ទឹករ៉ែមានប្រភពមកពីក្រោមដី និងមានកម្រិតសារធាតុរ៉ែខ្ពស់ ពិសេសម៉ាញ៉េស្យូម កាល់ស្យូម និងសូដ្យូម។ ចុះទឹករ៉ែ និងទឹកធម្មតា មួយណាល្អជាង? គុណប្រយោជន៍អ្វីខ្លះ?
១- ប្រៀបធៀបរវាងទឹករ៉ែ និងទឹកធម្មតា
ទោះបច្ចុប្បន្ន មនុស្សច្រើនមានទឹកស្អាតប្រើក៏ពិតមែន ប៉ុន្តែមានមួយចំនួនធំ បានជ្រើសទឹករ៉ែសម្រាប់ផឹក ដើម្បីទទួលបានគុណប្រយោជន៍សុខភាព។
បើយោងតាមភស្តុតាងថ្មីៗនេះ នៅមិនទាន់រកឃើញចំណុចខុសគ្នាធំៗរវាងទឹកធម្មតា និងទឹករ៉ែនៅឡើយ ដោយទឹកទាំងពីរប្រភេទ មានជាតិរ៉ែដូចគ្នា ហើយចង្វាក់នៃការផលិតក៏ស្រដៀងគ្នា។ ប៉ុន្តែ បើយោងតាមអត្ថន័យ ទឹករ៉ែត្រូវមានកម្រិតជាតិរ៉ែជាក់លាក់ ហើយចង្វាក់នៃការច្រកចូលក្នុងដប ត្រូវធ្វើនៅទីតាំងប្រភពទឹក។
ខាងក្រោមនេះ ជាភាពខុសគ្នារវាសសារធាតុមានក្នុងទឹកធម្មតា និងទឹករ៉ែ៖
១- ទឹកធម្មតា
ទឹកធម្មតាមានប្រភពពីទឹកនៅលើផ្ទៃដី (ទឹកទន្លេ បឹង ជាដើម) ឬពីក្រោមដីដូចគ្នា។ នៅអាមេរិក ទឹកធម្មតាត្រូវស្របតាមច្បាប់ទឹកញ៉ាំដែលមានសុវត្ថិភាព ( Safe Drinking Water Act) បង្កើតឡើងដោយភ្នាក់ងារការពារបរិស្ថាន EPA (Environmental Protection Agency)។ ច្បាប់ទាំងនេះកម្រិតចំនួនសារធាតុមានក្នុងទឹកដែលផ្គត់ផ្គង់នៅតាមផ្ទះនីមួយៗ។ ក្រុមហ៊ុនផ្គត់ផ្គង់ទឹក ត្រូវបូមទឹកពីប្រភពណាមួយទៅកន្លែងចម្រោះ (Treatments Plants) ដើម្បីសម្អាតសារធាតុគីមី។
ទឹកធម្មតានេះ មានបន្ថែមសារធាតុរ៉ែ រួមមាន កាល់ស្យូម ម៉ាញ៉េស្យូម និងប៉ូតាស្យូម ហើយទឹកធម្មតាខ្លះ ក៏បន្ថែមសារធាតុរ៉ែ ទាំងនេះក្នុងកម្រិតខ្ពស់ទៀតផង ព្រោះគេគិតថា នឹងផ្ដល់សុខភាពកាន់តែល្អដល់អ្នកប្រើ។ ទោះយ៉ាងនេះក្ដី ការបន្ថែមសារធាតុរ៉ែ អាចធ្វើឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង ព្រោះវាអាចធ្វើឲ្យស្ទះទុយយោនាំឲ្យមានលំហូរយឺត។
ក្រៅពីគុណប្រយោជន៍ បណ្ដាញទឹកសាធារណៈនេះក៏អាចមានសារធាតុកខ្វក់ (Contaminants) ដោយសារទុយយោមានច្រែះ ឬលេច នាំឲ្យទឹកមិនស្អាត។
២- ទឹករ៉ែ
ទឹករ៉ែ មានប្រភពចេញពីក្រោមដីធម្មជាតិ និងបឹងទន្លេ ដែលមានជាតិរ៉ែច្រើន ហើយទឹកប្រភេទនេះ ផ្ដល់កម្រិតសារធាតុរ៉ែខ្ពស់ជាងទឹកធម្មតា។ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានកម្រិតយ៉ាងតឹងរឹងសម្រាប់គុណភាពទឹករ៉ែ សម្រាប់រោងចក្រផលិត និងផ្គត់ផ្គង់ទាំងអស់ ដោយថែមទាំងហាមឃាត់គ្រប់រោងចក្រ មិនត្រូវបន្ថែមកម្រិតជាតិរ៉ែក្នុងផលិតផលរបស់ពួកគេដូចគ្នា។ ជាតិរ៉ែគេច្រើនឃើញក្នុងទឹករ៉ែរួមមាន៖
