គ្នាយើងដឹងហើយថា ការហាត់ប្រាណ គឺល្អសម្រាប់សុខភាព ព្រោះវាជួយដល់ការដុតកាឡូរី សម្រួលចលនាបេះដូង និងឈាម រួមជាមួយមុខងារចងចាំរបស់យើង។ តែការហាត់ប្រាណពេលព្រឹក រឹតតែផ្ដល់អត្ថប្រយោជន៍ល្អ ចំពោះសុខភាពយើងទៀត បើយើងអាចជំនះឧបសគ្គការងើបពីគេងពេលព្រឹកបាន។
ខាងក្រោមនេះ ជាអត្ថប្រយោជន៍ ៤យ៉ាង នៃការហាត់ប្រាណពេកព្រឹក៖
១. បង្កើនថាមពលខួរក្បាល
ការហាត់ប្រាណពេលព្រឹក ជួយសម្រួចខួរក្បាល និងរាងកាយ ពេញមួយថ្ងៃ។ យើងដឹងហើយ ការហាត់ប្រាណ ជួយឲ្យខួរក្បាល បង្កើនការផ្ដោតអារម្មណ៍ក្នុងការគិតបានល្អ ហើយវាមានរយៈពេលរហូតដល់ ១០ម៉ោង ក្រោយការហាត់ប្រាណ។ ដូច្នេះ ប្រសិនយើងហាត់ប្រាណនៅពេលល្ងាច វាមិនសូវមានអត្ថប្រយោជន៍នោះទេ ដោយសារក្រោយហាត់ប្រាណ យើងជិតដល់ពេលចូលគេងហើយ។ ដូច្នេះ ការហាត់ប្រាណពេលព្រឹក គឺជាជម្រើសល្អមួយ ដែលជួយសម្រួចខួរក្បាល សម្រាប់ការសិក្សា និងបំពេញការងារ ពេញមួយថ្ងៃ។
២. ជួយដល់សរសៃឈាមបេះដូង
ការហាត់ប្រាណពេលព្រឹក ពិតជាជួយធ្វើឲ្យបេះដូងរបស់យើងល្អជាងមុន។ ហេតុអ្វី? កត្ដាមួយដែលធ្វើយើងភ្ញាក់ពីគេង គឺរាងកាយយើង មានការកើនឡើងកម្រិតអ័រម៉ូន Adrenaline បណ្ដាលឲ្យបេះដូងរបស់យើង ដើរលឿនជាងមុនបន្ដិច។ នេះមានន័យថា យើងអាចទទួលអត្ថប្រយោជន៍បេះដូងបន្ថែមទៀត នៅពេលយើងហាត់ប្រាណពេលព្រឹក។ ប៉ុន្ដែអ្នកមានជំងឺបេះដូង គួរពិគ្រោះជាមួយគ្រូពេទ្យសិន មុនសម្រេចចិត្តហាត់ប្រាណ។
៣. ជួយសម្រកទម្ងន់
ប្រសិនបើគ្នាយើង ចង់សម្រកទម្ងន់ ការហាត់ប្រាណ ឬទៅ Gym នៅពេលព្រឹក ជាជម្រើសល្អមួយ ព្រោះវាជួយយើង មិនឲ្យឃ្លានអាហារខ្លាំង ពេញមួយថ្ងៃ។ ជាងនេះទៅទៀត វាជួយឲ្យរាងកាយយើង ដុតកាឡូរីលឿនជាងមុន និងមានប្រសិទ្ធភាពជាមុន។
៤. បង្កើនថាមពល
ការហាត់ប្រាណពេលព្រឹក ជួយបញ្ចេញអ័រម៉ូន Endorphins ដែលជួយឲ្យអារម្មណ៍ល្អ និងបង្កើនថាមពល ហើយវាស្ថិននៅក្នុងខ្លួន រហូតដល់ពេលរសៀល។ ជាងនេះទៅទៀត ការហាត់ប្រាណពេលព្រឹក ជួយឲ្យគេងលក់ស្រួល ជាងការហាត់ប្រាណនៅពេលល្ងាច។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-heart-rate]