ហាត់ប្រាណទាំងមានអាការៈឈឺចាប់លើរាងកាយល្អ ឬអត់?
អ្នកណាក៏ដូចអ្នកណា ក្រោយពេលហាត់ប្រាណហើយ រាងកាយយើងច្បាស់ជាឈឺចុកចាប់ ពិសេសនោះគឺសាច់ដុំតែម្ដង ព្រោះប្រើវាខ្លាំងអំឡុងពេលហាត់ប្រាណ ឬលេងកីឡា។ អាការៈឈឺចាប់លើរាងកាយក្រោយលេងកីឡា ឬហាត់ប្រាណ មិនបង្កជាបញ្ហាធំដុំគួរឲ្យបារម្ភទេ ប៉ុន្តែ បើយើងប្រឹងហាត់ប្រាណទាំងឈឺខ្លួនបែបនេះវាល្អដល់រាងកាយ និងសុខភាពឬអត់? តាមពិតទៅ អាការៈឈឺចាប់លើរាងកាយជារឿយៗ តែងតែកើតមានឡើងក្រោយពេលយើងហាត់ប្រាណ ឬលេងកីឡា ប៉ុន្តែយើងនៅតែអាចបន្តហាត់ប្រាណ ឬធ្វើសកម្មភាពរាងកាយបានធម្មតា។ យ៉ាងណាមិញ យើងក៏ត្រូវចេះសង្កេតមើលស្ថានភាពរាងកាយយើងដែរ ព្រោះកាលណាបើយើងឈឺលើរាងកាយ ហើយខំប្រឹងហាត់ប្រាណ ឬលេងកីឡាខ្លាំងពេក ក៏វាអាចបង្កឲ្យមានរបួសសាច់ដុំ ឬកើតជាជំងឺរលាកសន្លាក់ក៏ថាបាន។ បើយើងស្ពឹកសាច់ដុំតិចៗ៖ ក្នុងករណីយើងគ្រាន់តែស្ពឹកសាច់ដុំតិចតួច យើងគួរបន្តហាត់ប្រាណបែប Cardio ឬក្បាច់ពត់ខ្លួនស្រាល ដើម្បីសម្រួលដល់បញ្ហាស្ពឹកសាច់ដុំ។ ម៉្យាងវិញទៀតវាក៏ជួយដល់លំហូរឈាមក្នុងរាងកាយយើងបានផងដែរ។ បើយើងឈឺលើរាងកាយ៖ ពេលដែលយើងឈឺចាប់លើរាងកាយ យើងអាចសម្រាកមួយថ្ងៃ ឬពីរសិន ឬបើមិនចង់អត់ហាត់ប្រាណ យើងអាចដើរ ឬហាត់ប្រាណក្បាច់ពត់ខ្លួនណាស្រាលៗ ចៀសវាងដាក់សម្ពាធកាន់តែខ្លាំងទៅលើសាច់ដុំ និងរាងកាយ។ បើយើងឈឺចាប់ខ្លាំង៖ ក្នុងករណីយើងឈឺចាប់លើរាងកាយខ្លាំង រហូតពិបាកធ្វើសកម្មភាពប្រចាំថ្ងៃដូចជា លើកដៃ ឬដើរ។ល។ យើងគួរសម្រាករហូតអាការៈធូរស្រាលទៅវិញសិន សឹមបន្តហាត់ប្រាណ ឬលេងកីឡា ប៉ុន្តែមិនត្រូវប្រើកម្លាំងខ្លាំងពេកនោះទេ។ តិចនិកដោះស្រាយអាការៈឈឺចាប់លើរាងកាយ ១. ម៉ាស្សាអាចនាំយកឈាមទៅសាច់ដុំដែលឈឺចាប់ដើម្បីសម្រួលអាការៈឈឺចុកចាប់ តែបើធ្វើជ្រុលវាអាចបណ្ដាលឲ្យយើងឈឺសាច់ដុំកាន់តែធ្ងន់ដូចគ្នា។ បន្ថែមពីលើនេះ យើងត្រូវញ៉ាំទឹកឲ្យបានច្រើន។ ២. យើងក៏អាចប្រើថ្នាំបំបាត់ការឈឺចាប់ដោយគ្មានវេជ្ជបញ្ជាបាន ប៉ុន្តែយើងត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន ព្រោះវាអាចបណ្ដាលឲ្យមានផលរំខាន។ ៣. ដើម្បីបំបាត់អាការៈឈឺចាប់លើរាងកាយ យើងក៏អាចសម្រួលអាការៈដោយការស្អំទឹកកក […]