- កាល់ស្យូម
- ម៉ាញ៉េស្យូម
- ប៉ូតាស្យូម
- សូដ្យូម
- ប៊ីកាបូនណាត
- ជាតិដែក
- ជាតិស័ង្កសី
ខុសពីទឹកធម្មតា ទឹករ៉ែត្រូវច្រកដបនៅឯទីតាំងនៃប្រភពទឹកតែម្តង ហើយគ្នាយើងមួយចំនួនជ្រើសរើសយកទឹករ៉ែ ដោយសារតែកម្រិតសុទ្ធរបស់វា និងមិនប្រើជាតិគីមីដើម្បីចម្រោះនោះឡើយ។
ទោះយ៉ាងនេះក្ដី ទឹករ៉ែ ក៏ត្រូវផលិតតាមចង្វាក់ផលិតកម្មមួយចំនួនដែរ រួមមាន ការបន្ថែម ឬយកចេញសារធាតុឧស្ម័នកាបូនឌីអុកស៊ីត (CO2) ឬដកចេញសារធាតុពុល ដូចជា អាសេនិក ជាដើម។ CO2 អាចជួយការពារកុំឲ្យមានអុកស៊ីតកម្ម និងកម្រិតការលូតលាស់របស់បាក់តេរី នៅក្នុងទឹក។ ទឹកកាបូណាតធម្មជាតិ ទទួលបាន CO2 ពីប្រភពរបស់វា ប៉ុន្តែរោងចក្រក៏អាចបន្ថែមជាតិ CO2 ទៅក្នុងផលិតផលទឹកបានដូចគ្នា។
អត្ថបទពាក់ព័ន្ធ៖
- ផឹកទឹកភ្លៀងមានគុណប្រយោជន៍ និងប៉ះពាល់អីខ្លះ?
- ទឹកដូងល្អបំផុត អំឡុងពពោះ ម្ដាយគ្រប់រូបគួរស្វែងយល់
២- គុណប្រយោជន៍ទឹករ៉ែ
– សម្បូរសារធាតុម៉ាញ៉េស្យូម៖ ទាំងទឹករ៉ែ និងទឹកធម្មតា សុទ្ធតែជាប្រភពនៃសារធាតុម៉ាញ៉េស្យូម។ សារធាតុនេះ មានសារៈសំខាន់ណាស់ជួយសម្រួលសម្ពាធឈាម កម្រិតជាតិស្ករក្នុងឈាម និងមុខងារសរសៃប្រសាទ។
ប្រភពខ្លះអាចមានកម្រិតម៉ាញ៉េស្យូមតិច ឬច្រើនខុសៗគ្នា ខណៈកម្រិតម៉ាញ៉េស្យូមក្នុងទឹក អាចនៅចន្លោះពី ១ មិល្លីក្រាម/លីត្រ ទៅច្រើនជាង ១២០ មិល្លីក្រាម/លីត្រ អាស្រ័យលើប្រភពរបស់វា។
កម្រិតណែនាំឲ្យញ៉ាំជាតិម៉ាញ៉េស្យូមប្រចាំថ្ងៃ មានដូចខាងក្រោម៖
- ៣១០-៣២០ មិល្លីក្រាម ចំពោះមនុស្សស្រីពេញវ័យ
- ៤០០-៤២០ មិល្លីក្រាម ចំពោះមនុស្សប្រុសពេញវ័យ
យោងតាមការិយាល័យកម្រិតអាហារូបត្ថម្ភ មនុស្សភាគច្រើននៅអាមេរិក ញ៉ាំសារធាតុនេះ នៅតិចជាងអ្វីដែលណែនាំនៅឡើយ។ ហើយខាងក្រោមនេះ ជារោគសញ្ញានកង្វះសារធាតុម៉ាញ៉េស្យូម៖
- មិនឃ្លានអាហារ
- អស់កម្លាំង
- ខ្សោយសាច់ដុំ
- ចង្អោរ ក្អួត
ក្នុងករណីធ្ងន់ធ្ងរ អាចបណ្ដាលឲ្យមានបញ្ហាដូចជា៖
- ស្ពឹក ឬញ័រចុងដៃ ចុងជើង
- រមួលសាច់ដុំ
- ចុះទាបកម្រិតកាល់ស្យូម ឬប៉ូតាស្យូម
- ផ្លាស់ប្ដូរអារម្មណ៍
- ចង្វាក់បេះដូងខុសប្រក្រតី
- ប្រកាច់
