែមពីនេះទៀត វីតាមីន B3 ជំរុញដល់ការលូតលាស់របស់រោមភ្នែក និងជម្រុះរោមភ្នែកដែលស្ងួត ឬដាច់ ហើយនៅជាជំនួយដល់ការផលិតកោសិកា និងបង្ការមិនឲ្យជ្រុះរោមភ្នែកផងដែរ។
៦. គ្រាប់សណ្ដែក
គ្រាប់សណ្ដែកមានវីតាមីន H (Biotin) និងអាស៊ីដហ្វូលិក។ វីតាមីន H បង្កើនលំហូរឈាមទៅកាន់ឫសរោមភ្នែក និងជួយឲ្យរោមភ្នែកក្រាស់ជាងមុន រួមទាំងបង្ការមិនឲ្យស្ងួត ឬជ្រុះ។ លើសពីនេះនៅអាចជួយរាងកាយស្រូបយកអាស៊ីដអាមីណូ និងជាតិខ្លាញ់ដែលសំខាន់សម្រាប់រោមភ្នែក។ ចំណែកឯអាស៊ីដហ្វូលិកបង្ការរោមភ្នែកមិនឲ្យដាច់។
[embed-health-tool-bmr]