បច្ចុប្បន្ន សង្កេតឃើញថា គ្នាយើងភាគច្រើន មិនថាស្រី មិនថាប្រុស មិនថាក្មេង ឬចាស់ សុទ្ធតែមានបញ្ហាលើសកូលេស្តេរ៉ូល ហើយកត្តាបង្កគឺមានច្រើន ពិសេសទម្លាប់រស់នៅប្រចាំថ្ងៃ មិនហាត់ប្រាណ ញ៉ាំអាហារមិនល្អជាដើម។
ដឹងអត់? សម្រកទម្ងន់ អាចនាំឲ្យអត្រាកើតជំងឺបេះដូងខ្ពស់ ហេតុនេះត្រូវចេះបង្ការ និងកាត់បញ្ហាជាតិកូលេស្តេរ៉ូល ដោយតមញ៉ាំសាច់ ងាកមករកអាហារបួសវិញប្រសើរជាង មិនត្រឹមតែជួយឲ្យជាតិខ្លាញ់ថយចុះទេ គ្នាយើងមានជំងឺរ៉ាំរ៉ៃមួយចំនួនក៏អាចធូរស្រាលផងដែរ។ ប៉ុន្តែញ៉ាំអាហារបួស ត្រូវតែប្រាកដថា មានជីវជាតិចិញ្ចឹមគ្រប់គ្រាន់ ដូចជា៖
១- អាហារបួស
ញ៉ាំអាហារបួស គប្បីត្រូវជ្រើសរើសអាហារណាមានសារធាតុចិញ្ចឹមឲ្យបានគ្រប់គ្រាន់ ដើម្បីប្រាកដថារបបអាហារបួស មានសុខភាពល្អ ព្រោះបើអាហារមិនមានជីវជាតិបំប៉នគ្រប់គ្រាន់ មិនត្រឹមតែមិនអាចជួយយើង មានសុខភាពល្អនោះទេ ថែមទាំងធ្វើឲ្យរាងកាយខ្វះសារធាតុចិញ្ចឹម បង្កជាបញ្ហាសុខភាពជាច្រើនទៀត។
២- ប្រូតេអ៊ីន
ដឹងហើយថា ប្រូតេអ៊ីន ដើរតួយ៉ាងសំខាន់ក្នុងការទ្រទ្រង់រាងកាយប្រចាំថ្ងៃ យ៉ាងណា យើងនៅតែអាចទទួលបានប្រូតេអ៊ីនគ្រប់គ្រាន់ពីអាហារបួស ដូចជា សណ្តែកសៀង គ្រាប់សណ្តែក សណ្តែកហោឡាំងតាវ (Peas) និងគ្រាប់ធញ្ញជាតិផ្សេងទៀត ព្រោះសុទ្ធតែសម្បូរប្រូតេអ៊ីន។ ស្រូវសាឡី គ្រាប់បន្លែពូជ គ្រាប់ផ្លែឈើមួយចំនួន (Nuts) និងបន្លែផ្សេងទៀត ក៏មានផ្ទុកប្រូតេអ៊ីនច្រើនដូចគ្នា។
អត្ថបទពាក់ព័ន្ធ៖
- ញ៉ាំបួស តមសាច់ ប្រយ័ត្នកើតជំងឺស្លេកស្លាំង
- អាហារល្អៗ ប៉ូវឲ្យមេជីវិតប្រុសៗកាន់តែខ្លាំងជាងមុន
៣- ជាតិស័ង្កសី
ជាតិស័ង្កសី មាននាទីសំខាន់ក្នុងការផ្គត់ផ្គង់ ក៏ដូចជាជួយឲ្យកោសិកាក្នុងរាងកាយយើងធំធាត់។ មិនតែប៉ុណ្ណោះ សារធាតុស័ង្កសី ត្រូវគេរកឃើញថា អាចជួយបង្កើតជាង ១០០ អង់ហ្ស៊ីមផ្សេងៗគ្នា ដែលមាននាទីសំខាន់ ធ្វើមេតាបូលីសផ្សេងៗនៅក្នុងរាងកាយយើង ថែមទាំងអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំទៀតផង។ សារធាតុស័ង្កសីនេះ មានសម្បូរនៅក្នុងគ្រាប់ធញ្ញជាតិ ស្រូវសាឡី គ្រាប់បន្លែ និងខ្ទឹមស។