– បញ្ចុះសម្ពាធឈាម៖ ពេលមានកម្រិតម៉ាញ៉េស្យូមទាប អាចធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ ខ្សោយបេះដូង និងជំងឺផ្សេងទៀត ធ្វើឲ្យចង្វាក់បេះដូងខុសប្រក្រតី។ ទឹករ៉ែ សម្បូរទៅដោយជាតិម៉ាញ៉េស្យូម អាចជួយឲ្យធ្លាក់ចុះហានិភ័យជំងឺសរសៃឈាមបេះដូងបាន។ ការសិក្សាតូចមួយនៅឆ្នាំ ២០០៤ រួមមាន មនុស្សពេញវ័យ ៧០នាក់ ដែលកើនសម្ពាធឈាមខ្ពស់ ហើយកម្រិតម៉ាញ៉េស្យូមទាប បានបង្ហាញថា សម្ពាធឈាមពួកគេបានថយចុះ ដោយគ្រាន់តែញ៉ាំទឹករ៉ែ ១ លីត្រ/ថ្ងៃ។
– សម្រួលចរន្តឈាម៖ ទឹករ៉ែមានកម្រិតកាល់ស្យូម ម៉ាញ៉េស្យូម និងប៉ូតាស្យូមខ្ពស់ ដែលជួយដល់ចរន្តឈាមរត់។ កាល់ស្យូម មានប្រយោជន៍ជួយទ្រទ្រង់ និងរក្សាឆ្អឹងឲ្យបានរឹងមាំ ជួយសម្រួលចង្វាក់បេះដូងលោតផងដែរ។
– ជួយឲ្យឆ្អឹងរឹងមាំ៖ ទឹករ៉ែមានជាតិកាល់ស្យូម អាចជួយឲ្យឆ្អឹងរឹងមាំ។ នៅពេលជាលិកាឆ្អឹងងាប់ រាងកាយត្រូវបង្កើតឆ្អឹងថ្មីដើម្បីជំនួស ខណៈអំឡុងពេលពេញវ័យ ឆ្អឹងថ្មី នឹងបង្កើតលឿនជាងឆ្អឹងចាស់ដែលងាប់ទៅ។ ទោះជាយ៉ាងនេះក្ដី បន្ទាប់ពីអាយុ ២០ ឆ្នាំឡើងទៅ ទម្រង់ឆ្អឹងនឹងចាប់ផ្ដើមប្រែប្រួល អាចធ្វើឲ្យឆ្អឹងទន់ ឬខ្សោយ។
ហាត់ប្រាណជាប្រចាំ និងអាហារសម្បូរជាតិកាល់ស្យូម អាចជួយ និងការពារពីការបាត់បង់ឆ្អឹងបាន។ ការសិក្សាមួយនៅឆ្នាំ ២០១៧ ផ្តោតលើការប្រៀបធៀបពីការស្រូបជាតិកាល់ស្យូមរបស់រាងកាយ ពីទឹកដោះគោ សារធាតុបំប៉នមានជាតិកាល់ស្យូម និងទឹករ៉ែ។ ពួកគេបានសន្មតថា ទឹករ៉ែ មានជាតិកាល់ស្យូមកម្រិតខ្ពស់ អាចស្រូបបានល្អ និងជួយផ្គត់ផ្គង់កម្រិតកាល់ស្យូមក្នុងរាងកាយបានល្អជាង។
ជាតិម៉ាញ៉េស្យូម ក៏អាចធ្វើឲ្យឆ្អឹងរឹងមាំដូចគ្នា ព្រោះក្នុងការសិក្សាធំមួយនៅឆ្នាំ ២០១៤ បង្ហាញថា មនុស្សស្រីវ័យចំណាស់ ញ៉ាំម៉ាញ៉េស្យូមច្រើន ជាង ៤២២,៥ មិល្លីក្រាម/ថ្ងៃ មានកំហាប់ឆ្អឹង ខ្ពស់ជាងអ្នកដែលញ៉ាំសារធាតុរ៉ែតិច។
– ជួយសុខភាពប្រព័ន្ធរំលាយអាហារ៖ ញ៉ាំអាហារមានជាតិម៉ាញ៉េស្យូម អាចជួយការពារកុំឲ្យទល់លាមក និងជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ។ ជាតិម៉ាញ៉េស្យូមនៅក្នុងទឹក ពេលចូលទៅដល់ពោះវៀន នឹងជួយឲ្យលាមកស្អិតល្អ សម្រួលសាច់ដុំ និងចលនាពោះវៀន។
