ប្រមាត់ត្រីប្រភេទខ្លះមានផ្ទុកនូវសារធាតុពុលមួយចំនួនដូចជា សារធាតុ 5α cyprinol sulfate ញ៉ាំទៅអាចគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ធ្វើឲ្យពុលតម្រងនោមស្រួលស្រាវ។ នៅស្រុកខ្មែរប្រមាត់ត្រីដែលបង្កឲ្យពុលញឹកញាប់មាន២ប្រភេទ គឺប្រមាត់ត្រីក្អែក និងប្រមាត់ត្រីត្រសក់ នេះបើតាមប្រភព មន្ទីរពេទ្យកាល់ម៉ែត។
១. រោគសញ្ញាពុលប្រមាត់ត្រី
កម្រិតនៃការពុលតិចតួច ឬធ្ងន់ធ្ងរ អាស្រ័យនឹងបរិមាណប្រមាត់ត្រីដែលបានញ៉ាំ ដែលអ្នកជំងឺភាគច្រើនកើតមានអាការៈឈឺពោះខ្លាំង ក្អួត រាក នៅប៉ុន្មានម៉ោងក្រោយញ៉ាំប្រមាត់ត្រី។ ៤៨-៧២ម៉ោងក្រោយ អ្នកជំងឺចាប់ផ្តើមមានរោគសញ្ញានៃការពុលតម្រងនោម ដូចជា ហើម នោមតិច ឬគ្មានទឹកនោម ហើយពេលខ្លះអាចមានរោគសញ្ញានៃការពុលថ្លើមផងដែរ ដូចជា ភ្នែក និងស្បែកឡើងពណ៌លឿងជាដើម។
២. ការព្យាបាលអាការៈពុលប្រមាត់ត្រី
រាល់ការពុលប្រមាត់ត្រីទាំងអស់ អ្នកជំងឺត្រូវព្យាបាលដោយយកចិត្តទុកដាក់ ពីព្រោះក្នុងករណីអាចមានអាការៈពុលដល់តម្រងនោម ធ្វើឲ្យសុខភាពកាន់តែប្រឈមធ្ងន់ធ្ងរ ទាល់តែព្យាបាលជាមួយពេទ្យជំនាញជាបន្ទាន់។
ចំពោះមូលហេតុដែលបណ្តាលឲ្យពុលប្រមាត់ត្រី ដោយសារពលរដ្ឋខ្មែរយើង នៅមានទម្លាប់ប្រើប្រាស់ថ្នាំបុរាណក្នុងការព្យាបាលជំងឺ ហើយប្រមាត់ត្រីត្រូវបានគេចាត់ទុកជាថ្នាំមួយប្រភេទសម្រាប់បំប៉នសុខភាព ជំនួយភ្នែក ព្យាបាលគ្រុនក្ដៅ ឬជំងឺហឺតជាដើម។
អត្ថបទពាក់ព័ន្ធ៖
- សាច់មាន់ប្រើថ្នាំផ្សះលើសកម្រិត ញ៉ាំទៅប៉ះពាល់សុខភាពធ្ងន់ធ្ងរណាស់!
- ក្រសួងសុខាភិបាល៖ កុំញ៉ាំត្រីក្រពត ៣ ប្រភេទ មានជាតិពុល បណ្តាលឲ្យស្លាប់
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]