គ្នាយើង ឬក្មេងៗសម័យនេះមិនតិចទេ ញ៉ាំភេសជ្ជៈប៉ូវកម្លាំង ចំណីផ្អែមៗ ឬកាហ្វេ ស្ទើររាល់ថ្ងៃ ឬរាល់ពេលចង់ឲ្យមានកម្លាំងភ្លាមៗ ដូចជា ពេលលេងកីឡា ឬពេលមានអារម្មណ៍ហេវហត់ អត់ស្រឡះក្នុងខ្លួន ដើម្បីបង្កើនអារម្មណ៍ផ្ចង់ការងារ ឬរៀន។
ភេសជ្ជៈប៉ូវកម្លាំងជាផលិតផលបង្កើនភាពភ្លឺស្វាង ស្វាហាប់ រហ័សរហួន ទាំងរាងកាយ និងខួរក្បាល។ យុទ្ធសាស្ត្រទីផ្សារក្រុមហ៊ុនផលិតទាំងនោះ ជោគជ័យខ្លាំង ព្រោះអតិថិជនគេជាក្រុមមនុស្សពេញវ័យ វ័យក្មេង និងវ័យជំទង់។ បុរសអាយុចន្លោះពី ១៨–៣៤ ឆ្នាំ ផឹកភេសជ្ជៈប៉ូវកម្លាំងច្រើនបំផុត។ សឹងតែមួយភាគបីនៃក្មេងជំទង់ អាយុចន្លោះ ១២–១៧ ឆ្នាំ តែងផឹកជាប្រចាំយ៉ាងទៀងទាត់។ សំណួរសួរថា ភេសជ្ជៈទាំងនោះផ្សំពីអីខ្លះ?
ចង់គណនា BMI ចុចទីនេះ!
ជាទូទៅ ភេសជ្ជៈប៉ូវកម្លាំងស្ទើរទាំងអស់មានផ្ទុកគ្រឿងផ្សំចម្បង ២ មុខ គឺ “ស្ករ និងកាហ្វេអ៊ីន“។ តាមធម្មតា ភេសជ្ជៈប៉ូវកម្លាំងមួយកំប៉ុងអាចមានកាហ្វេអ៊ីនលើសពី ៨០ មិល្លីក្រាមបូកផ្សំនឹងរូបមន្តផ្សែផ្សំផ្សេងទៀត។
“Hello គ្រូពេទ្យ” នឹងរៀបរាប់សារធាតុចម្បងៗដែលសុទ្ធតែមានមុខងារក្នុងភេសជ្ជៈប៉ូវកម្លាំង៖
១- មុខងារសំខាន់ៗពីគ្រឿងផ្សំ
– សារជាតិអេហ្វេឌ្រីន៖ នេះជាធាតុផ្សំដែលមានក្នុងផលិតផលសម្រកទម្ងន់ និងថ្នាំបំបាត់តឹងច្រមុះ។ សារធាតុភ្ញោចនេះ ធ្វើការទៅលើប្រព័ន្ធប្រសាទកណ្ដាល។ ចំណុចអវិជ្ជមាន គឺមានឥទ្ធិពលអត់ល្អចំពោះបេះដូង។
– ជាតិតូរីន៖ នេះជាអាស៊ីដអាមីណេធម្មជាតិ។ មុខងារសំខាន់បំផុតរបស់វា ជួយលៃតម្រូវការលោតរបស់បេះដូង និងការកន្ត្រាក់សាច់ដុំ។
– វីតាមីន B៖ វីតាមីន B មួយក្រុម អាចបំប្លែងស្ករឲ្យទៅជាថាមពលបាន និងធ្វើឲ្យប្រសើរដល់កម្លាំងទប់របស់សាច់ដុំ។
– ក្រេអាទីន៖ អាស៊ីដសរីរាង្គមួយដែលជួយផ្គត់ផ្គង់ថាមពលសម្រាប់ការកន្ត្រាក់សាច់ដុំ។
– អ៊ីណូស៊ីតុល៖ សមាជិកមួយនៃវីតាមីនក្រុម B ដែលជួយកោសិកាក្នុងរាងកាយ។
