ភេសជ្ជៈប្រភេទ Soft Drink មានជាតិស្ករផ្អែមច្រើន កាលណាដែលស្រូបចូលក្នុងរាងកាយច្រើន បណ្តាលឱ្យកម្រិតកាល់ស្យូមគ្មានតុល្យភាព ជាហេតុបណ្តាលឱ្យដង់ស៊ីតេឆ្អឹងធ្លាក់ចុះ នាំឱ្យកើតជំងឺពុកឆ្អឹងបាន។
តាមការសិក្សាថ្មីចុងក្រោយ បានពិនិត្យមើលទិន្នន័យពីរបបអាហាររបស់ស្រ្តីជាអ្នកចូលរួមស្ម័គ្រចិត្តប្រមាណជិត៧ម៉ឺននាក់ តាមរយៈការផ្តល់ព័ត៌មានពី អ្នកចូលរួមទាំងនោះ។ លទ្ធផលបានបង្ហាញឱ្យឃើញថា ស្ត្រីចូលរួមដែលញ៉ាំប្រភេទភេសជ្ជៈជាតិស្ករ ជាមធ្យម១៤កំប៉ុង ក្នុង១សប្តាហ៍ ឬ២កំប៉ុងក្នុង១ថ្ងៃ មានហានិភ័យនៃជំងឺពុកឆ្អឹងកើនឡើងដល់ទៅ ២៦% ទៅ៣២% បើប្រៀបទៅនឹង អ្នកដែលពុំបានញ៉ាំភេសជ្ជៈ ប្រភេទ Soft Drink នោះ។
ដោយផ្អែកតាមការសិក្សាពីមុនៗ ក្រៅពីពពួកភេសជ្ជៈជាតិផ្អែម គ្រឿងស្រវឹង ពពួកអាល់កុល ក៏បង្កផលប៉ះពាល់ដល់ឆ្អឹងផងដែរ ដោយសមាសធាតុនៅក្នុងភេសជ្ជៈទាំងនោះ ទៅរារាំងការស្រូបកាល់ស្យូមរបស់រាងកាយ ព្រមទាំងបានសម្លាប់កោសិកាបង្កើតឆ្អឹង និងបំផ្លាញកោសិកាសរសៃប្រសាទមនុស្ស។
អត្ថបទពាក់ព័ន្ធ៖
- Osteoporosis (ពុកឆ្អឹង)
- ឧស្សាហ៍ញ៉ាំផ្អែម គួរប្តូរពីភេសជ្ជៈជាតិស្ករខ្ពស់ មកញ៉ាំទឹក កាត់ហានិភ័យទឹកនោមផ្អែមបានច្រើន
ក្រុមអ្នកស្រាវជ្រាវ នៃព្រឹត្តិបត្រវេជ្ជសាស្រ្ត Menopause សហរដ្ឋអាមេរិកដែលបានស្រាវជ្រាវបញ្ហាខាងលើនេះ បានដាស់តឿនជាពិសេស អ្នកចូលចិត្តញ៉ាំភេសជ្ជៈជាតិស្ករ គួរគិតគូរកាត់បន្ថយក្នុងរបបអាហារដើម្បីសុខភាព។ ដោយឡែក ករណីខាងលើនេះ ក្រុមអ្នកស្រាវជ្រាវនឹងបន្តសិក្សាលម្អិតបន្ថែមដើម្បីរកទំនាក់ទំនងនៃជំងឺពុកឆ្អឹង នឹងមូលហេតុបង្កចម្បងផ្សេងៗទៀត៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]