យោងតាមការរកឃើញតាមរយៈការសិក្សាបែប Randomized controlled study ផឹកទឹករ៉ែមានកម្រិតម៉ាញ៉េស្យូមសុលហ្វាត និងសូដ្យូមសុលហ្វាត អាចនាំឲ្យបត់ជើងធំច្រើនជាងធម្មតា ហើយជួយបង្កើនគុណភាពជីវិត ចំពោះគ្នាយើងឧស្សាហ៍ទល់លាមក។
៣- គុណវិបត្តិពីទឹករ៉ែ
ដូចធ្លាប់លើកឡើងចឹង លើលោកនេះ គ្មានអ្វីមានគុណសម្បត្តិ គ្មានគុណវិបត្តិនោះទេ ទឹករ៉ែ ក៏ដូចជា បើទោះជាទូទៅគឺមានសុវត្ថិភាពក្នុងការផឹកក៏ពិតមែន ប៉ុន្តែការស្រាវជ្រាវតិចតួចបង្ហាញថា ទឹករ៉ែមានផលអវិជ្ជមានដល់សុខភាព។ ជាតិកាបូនណាតក្នុងទឹករ៉ែ មានសារធាតុអាស៊ីដកាបូនិក អាចធ្វើឲ្យត្រអើក ឬហើមពោះ។
ទោះយ៉ាងនេះក្ដី ទឹករ៉ែ និងទឹកបរិសុទ្ធ អាចនឹងមានសារធាតុកខ្វក់ជាក់លាក់មួយចំនួន។ បើតាមនិយមន័យទឹករ៉ែ ត្រូវតែមានកម្រិតមេរោគតិចបំផុត។ បន្ថែមលើនេះ ទឹករ៉ែ អាចនឹងមិនមានសង្វាក់កម្ចាត់មេរោគ ដូចនឹងទឹកម៉ាស៊ីនធម្មតាទេ ព្រោះការច្រកដប គឺធ្វើនៅទីតាំងប្រភពទឹកផ្ទាល់ ដូចនេះ កម្រិតមេរោគក៏ខុសគ្នាដែរ។ នៅមានបញ្ហាជាច្រើនទៀត អាចបង្កឲ្យការផឹកទឹករ៉ៃដូចជា៖
– ពុលជាតិប្លាស្ទិក៖ ដបជាតិផ្លាស្ទិកជាច្រើន មានជាតិ Bisphenol A ឬ BPA ដែលសារធាតុគីមីនេះ អាចធ្វើឲ្យប៉ះពាល់ដល់មុខងារអ័រម៉ូនធម្មតា។ មីក្រូប្លាស្ទិក ដែលជាភាគល្អិតតូចៗនៃប្លាស្ទិក គឺជាអ្វីមួយគួរឲ្យបារម្ភខ្លាំង។ អ្នកវិទ្យាសាស្ត្រ រកឃើញថា មីក្រូប្លាស្ទិក មានក្នុងចំណីអាហារ និងភេសជ្ជៈ ក៏ដូចជាក្នុងផលិតផលអាហារសមុទ្រ និងអំបិលធ្វើម្ហូប។
នៅឆ្នាំ ២០១៨ អ្នកស្រាវជ្រាវបានផ្សាយចេញ ការពិនិត្យជាប្រព័ន្ធមួយ ទៅលើទិន្នន័យបច្ចុប្បន្ន ស្ដីពីការបំពុលដោយប្លាស្ទិក ហើយបានរាយការណ៍ ជាតិមីក្រូប្លាស្ទិកនៅក្នុងដបទឹករ៉ែ មិនបង្ហាញពីហានិភ័យទាក់ទងសុវត្ថិភាពពេលផឹកនោះទេ។
– ទឹកកាបូណាតធ្វើឲ្យខូចធ្មេញ៖ ជាតិកាបូណាត ក្នុងទឹករ៉ែ អាចធ្វើឲ្យខូចធ្មេញ។ ទឹកកាបូណាត មានកម្រិត pH ទាបជាងទឹកធម្មតា ដោយធ្វើឲ្យវាស្ថិតក្នុងមជ្ឈដ្ឋានអាស៊ីដ។ យោងតាមការសិក្សាថ្មីៗ ទឹកកាបូនណាត ផលិតឡើងដោយ Soda Carbonator ធ្វើឲ្យកាត់បន្ថយភាពរឹងរបស់សម្បកធ្មេញ។
ទោះយ៉ាងនេះក្ដី ទឹកកាបូណាត នៅតែមានផលប៉ះពាល់តិចទៅលើធ្មេញ បើធៀបនឹងការផឹកទឹកក្រូច។ ការសិក្សាមួយបង្ហាញថា ទឹក Sparkling ធម្មតា និងទឹកមានរសជាតិ សុទ្ធតែបង្កឲ្យមានហានិភ័យទៅលើសម្បកធ្មេញ ច្រើនជាងទឹកក្រូចទៅទៀត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]