ធ្លាប់តែឮគេថា អូមេហ្គា ៣ ល្អខ្លាំង ប៉ុន្តែគ្នាយើងខ្លះ ពិសេសប៉ាម៉ាក់ មានកូនតូចៗ នៅមិនទាន់ស្គាល់ច្បាស់ពីសារធាតុពិសេសនេះនៅឡើយ។ អូមេហ្គា ៣ ត្រូវគេជឿថា ពិតជាល្អខ្លាំងចំពោះសុខភាពខួរក្បាល ទាំងចាស់ទាំងក្មេង ហេតុនេះទើប “Hello គ្រូពេទ្យ’ នឹងបញ្ជាក់ពីគុណប្រយោជន៍របស់ អូមេហ្គា ៣ ល្អម៉េចខ្លះ? រកនៅណាបាន? ឲ្យគ្នាយើងបានដឹងទាំងអស់គ្នា។
១- អត្ថប្រយោជន៍អូមេហ្គា ៣
អូមេហ្គា ៣ (Omega-3) ជាអាស៊ីដខ្លាញ់ដ៏ល្អ អាចលើកកម្ពស់ភ្នាសខួរក្បាល និងបង្កើតកោសិកាខួរក្បាលថ្មីៗ អាចជួយយើងក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងបញ្ហាផ្លូវចិត្ត ដូចជា ការបាក់ទឹកចិត្ត វង្វេងវង្វាន់ ដោយជំរុញឲ្យមានស្មារតីល្អ និងបង្កើនការចងចាំ។ យ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រជឿថា មានមនុស្សពេញវ័យជាច្រើន បានធំលូតលាស់មក ដោយមានបញ្ហាខ្វះអាស៊ីដខ្លាញ់អូម៉េហ្កា ៣ នេះឯង ហើយបញ្ហាកង្វះអាស៊ីដខ្លាញ់អូមេហ្គា ៣ គឺមានទំនាក់ទំនងទៅនឹងជំងឺបេះដូង ជំងឺមហារីក រលាកសន្លាក់ និងជំងឺរ៉ាំរ៉ៃផ្សេងទៀត។
២- ប្រភពអាស៊ីដខ្លាញ់អូមេហ្គា ៣
អាចរកបានអាស៊ីដខ្លាញ់អូមេហ្គា ៣ ក្នុងរុក្ខជាតិ និងសាច់សត្វ ខណៈគ្រាប់ធញ្ញជាតិកែច្នៃហើយ ឬក៏ប្រេងរបស់វា គ្រាប់មិនទាន់កែច្នៃ គ្រាប់វ៉លណាត់ សណ្តែកសៀង សុទ្ធតែជាប្រភពសម្បូរអាស៊ីដខ្លាញ់អូម៉េហ្កា ៣ បំផុត។ យ៉ាងណាមិញ ប្រេងបន្លែខ្លះៗ ដូចជា Canola សណ្តែកសៀង ផ្កាឈូករ័ត្ន និងប្រេងសណ្តែក គឺមានអាស៊ីដខ្លាញ់អូម៉េហ្កា ៦ ខ្ពស់ ដែលវាក៏ជាប្រភេទអាស៊ីដខ្លាញ់ល្អដែរ ប៉ុន្តែគួរតែត្រូវបានប្រើឲ្យសមាមាត្រ ១/៣ បើប្រៀបធៀបជាមួយអាស៊ីដខ្លាញ់អូមេហ្គា ៣ ដោយព្រោះថា បើប្រើអាស៊ីដខ្លាញ់អូមេហ្គា ៦ លើសកម្រិត អាចបង្កជាជំងឺរលាករ៉ាំរ៉ៃទៅវិញ។