ភេសជ្ជៈប៉ូវកម្លាំងមួយចំនួនក៏មានសារធាតុបានពីរុក្ខជាតិមួយចំនួនដូចជា៖
– យិនស៊ិន៖ អាចបន្ថយភាពអស់កម្លាំង និងបង្កើនជំរុញកម្រិតថាមពលបាន។
– ជីងហ្គោ ប៊ីឡូបា៖ ធ្វើឡើងពីគ្រាប់របស់ដើមជីងហ្គោ ប៊ីឡូបា ដែលជំរុញបង្កើនការចងចាំ និងបង្កើនថាមពលរយៈខ្លី។

២- ផលប៉ះពាល់ដោយសារភេសជ្ជៈប៉ូវកម្លាំង
ជាធម្មតា រាល់ភេសជ្ជៈដែលចេញលក់លើទីផ្សារ តែងឆ្លងកាត់ការអនុញ្ញាតពីស្ថាប័ន ឬក្រសួងពាក់ព័ន្ធ ដើម្បីពិនិត្យគុណភាព និងផលប៉ះពាល់។ ប៉ុន្តែខាងក្រោមនេះ ជាអ្វីដែលគ្នាយើងគួរដឹងពីភេសជ្ជៈកំប៉ុងដែលយើងញ៉ាំរហូតមក និងអត់សូវបានចាប់អារម្មណ៍ ថាតើប៉ះពាល់រាងកាយយើងកម្រិតណា។
– ស្ករ និងជាតិកាហ្វេអ៊ីន៖ ដូចបញ្ជាក់ខាងលើ ភេសជ្ជៈប៉ូវកម្លាំងមានស្ករច្រើនដែលធ្វើឲ្យយើងធាត់លើសគីឡូ។ ទន្ទឹមគ្នានេះ អំណាចកាហ្វេអ៊ីនច្រើនពេកអាចធ្វើឲ្យយើង៖
- រសេះរសោះក្នុងខ្លួននៅមិនសុខ
- មួម៉ៅច្រើន
- គេងមិនលក់
- បេះដូងលោតញាប់
- សម្ពាធឈាមឡើងខ្ពស់។
– អ័រម៉ូនតានតឹង៖ គ្លីនិកម៉ាយ៉ូ (មជ្ឈមណ្ឌលសិក្សាវេជ្ជសាស្ត្ររបស់អាមេរិក) រកឃើញថា ភេសជ្ជៈប៉ូវកម្លាំងមួយកំប៉ុងអាចបណ្តាលឲ្យមានកំណើនអ័រម៉ូនដែលធ្វើឲ្យតានតឹងអារម្មណ៍ កាន់តែច្រើន។
– បញ្ហាបេះដូង៖ ភេសជ្ជៈប៉ូវកម្លាំងមានទំនាក់ទំនងនឹងកម្រិតអ័រម៉ូនចង្វាក់បេះដូង (លោតញាប់) និងសម្ពាធឈាមកើនឡើងខ្ពស់។
បើមានអារម្មណ៍អស់កម្លាំង ឬនឿយហត់ជាប់លាប់រហូត សូមសាកល្បងវិធីផ្សេង ក្រៅពីផឹកភេសជ្ជៈជំនួយ ដូចជា លំហាត់ប្រាណ ខ្លីៗ ឬ ផឹកទឹកដែលមានជាតិរ៉ែ ខនិជ ឲ្យបានគ្រប់គ្រាន់។
ចំណុចសំខាន់
ភេសជ្ជៈប៉ូវកម្លាំងមានស្ករច្រើនដែលធ្វើឲ្យយើងធាត់លើសគីឡូ។ ទន្ទឹមគ្នានេះ អំណាចកាហ្វេអ៊ីននៅក្នុងភេសជ្ជៈប្រភេទនេះច្រើនពេក អាចធ្វើឲ្យយើង៖
- រសេះរសោះក្នុងខ្លួននៅមិនសុខ
- មួម៉ៅច្រើន
- គេងមិនលក់
- បេះដូងលោតញាប់
- សម្ពាធឈាមឡើងខ្ពស់។