៤- ជាតិដែក
ជាតិដែក ជាសារធាតុរ៉ែសំខាន់មួយ មាននាទីជួយដឹកនាំយកអុកស៊ីហ្សែន ទៅចិញ្ចឹមរាងកាយទាំងមូល។ ពិតណាស់ កង្វះសារធាតុសំខាន់នេះ អាចនាំឲ្យយើងមានជំងឺខ្វះគ្រាប់ឈាម ជំងឺស្លេកស្លាំង។ យ៉ាងណាមិញ ទោះបីជាជាតិដែកភាគច្រើនសម្បូរក្នុងផលិតផលសាច់សត្វក៏ដោយ មិនប្រាកដថា គ្នាយើងញ៉ាំអាហារបួសប្រឈមបញ្ហាខ្វះជាតិដែក និងជំងឺខ្វះគ្រាប់ឈាមនោះទេ។ បន្លែផ្លែឈើជាច្រើន ដូចជា ផ្លែឈើក្រៀម (ផ្លែប៉េស ផ្លែព្រីង ផ្លែព្រូន ផ្លែសារី) បន្លែពណ៌បៃតងចាស់ ស្ពៃពួយឡេង ស្ពៃស ឆៃថាវ បឺរសណ្តែក (Butter Beans) សណ្តែកហោឡាំងតាវសំប៉ែត ផ្លែបេរី (Raspberries, Elderberries) សុទ្ធតែសម្បូរជាតិដែក។
៥- វីតាមីន B12
គ្នាយើងញ៉ាំអាហារបួសភាគច្រើន មានបញ្ហាខ្វះជាតិវីតាមីន B12 ធ្វើឲ្យប្រឈមជំងឺបេះដូងមួយចំនួន។ ហេតុនេះ គប្បីញ៉ាំអាហារមានផ្ទុកវីតាមីន B12 ឲ្យបានគ្រប់គ្រាន់ ដូចជា សារាយសមុទ្រ និងផលិតផលមានផ្ទុកវីតាមីន B12 ដូចជា ទឹកដោះគោ និងសណ្តែកសៀងជាដើម។
៦- គួរចម្អិនបែបណា?
ទោះបីជាអាហារបួសមិនសូវមានផ្ទុកនូវពពួកខ្លាញ់ឆ្អែត (ខ្លាញ់មិនល្អ) ដូចជាអាហារប្រភេទសាច់ក៏ដោយ គប្បីចម្អិនឲ្យបានត្រឹមត្រូវ តាមក្បូនខ្នាត ដើម្បីចៀសវាង ការកើនឡើងកម្រិតកូលេស្តេរ៉ូលតាមរយៈការចម្អិតមិនត្រឹមត្រូវណាមួយ។ គន្លឹះមួយចំនួនខាងក្រោមនេះ អាចជួយយើងកាត់បន្ថយការកើនឡើងកូលេស្តេរ៉ូលអំឡុងពេលចម្អិនអាហារបួស។
– ចៀសវាងការប្រើខ្លាញ់ ឬក៏ប្រេងមិនល្អ (Trans fats)
– ចៀសវាងការប្រើខ្លាញ់ឆ្អែត (Saturated fats) ខ្លាញ់ចម្រាញ់ចេញពីសាច់សត្វ
– ព្យាយាមប្រើប្រាស់ប្រេង ឬក៏ខ្លាញ់ល្អសំរាប់សុខភាពបេះដូង ដូចជាប្រេងអូលីវ
– ព្យាយាមចម្អិនដោយប្រើខ្លាញ់តិចបំផុតតាមអាចធ្វើទៅបាន។
[embed-health-tool-bmr]