ការ៉ុត ជាប្រភេទបន្លែដែលអាចញ៉ាំឆៅ ជាអន្លក់ក៏បាន ចម្អិនឲ្យឆ្អិនក្នុងសម្លក៏បាន ឬក្រឡុក ធ្វើជាភេសជ្ជៈញ៉ាំក៏បានដែរ។ ទាំងការញ៉ាំការ៉ុតឆៅ និងចម្អិន ផ្ដល់អត្ថប្រយោជន៍ដល់សុខភាព។ នេះជាអត្ថប្រយោជន៍ ៨ យ៉ាងរបស់ការ៉ុត ចំពោះសុខភាព៖
១- ជួយភ្នែក
ការ៉ុត សម្បូរដោយវីតាមីន A ជួយដល់ភ្នែក។ ជាធម្មតា បើវីតាមីន A ក្នុងខ្លួនធ្លាក់ចុះ វាបង្កឲ្យមានភាពមិនប្រក្រតីដល់កែវភ្នែក (Xerophthalmia) ហើយធ្វើឲ្យមើលមិនឃើញអ្វីទេ នៅពេលយប់។ ចំណែកសារធាតុអុកស៊ីតកម្ម Lutein និង Zeaxanthin ក្នុងការ៉ុត ក៏ជួយដល់សុខភាពភ្នែកដែរ។
២- ជួយរក្សាតុល្យភាពជាតិស្ករក្នុងឈាម
ជាតិសរសៃក្នុងការ៉ុត ជួយរក្សាកម្រិតជាតិស្ករក្នុងឈាម កម្រិតអាំងស៊ុយលីន និងសុខភាពផ្លូវដង្ហើម។
៣- ជួយរក្សាទម្ងន់
ក្នុងការ៉ុត ១ មើម មានជាតិទឹករហូតដល់ ៨៨% ហើយការ៉ុតមានកាល់ឡូរីទាបមែនទែន ដោយទឹកការ៉ុត ១ កែវ មានត្រឹមតែ ៥២ កាល់ឡូរីប៉ុណ្ណោះ។ ដូច្នេះ ការញ៉ាំការ៉ុត មិនបង្កឲ្យឡើងទម្ងន់ទេ។
៤- ជួយកាត់បន្ថយហានិភ័យមហារីក
សារធាតុអុកស៊ីតកម្មក្នុងការ៉ុត ពាក់ព័ន្ធនឹងការកាត់បន្ថយហានិភ័យនៃជំងឺមហារីកជាច្រើនប្រភេទ ដូចជា មហារីកសួត ក្រពេញប្រូស្ដាត និងឈាម។ ការសិក្សាមួយនៅក្នុងកាសែតអាហារបំប៉នរបស់អាមេរិក American Journal of Clinical Nutrition រកឃើញថា អ្នកញ៉ាំសារធាតុអុកស៊ីដង់ Carotenoid មានហានិភ័យទាបជាង ២១% ប្រឈមនឹងមហារីកសួត។
៥- ជួយដល់សម្ពាធឈាម
ជាតិប៉ូតាស្យូមក្នុងការ៉ុត មានមុខងារសំខាន់ជួយដល់សម្ពាធឈាម ដោយរក្សាតុល្យភាពកម្រិតជាតិសូដ្យូម និងសម្អាតជាតិសូដ្យូម ចេញពីរាងកាយ ដែលជួយដល់ដំណើរការរបស់បេះដូង។
៦- ជួយកាត់បន្ថយហានិភ័យជំងឺបេះដូង
ការសិក្សាមួយរបស់ហូឡង់ បានពិនិត្យមើលលើក្រុមបន្លែ និងផ្លែឈើ ជួយការពារដល់បេះដូង ដោយអ្នកស្រាវជ្រាវរកឃើញថា ការ៉ុតពាក់ព័ន្ធជាមួយហានិភ័យទាបជាង ៣២% នៃការកើតជំងឺបេះដូង។
៧- ជួយដល់ប្រព័ន្ធការពារ
វីតាមីន C ក្នុងការ៉ុត គឺសំខាន់ចំពោះប្រព័ន្ធការពារ និងការព្យាបាល។ ចំណែកវីតាមីន A ក្នុងការ៉ុត ក៏ជួយដល់ប្រព័ន្ធការពារ ក្នុងការកម្ចាស់បាក់តេរី ចេញពីរាងកាយផងដែរ។
៨- ក៏ជាអាហារបំប៉នផងដែរ
ក្រៅពីមុខងារសំខាន់ៗ ៧ ខាងលើ ការ៉ុត ជាអាហារបំប៉ន មានវីតាមីន B និងវីតាមីន K ជួយការពារការរលាក សុខភាពខួរក្បាល និងថ្លើម និងបង្កើនថាមពលផងដែរ។
[embed-health-tool-bmr]