គ្នាយើងមួយចំនួនអាចដឹងពីជំងឺធាត់ដែលអាចបង្កផលវិបាកផ្សេងៗ ហើយអាចមើលរំលងបញ្ហាញ៉ាំមិនគ្រប់គ្រាន់។ ការញ៉ាំមិនគ្រប់គ្រាន់ក៏អាចប៉ះពាល់ដល់សុខភាពដែរ។ ការញ៉ាំមិនគ្រប់គ្រាន់អាចបង្កមកពីជំងឺអត់ឃ្លានអាហារ ស្ត្រេស ជំងឺបាក់ទឹកចិត្ត ឬអាចមកពីគ្នាយើងមានការធ្វើមេតាបូលីសខ្លាំង ឬអាចមកពីកម្រិតធ្វើសកម្មភាពច្រើន និងមិនបានញ៉ាំឲ្យបានគ្រប់គ្រាន់។ អត្ថបទនេះបង្ហាញពីសញ្ញាមួយចំនួនដែលអាចបញ្ជាក់ថាយើងញ៉ាំមិនគ្រប់គ្រាន់។
១. អស់កម្លាំង
រោគសញ្ញាដែលបញ្ជាក់ថាយើងញ៉ាំមិនគ្រប់គ្រាន់គឺអាការៈអស់កម្លាំង។ រាងកាយរបស់យើងទទួលបានថាមពលពីកាឡូរីដែលមានក្នុងអាហារ និងភេសជ្ជៈដែលយើងញ៉ាំ ហើយរាងកាយត្រូវការកាឡូរីក្នុងកម្រិតមួយដើម្បីដំណើរការត្រឹមត្រូវ។ បរិមាណកាឡូរីដែលយើងត្រូវការគឺមានភាពខុសគ្នាពីមនុស្សម្នាក់ទៅម្នាក់ដោយផ្អែកលើកត្តាផ្សេងៗដូចជាទំហំរាងកាយ ការធ្វើមេតាបូលីស និងកម្រិតនៃការធ្វើសកម្មភាពប្រចាំថ្ងៃ។ នៅពេលយើងញ៉ាំមិនគ្រប់គ្រាន់មានន័យថាយើងទទួលបានកាឡូរីតិចជាងកម្រិតដែលរាងកាយត្រូវការដើម្បីដំណើរការត្រឹមត្រូវ។ នេះអាចប៉ះពាល់ខ្លាំងដល់កម្រិតថាមពល និងធ្វើឲ្យយើងអស់កម្លាំង។
២. ឈឺញឹកញាប់
ការញ៉ាំមិនគ្រប់គ្រាន់អាចបណ្ដាលឲ្យរាងកាយទទួលបានសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់ក្នុងការជួយឲ្យប្រព័ន្ធការពាររឹងមាំ និងប្រឆាំងនឹងជំងឺផ្សេងៗ។ ការទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់គឺល្អសម្រាប់ក្មេង និងមនុស្សចាស់ព្រោះអ្នកទាំងនោះសុទ្ធតែមានប្រព័ន្ធការពារខ្សោយ។
៣. ជ្រុះសក់
ការញ៉ាំមិនគ្រប់គ្រាន់ក៏អាចបង្កឲ្យជ្រុះសក់ដែរ ព្រោះទទួលបានសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់។ ការសិក្សាមួយបានឲ្យដឹងថាការខ្វះប្រូតេអ៊ីន ជាតិរ៉ែ អាស៊ីដខ្លាញ់ និងវីតាមីនអាចបង្កឲ្យសក់ជ្រុះ ឬមានការផ្លាស់ប្តូរពណ៌សក់។
៤. ពិបាកក្នុងការមានកូន
នៅពេលរាងកាយទទួលបានសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់ រាងកាយនឹងផ្ដោតសំខាន់លើដំណើរការទ្រទ្រង់ជីវិតដូចជាការដកដង្ហើម និងចរន្តឈាម។ ហេតុនេះហើយធ្វើឲ្យការផលិតអ័រម៉ូនភេទមានការធ្លាក់ចុះដែលនេះអាចប៉ះពាល់ដល់ចំណង់ផ្លូវភេទ និងអាចរំខានដល់ការបន្តពូជដែរ។
៥. មានអារម្មណ៍រងា
រាងកាយយើងត្រូវការកាឡូរីគ្រប់គ្រាន់ក្នុងការរក្សាសីតុណ្ហភាពក្នុងរាងកាយ។ ការទទួលបានកាឡូរីតិចអាចធ្វើឲ្យសីតុណ្ហភាពចុះដែលបង្កឲ្យយើងតែងមានអារម្មណ៍រងា។ យោងតាមគោលការណ៍ណែនាំពីស្ថានប័នចំណីអាហាររបស់សហរដ្ឋអាមេរិក ស្ត្រីត្រូវការកាឡូរីចន្លោះ ១៦០០-២៤០០កាឡូរីក្នុងមួយថ្ងៃ និងបុរសត្រូវការពី ២០០០-៣០០០កាឡូរីក្នុងមួយថ្ងៃ។
៦. ប៉ះពាល់ដល់ការលូតលាស់របស់ក្មេង
សម្រាប់ក្មេង អាហារូបត្ថម្ភគឺសំខាន់ណាស់សម្រាប់ការលូតលាស់របស់ពួកគេ។ ការញ៉ាំមិនគ្រប់គ្រាន់អាចបង្កឲ្យបញ្ហាកង្វះអាហារូបត្ថម្ភ ដែលអាចប៉ះពាល់ដល់ការលូតលាស់ដូចជាការលូតលាស់របស់ឆ្អឹងជាដើម។ អំឡុងពេលពេញវ័យ សារធាតុចិញ្ចឹមក៏សំខាន់ក្នុងការឲ្យឆ្អឹងលូតលាស់ និងរឹងមាំដែរ។
៧. ទល់លាមក
នៅពេលយើងញ៉ាំមិនគ្រប់គ្រាន់ រាងកាយយើងមានអាហារតិចក្នុងការបំលែងទៅជាលាមក។ គ្នាយើងដែលមានបញ្ហាទល់លាមកអាចមានលាមករឹងដែលបង្កការលំបាកក្នុងការបន្ទោរបង់។ ការទល់លាមកគឺមានន័យថាយើងបន្ទោរបង់តិចជាង៣ដងក្នុងមួយសប្ដាហ៍។
[embed-health-tool-bmr]