តាមក្បួនពេទ្យតម្រូវឲ្យមនុស្សម្នាក់ៗញ៉ាំទឹកឲ្យបានច្រើន ពី ២-៣ លីត្រ/ថ្ងៃ នោះទើបមានសុខភាពល្អ តែបើមិនសូវផឹកទឹកនោះទេ អាចនាំឲ្យកើតក្រួសក្នុងតម្រងនោមបាន។ នេះបើតាមបើតាមសម្ដីលោកវេជ្ជបណ្ឌិតផ្នែកទូទៅ លី ឬទ្ធីគុណ និងជាម្ចាស់សេវាកម្មថែទាំមនុស្សចាស់តាមគេហដ្ឋាន បានបញ្ជាក់។
វេជ្ជបណ្ឌិតវ័យ ២៩ ឆ្នាំរូបនេះបានបន្តទៀតថា មូលហេតុធ្វើឲ្យកើតក្រួសក្នុងតម្រងនោមមកពីមិនផឹកឲ្យបានច្រើន “អ្នកមានបញ្ហាក្រួសក្នុងតម្រងនោមមកពីមិនសូវផឹកទឹកឲ្យបានគ្រប់គ្រាន់ ដូចនេះមិនថាក្រោយញ៉ាំអាហាររួច ឬពេលណាឡើយ យើងត្រូវឧស្សាហ៍ផឹកទឹក”។
អត្ថបទពាក់ព័ន្ធ៖ប្រយ័ត្ន! ក្រៅពីស្រា ភេសជ្ជៈផ្អែមៗ ក៏បណ្ដាលឲ្យខូចតម្រងនោមដែរ
ការផឹកទឹកពេលកំពុងញ៉ាំចំណី ឬក្រោយពេលញ៉ាំអស់ភ្លាម និងក្រោយ ១០ នាទី ក៏មិនអីដែរ ព្រោះនោះជាទម្លាប់របស់មនុស្សម្នាក់ៗ តែធ្វើយ៉ាងណាឲ្យតែបានផឹក។ ដូចនេះហើយយើងគួរតែផឹកទឹកឲ្យបានបាន ព្រោះវាល្អចំពោះសុខភាព ហើយក៏អាចធ្វើឲ្យអារម្មណ៍ល្អផងដែរ។ ចំណែករឿងដែលគេនិយាយថា ការទប់នោមយូរក៏ជាមូលហេតុដែរនោះ វាមិនមែនជាការពិតឡើយ ព្រោះនោះវាត្រឹមតែធ្វើឲ្យរលាកប្លោកនោមប៉ុណ្ណោះ។
រីឯមូលហេតុមួយទៀតដែលនាំឲ្យកើតក្រួសក្នុងតម្រងនោមដែរនោះ គឺមកពីជាតិកាល់ស្យូមកើតឡើងច្រើន និងបណ្តាលមកពីការប្រើប្រាស់ថ្នាំច្រើនពេក ជាពិសេសថ្នាំដែលមានជាតិកាល់ស្យូម។
រោគសញ្ញាមានជំងឺក្រួសក្នុងតម្រងនោមមានដូចជា ឈឺចាប់ធ្ងន់ត្រង់ចង្កេះខាងក្រោយ ទឹកនោមមានពណ៌ផ្កាឈូក ឬក្រហម ទឹកនោមមានពពុះ ឬក្លិនឆួល ពិបាកក្នុងការបត់ជើងតូច នោមញាប់ជាងធម្មតា តែទឹកនោមតិច និងមានអាការៈគ្រុនក្តៅ និងគ្រុនញាក់ជាដើម ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]