ប្រភពល្អបំផុតអាស៊ីដខ្លាញ់អូមេហ្គា ៣ គឺសាច់ត្រីស្រស់ នៅតំបន់ត្រជាក់ៗ ដូចជាត្រីសាល់ម៉ុន ត្រី Halibut (ធំមួយបែបរាងវាសំប៉ែត) ត្រីសាឌីន (Saldine) ត្រីស្ពៃកា (Mackerel) ឬត្រីហារ៉ុង ហើយបើចាប់បានពីមហាសមុទ្រ កាន់ល្អបំផុត។ យ៉ាងណា ទីផ្សារសព្វថ្ងៃ មានលក់តែត្រីចិញ្ចឹមក្នុងកសិដ្ឋាន ប៉ុន្តែនៅតែបិទស្លាកផ្សព្វផ្សាយថាជារបស់ធម្មជាតិទៅវិញ ខណៈត្រីចិញ្ចឹមនៅកសិដ្ឋាន ត្រូវបានចម្លងរោគជាមួយថ្នាំសម្លាប់សត្វល្អិត មានអាស៊ីដខ្លាញ់អូម៉េហ្កា ៦ ខ្ពស់ ព្រោះថាចំណីជាប្រភេទប្រេងបន្លែ និងមិនសូវមានអាស៊ីដអូមេហ្គា ៣ ទេ។
តែទោះជាយ៉ាងណា គ្រូពេទ្យនៅតែណែនាំឲ្យយើងញ៉ាំត្រីយ៉ាងហោចណាស់ ២-៣ ដង/សប្តាហ៍ ព្រោះយ៉ាងណា វានូវតែមានអត្ថប្រយោជន៍ ច្រើនជាងហានិភ័យ។ បន្ថែមពីលើនេះ អាស៊ីដខ្លាញអូមេហ្គា ៣ ត្រូវគេអះអាងជាយូរឆ្នាំមកហើយ ពិតជាចាំបាច់ណាស់សម្រាប់សុខភាពទារកទើបនឹងកើត។ ការសិក្សាជាច្រើនបានបង្ហាញថា ទារកទទួលបានអាស៊ីដខ្លាញ់អូមេហ្គា ៣ គ្រប់គ្រាន់ មានការលូតលាស់បញ្ញាស្មារតីពូកែលើការប្រាស័យទាក់ទង និងមានជំនាញខាងទំនាក់ទំនងក្នុងសង្គមជាង ទារកមិនទទួលបានអាស៊ីដខ្លាញ់ល្អនេះ។ ក្រៅពីនេះ ទារកទទួលបានអាស៊ីដខ្លាញ់អូមេហ្គា ៣ គ្រប់គ្រាន់ អាចនឹងកាត់បន្ថយហានិភ័យរីករាលដាលជំងឺ បង្ការភាពមិនប្រក្រតីក្នុងការផ្ចង់អារម្មណ៍ ADHD (Attention Deficit Hyperactivity Disorder) ការពាររជំងឺអូទីស្សឹម ពិការខួរក្បាល និងខ្សោយភ្នែក បានទៀតផង។
អត្ថបទពាក់ព័ន្ធ៖
- អាហារ ១០ ប្រភេទ ប៉ូវខួរក្បាល និងផ្តល់ថាមពលខ្លាំង
- ចង់ឲ្យកូនសុខភាពល្អ អាចឲ្យកូនញ៉ាំថ្នាំខ្លាញ់ត្រីបានអត់?
សរុបមក កង្វះអាស៊ីដខ្លាញ់អូមេហ្គា ៣ ងាយស្រួលដោះស្រាយ ដោយញ៉ាំអាហារសម្បូរអាស៊ីដខ្លាញ់នេះឲ្យបានច្រើន ខណៈអាហារពេញនិយមបំផុត គឺខ្លាញ់ត្រី។ មានភស្តុតាងជាច្រើនបានបង្ហាញថា ខ្លាញ់ត្រីអាចកាត់បន្ថយជំងឺពិបាកផ្ចង់អារម្មណ៍ (ADHD) ជំងឺថប់បារម្ភ បាក់ទឹកចិត្ត បាត់បង់ការចងចាំ ឬជំងឺប្រែប្រួលអារម្មណ៍ពីរផ្សេងគ្នា។ លើសពីនេះ វាអាចការពារជំងឺដាច់សសៃឈាមខួរក្បាល និងជំងឺវង្វេងរបស់មនុស្សចាស់ផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។
Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]